បុរី​ញូវយ៉ក៖ ​ប្រទេស​ចិន​ រុស្ស៊ី​ និង​ប្រទេស ​២៤ ​ផ្សេង​ទៀត​ បាន​អំពាវនាវ​ឱ្យ​អាមេរិក ​និង​ក្រុម​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​​ត្រូវ​បញ្ចប់​ការ​ប្រើប្រាស់​នៃ​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ ដែល​ពួក​គេ​បាន​ថ្លែង​​ថា ​​ការ​ដាក់​ទណ្ឌកម្ម​នេះ​ វា​បាន​ធ្វើ​ឱ្យ​ពិបាក​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ជាមួយ​ការ​ឆ្លង​រាលដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​​​នេះ​​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បាន​អាន​ដោយ​ប្រេសិត​ពិសេស​របស់​ប្រទេស​ចិន​ គឺ​លោក ​ហ្ស៊ាង ​ចុន​ នៅ​ឯ​អង្គការ​សហប្រជាជាតិ​ពួក​គេ​បាន​ចោទ​ប្រកាន់​អាមេរិក​ ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​រើសអើង​ពូជ​សាសន៍​ជា​ប្រព័ន្ធ​ និង​រារាំង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដែល​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ក្រុម​ប្រទេស​ទាំង​នោះ​។​

ក្រុម​ប្រទេស​ទាំង​នោះ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ និង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ពី​ជំងឺ​កូវីដ ​១៩ ​ឡើង​វិញ​ បាន​តម្រូវ​ឱ្យ​មាន​ការ​សាមគ្គីភាព ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជា​សកល​»​។​

ពួក​គេ​បាន​ថ្លែង​ថា៖ «​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​បាន​បន្ត​ធ្វើ​ជា​សាក្សី​ អំពី​ការ​អនុវត្ត​វិធានការ​បង្ខិត​បង្ខំ​ជា​ឯកតោ​ភាគី​ ដែល​ផ្ទុយ​ទៅ​នឹង​គោល​បំណង ​និង​គោលការណ៍​ច្បាប់​អន្តរជាតិ​ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​»​។​

«យើង​ត្រូវ​ចាប់​យក​ឱកាស​នេះ​ ដើម្បី​អំពាវនាវ​ឱ្យ​ដក​ចេញ​វិធានការ​បង្ខិតបង្ខំ​ជា​ឯកតោ​ភាគី​ឱ្យ​បាន​ពេញលេញ​ និង​ជា​បន្ទាន់​ក្នុង​គោល​បំណង ​ដើម្បី​ធានា​ទាំង​ស្រុង​អំពី​ប្រសិទ្ធភាព​ និង​សមត្ថភាព​ឆ្លើយ​តប​របស់​សមាជិក​សហគមន៍​អន្តរជាតិ​ទាំង​អស់​ទៅ​នឹង​ជំងឺ​កូវីដ ​១៩​ ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​​នៅ​ពេល​បច្ចុប្បន្ន»​។​

សេចក្តី​ថ្លែងការណ៍​នោះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចិន​ កូរ៉េខាងជើង​ អ៊ីរ៉ង់​ នីការ៉ាហ្គា​ វ៉េណេស៊ុយអេឡា​ និង​ក្រុម​ប្រទេស​ផ្សេង​ទៀត ​ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​​ពួក​គេ​។​

សេចក្តី​ថ្លែងការណ៍​បាន​ធ្វើ​ទៅ​កាន់​គណៈកម្មាធិការ​ទី​៣​ របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​កិច្ចការ​មនុស្ស​ធម៌​។​

នៅ​ក្នុង​រយៈពេល ​៤ ​ឆ្នាំ​កន្លង​មក​នេះ​ក្រុង​វ៉ាស៊ីនតោន​ និង​អឺរ៉ុប​ បាន​ពន្លឿន​ការ​ដាក់​ទណ្ឌកម្ម​របស់​ពួក​គេ​ ដើម្បី​ផ្តន្ទាទោស​ទៅ​លើ​​ក្រុម​ប្រទេស​មួយ​ចំនួន​ក្នុង​អាកប្បកិរិយា​ខុសៗ​គ្នា​ចាប់​ពី​ការ​ឈ្លាន​ពាន​តំបន់​គ្រីមា​​របស់​ប្រទេស​រុស្ស៊ី​ រហូត​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ ការ​គ្រប់គ្រង​មិន​បាន​ល្អ​ និង​ការ​​រំលោភ​សិទ្ធិ​មនុស្ស​របស់​មេ​ដឹកនាំ​ប្រទេស​វ៉េណេស៊ុយអេឡា ​ជា​ដើម​។​

ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​​ អាច​ប៉ុនប៉ង​ដើម្បី​រាំង​ខ្ទប់​ក្រុម​ប្រទេស​ទាំង​នោះ​ ឬ​ស្ថាប័ន​របស់​ពួក​គេ​ចេញ​ពី​សកល​លោក​ដែល​ជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពឹង​​ផ្អែក​ប្រាក់​ដុល្លារ​អាមេរិក​ និង​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​យុត្ថាធិការ​យ៉ាង​ពិត​ប្រាកដ​៕ AFP/SK