កាល​ពី​ថ្ងៃ​សៅរ៍ ​២១ ​វិច្ឆិកា​ ចៅក្រម​សហព័ន្ធ​ ១ ​រូប​ នៅ​រដ្ឋ Pennsylvania​ បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​ដ៏​សំខាន់​មួយ​របស់​ក្រុម​រៀបចំ​យុទ្ធនាការ​បោះ​ឆ្នោត​លោក​ Donald Trump​ ក្នុង​ការ​តវ៉ា​លទ្ធផល​នៃ​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ៣​ វិច្ឆិកា ​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ Joe​ Biden​ ត្រូវ​បាន​គេ​សន្មត​ថា ​បាន​ទទួល​ជ័យជម្នះ​។​

ពាក្យ​ក្រុម​លោក​ Trump​ គឺ​ដើម្បី​រារាំង​មន្ត្រី​រដ្ឋ​ Pennsylvania​ ពី​ការ​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​នៃ​ការ​បោះឆ្នោត​​នៅ​ក្នុង​រដ្ឋ​នេះ​ ដោយ​បាន​អះអាង​ថា​ រដ្ឋ​មួយ​នេះ​បាន​រំលោភ​លើ​ការ​ធានា​ការពារ​ស្មើភាព​គ្នា​របស់​រដ្ឋ​ធម្មនុញ្ញ​អាមេរិក ​នៅ​ពេល​បណ្ដា​ស្រុក​មួយ​ចំនួន​បាន​ចាត់​វិធានការ​ផ្សេងៗ ​ដើម្បី​ជូន​ដំណឹង​អ្នក​បោះឆ្នោត​អំពី​បញ្ហា​បច្ចេកទេស​នៅ​លើ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ ​ខណៈ​ស្រុក​ផ្សេង​ទៀត​មិន​បាន​ធ្វើ​បែប​នេះ ​ធ្វើ​ឱ្យ​សន្លឹក​ឆ្នោត​ចំនួន ​២ ត្រូវ​បាន​ចាត់​ទុក្ខ​ជា​មោឃៈ​។​

លោក​ចៅក្រម ​Matthew Brann ដែល​ជា​ចៅក្រម​អភិរក្ស​និយម​ បាន​សរសេរ​ក្នុង​ការ​សម្រេច​របស់​លោក​ថា​៖ ​«ដើម​បណ្ដឹង​បាន​ស្នើ​ឱ្យ​តុលាការ​នេះ​ដក​សិទ្ធិ​អ្នក​បោះឆ្នោត​ជិត ​៧​ លាន​នាក់​។ ​តុលាការ​នេះ​មិន​​អាច​រក​ឃើញ​រឿង​ក្ដី​ណា​ដែល​ដើម​បណ្ដឹង​បាន​ស្នើ​វិធី​ដោះស្រាយ​យ៉ាង​ខ្លាំង​បែប​នេះ ​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នោះ​ទេ​ បើ​សិន​និយាយ​អំពី​បរិមាណ​អ្នក​បោះ​ឆ្នោត​ ដែល​ត្រូវ​បាន​ស្នើ​ឱ្យ​ទុក​ជា​មោឃៈ​។​ គេ​អាច​រំពឹង​ថា ​នៅ​ពេល​ដែល​ធ្វើ​ការ​ស្នើ​ដ៏​ភ្ញាក់​ផ្អើល​បែប​នេះ ​ដើម​បណ្ដឹង​នឹង​ត្រូវ​នាំ​យក​នូវ​អំណះអំណាង ​និង​ភ័ស្តុតាង​ច្បាស់លាស់​នៃ​អំពើ​ពុក​រលួយ​។​ បើ​សិន​បែប​នេះ​ តុលាការ​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ផ្ដល់​តាម​សំណើ​នេះ​ បើ​ទោះបី​វា​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​ក្រុម​ធំ​បែប​នេះ​ក៏​ដោយ​។ ​រឿង​នោះ​មិន​បាន​កើត​ឡើង​ទេ​»​​។​

លោក​ចៅ​ក្រម​ Brann ​បាន​បន្ត​ទៀត​ថា​៖ ​«ផ្ទុយ​ទៅ​វិញ​តុលាការ​ត្រូវ​បាន​បង្ហាញ​អំណះអំណាង​គ្មាន​គុណ​សម្បត្តិ​ ការ​ចោទ​ប្រកាន់​តាម​ការ​ប៉ាន់ស្មាន​ និង​ភ័ស្តុតាង​មិន​មាន​ការ​គាំទ្រ​។​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ នេះ​មិន​អាច​ធ្វើ​ជា​ហេតុផល​សម្រាប់​ការ​ដក​សិទ្ធិ​អ្នក​បោះឆ្នោត​ម្នាក់​ ដោយ​មិន​បាច់​និយាយ​ពលរដ្ឋ​ទាំង​អស់​របស់​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​៦​។ ​ប្រជាជន ​ច្បាប់​ និង​ស្ថាប័ន​របស់​យើង​ទាមទារ​ច្រើន​ជាង​នេះ​»​។​

លោក​ Rudy​ Giuliani​ ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump​ បាន​បង្ហាញ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ​លោក​មាន​ការ​ខក​ចិត្ត​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ ហើយ​នឹង​ធ្វើ​ការ​ប្ដឹង​បន្ត​ទៅ​តុលាការ​ឧទ្ធរណ៍​។

លោក Giuliani​ ក៏​បាន​សរសេរ​​ផង​ដែរ​ថា៖ ​«ការ​សម្រេច​ចិត្ត​ថ្ងៃ​នេះ ​នឹង​ជួយ​យើង​ក្នុង​យុទ្ធសាស្ត្រ​របស់​យើង ​ដើម្បី​ពន្លឿន​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​កំពូល​របស់​អាមេរិក​»​។​

ក្រៅ​ពី​រដ្ឋ​ Pennsylvania ​ក្រុម​របស់​លោក ​Trump​ និង​សហការី​មួយ​ចំនួន​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​រារាំង​ការ​បញ្ជាក់​លទ្ធផល​ការ​បោះឆ្នោត​នៅ​រដ្ឋ​មួយ​ចំនួន​ទៀត​ដូច​ជា​ រដ្ឋ​ Arizona,​ Georgia​, Michigan និង​ Nevada ​ដែល​ពាក្យ​បណ្ដឹង​ទាំង​នេះ​ គឺ​សុទ្ធតែ​​ទាក់ទង​ជាមួយ​នឹង​ការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ​។​ ក្រុម​លោក ​Trump ​បាន​ចាញ់​ ឬ​ដក​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ​ទាំង​នេះ ​ហើយ​នៅ​រដ្ឋ​ Georgia ​វិញ ​អភិបាល​រដ្ឋ​នេះ​បាន​តែងតាំង​អង្គ​បោះឆ្នោត​រួច​ស្រេច​កាល​ពី​ថ្ងៃ​សុក្រ​។​

ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ​គឺ​កំពុង​ប្រព្រឹត្ត​នៅ​ស្រុក​ចំនួន ​២ ​​នៃ​រដ្ឋ Wisconsin​ ក្រោម​ការ​ស្នើសុំ​របស់​ក្រុម​លោក Trump ​ដែល​គេ​ប៉ាន់​ស្មាន​ថា​នឹង​អាច​ចប់​ថ្ងៃទី​ ២៥ វិច្ឆិកា​។ ​លោក ​Biden ​ត្រូវ​បាន​សន្មត​ថា ​ទទួល​ជ័យជម្នះ​នៅ​រដ្ឋ​ Wisconsin​ ហើយ​ការ​រាប់​ឡើង​វិញ​ គឺ​កំពុង​ធ្វើ​ឡើង​នៅ​ស្រុក​ដែល​នៅ​សល់​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ​ដែល​មិន​ទាន់​បាន​រាប់​ ដែល​គេ​គិត​ថា ​លោក​ Trump​ អាច​នឹង​ព្យាយាម​ធ្វើ​ឱ្យ​សន្លឹក​ឆ្នោត​ទាំង​នេះ​ក្លាយ​ជា​មោឃៈ​។

ដើម្បី​ទទួល​ជ័យជម្នះ​បេក្ខជន​ត្រូវ​ការ​អង្គ​បោះឆ្នោត​ចំនួន​ ២៧០​។​ មក​ដល់​ពេល​នេះ​លោក​ Biden ត្រូវ​គេ​សន្មត​ថា​ ទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន​ ៣០៦ ​ធៀប​នឹង​ ២៣២​របស់​លោក​ Trump​។ ​បើសិន​លោក Trump ​ចង់​ដណ្ដើម​យក​ជ័យជម្នះ ​លោក​ត្រូវ​ទាញ​យក​អង្គ​បោះឆ្នោត​ ៣៨ ពី​លោក Biden ​តែ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា ​លោក​មិន​អាច​ធ្វើ​បាន​នោះ​ទេ​៕​