បុរីញូវយ៉កៈ ប្រេសិត​ពិសេស​ចិន កាល​ពី​ថ្ងៃ​ពុធ បាន​អំពាវនាវ​សុំ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង ដើម្បី​ជួយ​បង្កើន​សមត្ថភាព​របស់​ប្រទេស អាហ្វហ្គានីស្ថាន សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​រក្សាស្ថិរភាព។

លោក Ma Zhaoxu តំណាង អចិន្រៃ្តយ៍​របស់​ប្រទេស ចិន ប្រចំា​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តី​សង្ឃឹមថា បេសកកម្ម​ជំនួយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន (UNAMA) នឹង​បន្ត​ជួយ​ប្រទេស​នេះ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​សន្តិសុខ។

លោក​បាន​ថ្លែង​ប្រាប់​ជំនួប​ក្រុមប្រឹក្សា​សន្តិសុខ​ស្តីពី​អាហ្វហ្គានីស្ថាន​ថា សហគមន៍​អន្តរជាតិ​គួរ​តែ​ជួយ ពង្រឹង​ការ​សម្របសម្រួល និង​កិច្ច​សហប្រតិបត្តិការ ​ដើម្បី​គាំទ្រ​ដល់​ប្រទេស អាហ្វហ្គានីស្ថាន នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ដើម្បី​ឆ្លើយ​តប​ទៅនឹង​អំពើ​ភេរវកម្ម អំពើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​ជួញដូរ​គ្រឿងញៀន និង​ការ​គំរាម​កំហែង​ដទៃ​ទៀត។

លោក​បាន​ថ្លែង​ថា​ ថ្មីៗ​នេះ​ជម្លោះ​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស ​ខណៈ​ដែល មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​រង​ប៉ះពាល់​ដោយ​​គ្រោះ​រាំង​ស្ងួត ​នៅ​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌។

លោក ​Ma Zhaoxu បាន​ថ្លែង​ថា​ សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើ​ការ​ប្តេជ្ញាចិត្ត​​ផ្តល់​ជំនួយ​ដល់​អាហ្វហ្គានីស្ថាន និង​ជួយ​ប្រជាជន​អាហ្វហ្គានីស្ថាន ​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ ​និង​ជួយ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ដល់​ស្ថានភាព​មនុស្ស​​របស់​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ប្រទេស​ជិត​ខាង ​និង​ជួយ​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ភៀស​ខ្លួន​។ ​

ឯកអគ្គ​រដ្ឋទូត​រូប​នេះ ​ក៏​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​នេះ​ប្រសើរ​ឡើង​ផង​ដែរ៕ Xinhua/PSA