ក្រុង​ស៊ីដនី៖ ​យោង​តាម​ការ​សិក្សា​មួយ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ដែល​ផ្តល់​ភ័ស្តុតាង​ថ្មី​អំពី​មហិច្ឆតា​ជា​សកល​របស់​ក្រុង​ប៉េកាំង​ បាន​ឲ្យ​ដឹង​ថា សម្រាប់​ជា​លើក​ដំបូង​ហើយ​ ប្រទេស ​ចិន​ មាន​ស្ថាន​កុងស៊ុល​ការទូត​នៅ​ជុំវិញ​ពិភព​លោក​ច្រើន​ជាង​អាមេរិក​។

វិទ្យាស្ថាន ​Lowy របស់​អូស្ត្រាលី​ ​បាន​រាយការណ៍​ថា​ ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​លំដាប់​ថ្នាក់​បណ្តាញ​ការ​ទូត​របស់​ប្រទេស ​ចិន ​បាន​បន្ត​នៅ​ក្នុង​ឆ្នាំ ​២០១៩ ​ដោយ​ត្រូវ​បាន​ជំរុញ​ឲ្យ​បើក​ស្ថាន​កុងស៊ុល​ការ​ទូត​ជា​ច្រើន​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ធ្លាប់​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​។

ក្រុម​អ្នក​និពន្ធ​នៃ​សន្ទស្សន៍​ការ​ទូត​ពិភព​លោក​រៀងរាល់ ​២ ​ឆ្នាំ​ម្តង​ បាន​និយាយ​ថា ​ដោយ​មាន​​កុងស៊ុល​​ចំនួន ​២៧៦ ​កន្លែង ​នៅ​ទូទាំង​ពិភព​លោក​សម្រាប់​លើក​ដំបូង ​ហើយ​ប្រទេស​ ​ចិន​ បាន​​​លើស​បណ្តាញ​ទំនាក់​ទំនង​ការ​ទូត​របស់​អាមេរិក​ត្រឹម​តែ ​៣ ស្ថាន​កុងស៊ុល​ការ​ទូត​ប៉ុណ្ណោះ។​

នៅ​ក្នុង​លទ្ធផល​ ដែល​ទំនង​ជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ចង្អុល​បង្ហាញ​ចំពោះ​ការ​ផ្លាស់ប្តូរ​​​ភូមិសាស្ត្រ​នយោបាយ​នោះ ក្រុម​អ្នក​និពន្ធ​បាន​និយាយ​ថា ​ការ​ទូត​របស់​អាមេរិក​ បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​មួយ​ ដោយសារ​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​កាត់​បន្ថយ​ថវិកា​ និង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​រក្សា​ទុក​ក្រុម​អ្នក​ការ​ទូត​អាជីព​នោះ​។

លោក វ៉ា​ង​ យី​ (ស្តាំ) ជួប​ពិភា​ក្សាជាមួយ​អ​តី​ត​រដ្ឋ​មន្ត្រីការបរ​ទេស​អុីរ៉ាក់​​លោក Ayad Allawi។ រូបថត AFP

អាមេរិក​មិន​បាន​បើក​ស្ថាន​កុងស៊ុល​ថ្មី​ទេ​​ និង​បាន​បង្ខំ​បិទ​ស្ថាន​កុងស៊ុល​នៅ​ក្នុង​ក្រុង​ Saint Petersburg ​ស្រប​ពេល​មាន​ការ​បណ្តេញ​អ្នក​ការ​ទូត​ បន្ទាប់​ពី​មាន​ការ​បំពុល​អតីត​ចារបុរស​រុស្ស៊ី ​​​លោក​ Sergei Skripal ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នោះ​។

ប៉ុន្តែ​អាមេរិក​នៅ​តែ​ជា​កន្លែង​ដ៏​ពេញ​និយម​បំផុត​ ដែល​មាន​ស្ថានទូត ​ឬ​ស្ថាន​កុងស៊ុល​ដោយ​ប្រទេស​ចំនួន ​៦១ ​មាន​ស្ថាន​កុងស៊ុល ​៣៤២ ​ទល់​នឹង​ស្ថាន​កុងស៊ុល​ការ​ទូត​បរទេស​ ​២៥៧ ​នៅ​ក្នុង​ប្រទេស ចិន​។​​

នៅ​ពេល​ជាមួយ​គ្នា​នោះ ​ទំនាក់​ទំនង​របស់​ក្រុង​ប៉េកាំង​ បាន​បន្ត​រីក​ចម្រើន​ ដោយ​ស្ថាន​កុងស៊ុល​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​​ប្រទេស ​បួគីណាហ្វា​សូ សាធារណ​រដ្ឋ​ដូមីនីក​ អែល- សាល់វ៉ាឌ័រ​ ហ្គំប៊ី ​និង​សៅតូមេ និង​ប្រាំងស៊ីប​ ដែល​ប្រទេស​​ទាំង​អស់​នេះ ​គឺ​ជា​អតីត​មិត្ត​របស់​ក្រុង​តៃប៊ិ។

សន្ទស្សន៍​នេះ​ អាច​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ឥទ្ធិពល​យ៉ាង​ច្បាស់ ​ជា​ចំនួន​នៃ​អគារ​ទាំង​អស់​នៅ​ជុំវិញ​​​​ពិភ​ពលោក​​ផ្តល់​ការ​ចង្អុល​ឲ្យ​ឃើញ​ថា​តើ​អ្នក​ការ​ទូត​ធ្វើ​ការ​នៅ​ទី​នោះ​នឹង​មាន​ប្រសិទ្ធភាព​ប៉ុនណា?​

ប៉ុន្តែ​ការ​សិក្សា​នេះ​ ផ្តល់​ឲ្យ​របាយការណ៍​អំពី​និន្នាការ​នយោបាយ​​ប្រែប្រួល​យ៉ាង​ទូលំ​ទូលាយ​។

ទោះបី​ជា​មាន​ការ​សន្យា​បង្កើត ​«ចក្រភព​អង់គ្លេស​សកល​មួយ»​ ដោយ​គ្មាន សមាជិកភាព​របស់​សហភាព​អឺរ៉ុប​ក្តី ​ក៏​អង់គ្លេស​បាន​​ធ្លាក់​ចំណាត់​ថ្នាក់​ដល់​ទី ១១ ​នៅ​ក្រោម​ប្រទេស ​អ៊ីតាលី ​អេស្ប៉ាញ​ និង​ប្រេស៊ីល​។

ទន្ទឹម​គ្នា​នោះ ​ប្រទេស ​អៀរឡង់ ​និង​ហូឡង់​ បាន​បង្កើន​បណ្តាញ​ទំនាក់​ទំនង​ការ​ទូត​របស់​ពួក​គេ​ដែរ​ ​ដោយ​​មាន​​​ស្ថាន​កុងស៊ុល​ ​៦ ​ប៉ុណ្ណោះ ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ Brexit របស់​ពួក​គេ​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​៕ AFP/PSA