ក្រុង​ការ៉ាកាសៈ​ ​ប្រទេស ​ចិន ​និង​អេស្ប៉ាញ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​យល់​ព្រម​​ជួយ​វ៉េណេស៊ុយអេឡា​ ស្តារ​ឲ្យ​មាន​​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​ ខណៈ​លោក​ប្រធានាធិបតី ​នីកូឡាស ​ម៉ាឌូរ៉ូ ​បាន​ខិត​​ខំ​ប្រឹងប្រែង​ទប់ស្កាត់​កំហឹង​សាធារណៈ​ដែល​កំពុង​គំាទ្រ​គូ​ប្រជែង​លោក​ Juan Guaido ​គាំទ្រ​ដោយ​អាមេរិក។

ការ​ដាច់​អគ្គិសនី​ដ៏​ធំ​ធេង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​វ៉េណេស៊ុយអេឡា​យ៉ាង​ខ្លាំង​ជិត ​១ ​សប្តាហ៍​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ស្រាប់​នៅ​ក្នុង​ប្រទេស​នេះ​ ធ្លាក់ចុះ​​កាន់​តែ​ជ្រៅៗ​ទៅ​។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ចាប់​តាំង​ពី​ពេល​នោះ​មក ​អគ្គិសនី​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ភាគ​ច្រើន​នៃ​ក្រុង​ការ៉ាកាស​ ចំណែក​ទឹក​ កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​ចូល​ និង​នៅ​ភាគ​ខាង​លិច​មួយ​ភាគ​ធំ​នៃ​ប្រទេស​ នៅ​មិន​ទាន់​មាន​អគ្គិសនី​ប្រើ​​​ទេ។ ​​​

ខណៈ​ប្រទេស​ភាគ​ច្រើន​នៅ​អាមេរិក​ឡាទីន ​និង​អឺរ៉ុប​ បាន​គាំទ្រ​លោក​ Guaido​ ដោយ​មាន​ទស្សនៈ​មួយ​បង្ខំ​ឲ្យ​​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​វ៉េណេស៊ុយអេឡា ​លោក​ ម៉ាឌូរ៉ូ ​បាន​ការ​គាំទ្រ​ពី​រុស្ស៊ី ​និង​ចិន ​ម្ចាស់​បំណុល​ធំៗ ​និង​​បណ្តា​ក្រុម​អ្នក​ទិញ​ប្រេង​របស់​វ៉េណេស៊ុយអេឡា​។

ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​ពុធ ​បាន​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​ជួយ​វ៉េណេស៊ុយអេឡា​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Lu Kang ​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រុង​ប៉េកាំង​ថា​៖​ «​​​ប្រទេស ​ចិន ​ស​ង្ឃឹម​ថា វ៉េណេស៊ុយអេឡា​ ​អាច​រក​ឃើញ​ពី​មូលហេតុ​នៃ​ឧប្បត្តិហេតុ​នេះ ​និង​ស្តារ​អគ្គិសនី ​និង​​សណ្តាប់​ធ្នាប់​សង្គម​ឲ្យ​ដូច​ដើម​វិញ»។ ​​

សមា​ជិក​ប៉ូលិសជា​តិ​​ ចេញ​ល្បាតនៅក្នុង​ក្រុង​​​អំឡុង​ពេលដាច់ច​រន្ត​អគ្គិសនី​។ AFP

លោក Lu បាន​ថ្លែង​ទៀត​ថា៖ ​«ចិន​មាន​ឆន្ទៈ​ផ្តល់​ជំនួយ​ និង​ជំនួយ​បច្ចេកទេស​ដល់​វ៉េណេស៊ុយអេឡា ​ជួសជុល​បណ្តាញ​អគ្គិសនី​ឡើង​វិញ​»។

អ្នក​នាំ​ពាក្យ​នោះ​ បាន​និយាយ​ថា ​ចិន​ព្រួយ​បារម្ភ​អំពី​របាយការណ៍​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​តាម​បណ្តាញ​អ៊ីនធឺណិត ​ប៉ុន្តែ​បដិសេធ​មិន​ស្តី​បន្ទោស ​US ​ដោយ​ផ្ទាល់​ទេ​។ ​​​​

អេស្ប៉ាញ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ​EU ជា​ច្រើន​ទៀត​ដែល​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក៏​សុខ​ចិត្ត​ជួយ​ជួសជុល​បណ្តាញ​ចរន្ត​អគ្គិសនី​របស់​វ៉េណេស៊ុយអេឡា​ដែរ។

យោង​តាម​ Ecoanalitica ​ជា​ក្រុមហ៊ុន​វិភាគ​សេដ្ឋកិច្ច ​បាន​ឲ្យ​ដឹង​ថា​ ការ​ដាច់​អគ្គិសនី​ត្រឹម​ថ្ងៃ​អង្គារ​ បាន​ធ្វើ​ឲ្យ​ប្រទេស ​វ៉េណេស៊ុយអេឡា​ ខាតបង់​ប្រាក់ ​៨៧៥ ​លាន​ដុល្លារ​។ ​

ក្រុមហ៊ុន​​វិភាគ​សេដ្ឋកិច្ច​នេះ ​ បាន​និយាយ​ទៀត​​ថា៖ ​«មាន​ការ​ជាប់​គាំង​នៅ​ក្នុង​តំបន់​សំខាន់ៗ ​ជា​ពិសេស​នៅ​ក្នុង​​តំបន់​ដែល​មាន​​ផលិតកម្ម​​នៃ​ប្រទេស​នេះ​៕ AFP/PSA