កាល​ពី​ថ្ងៃ​ចន្ទ ទី ២៣ វិច្ឆិកា ​ចៅក្រម​បារាំង​បាន​ពន្យារពេល​ជំនុំជ​ម្រះ​ក្តី​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​អតីត​ប្រធានាធិបតី​បារាំង លោក Nicolas Sarkozy រហូត​ដល់​ថ្ងៃទី ២៦ ខែ​វិច្ឆិកា។

មេធាវី​របស់​លោក Gilbert Azibert ដែល​ជា​អតីត​ចៅក្រម​ជាន់​ខ្ពស់​ និង​សហ​ចុងចោទ​បាន​ធ្វើ​ការ​ពន្យារពេល​អង្គ​ជំនុំជម្រះ​នេះ ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​។ ទូរទស្សន៍ ​BFMTV បាន​ផ្សាយ​ថា លោក ​Azibert មិន​ទាន់​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​នៅ​ឡើយ​ទេ។ តុលាការ​បាន​និយាយ​ថា ការ​ពន្យារពេល​នេះ គឺ​ដើម្បី​វាយ​តម្លៃ សុខភាព​របស់​ Azibert។ ការ​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ​នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៦ ​​​វិច្ឆិកា។

អតីត​ប្រធានាធិបតី​បារាំង លោក Nicolas Sarkozy ​ត្រូវ​ឡើង​សវនាការ​នៅ​ថ្ងៃទី ២៣ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ ប៉ុន្តែ​មាន​ការ​ពន្យារ​​ពេល​ទៅ​ថ្ងៃទី ​២៦ វិច្ឆិកា​វិញ។

លោក Sarkozy បាន​ប្រឈម​​មុខ​នឹង​ការ​ស៊ើប​អង្កេត​ជា​ច្រើន ចាប់​តាំង​ពី​គាត់​បាន​ចាញ់​ឆ្នោត​នៅ​ឆ្នាំ ២០១២។ ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​នេះ លោក Sarkozy អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​អតិបរមា ១,២ លានដុល្លារ​អាមេរិក។ លោក Sarkozy និង​ចុង​ចោទ ​២ នាក់​ទៀត​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់។

ក្រុម​រដ្ឋអាជ្ញា​បាន​និយាយ​ថា លោក Sarkozy បាន​ព្យាយាម​សូកប៉ាន់​លោក Azibert ដោយ​ផ្ដល់​ការងារ​ឱ្យ​នៅ​រដ្ឋ​ម៉ូណាកូ ជា​ថ្នូរ​នឹង​ព័ត៌មាន​អំពី​ករណី​មិន​ត្រឹមត្រូវ​ផ្នែក​ហិរញ្ញវត្ថុ។ ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​យក​ទូរស័ព្ទ​របស់​លោក​ឆែក​មើល​ពួក​គេ​បាន​​ឃើញ​ថា Sarkozy បាន​ចំណាយ​ប្រាក់​ខុស​ច្បាប់។ ពួក​គេ​បាន​រក​ឃើញ​ថា អតីត​ប្រធានាធិបតី និង​អ្នក​តំណាង​ច្បាប់ របស់​លោក​បាន​ប្រើ​ឈ្មោះ​ក្លែងក្លាយ ដើម្បី​ទាក់ទង​គ្នា​តាមរយៈ​ការ​សន្ទនា​ទូរស័ព្ទ​រវាង​អ្នក​ទាំង ​២។

លោក Thierry Herzog អតីត​មេធាវី​របស់​លោក Sarkozy ក៏​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោស​ផង​ដែរ។

គួរ​រំឭក​ផង​ដែរ​ថា អ្នក​កាន់​តំណែង​មុន​លោក Sarkozy គឺ លោក Jacques Chirac ត្រូវ​បាន​ផ្តន្ទាទោស​កាល​ពី​ឆ្នាំ ២០១១ ​ពី​បទ​កេង​បន្លំ​មូលនិធិ​សាធារណៈ​ក្នុង​អំឡុង​ពេល​ដែល​លោក​ជា​អភិបាល​ក្រុង​ប៉ារីស។

ក្នុង​ឆ្នាំ ២០១៩ លោក Sarkozy បាន​ចាញ់​ការ​ប្តឹង​ឧទ្ធរណ៍​ចុង​ក្រោយ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​ខ្ពស់​បំផុត​របស់​បារាំង​ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤ ០៨៥ ដុល្លារ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស។ សេចក្តី​សម្រេច​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​តែ​មួយ ខណៈ​ដែល​តុលាការ​មួយ​ផ្សេង​ទៀត​បាន​បញ្ជា​ឱ្យ​​មាន​​ការ​ជំនុំជម្រះ​ក្តី​ចំពោះ​អតីត​នាយក​រដ្ឋមន្ត្រី ​Edouard Balladur ពី​បទរំលោភ​លើ​ហិរញ្ញវត្ថុ។

ក្រុម​រដ្ឋអាជ្ញា​និយាយ​ថា លោក Sarkozy ចំណាយ​ជិត ៤០ លាន​​​ដុល្លារ ដោយ​ប្រើ​វិក្កយបត្រ​ក្លែងក្លាយ​ទៅ​លើ​ការ​បោះឆ្នោត ដែល​ទទួល​បាន​លទ្ធផល​បរាជ័យ​ក្នុង​ឆ្នាំ ២០១២។ អតីត​មេ​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ក្លែងបន្លំ ដោយ​នាយក​ប្រតិបត្តិ​នៅ​ឯ​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ Bygmalion។

ចំណែក​ករណី​មួយ​ផ្សេង​ទៀត ក្រុម​រដ្ឋអាជ្ញា​សង្ស័យ​ថា លោក Sarkozy និង​សហការី​មួយ​ចំនួន​បាន​ទទួល​ប្រាក់​ប្រទេស​លីប៊ី ដើម្បី​ផ្តល់​មូលនិធិ​ដល់​យុទ្ធនាការ​ប្រធានាធិបតី​ឆ្នាំ ២០០៧ របស់​លោក។

ពាណិជ្ជករ Ziad Takieddine ដែល​ជា​អ្នក​ចោទ​ប្រកាន់ លោក Sarkozy បាន​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ហើយ ទោះបី​ការ​ស៊ើប​អង្កេត​កំពុង​ដំណើរការ​នៅ​ឡើយ។ កន្លង​មក​ពាណិជ្ជករ​បារាំង​រូប​នេះ​បាន​អះអាង​ថា លោក​ជា​អ្នក​ដែល​បាន​យក​វ៉ាលីស​ដែល​មាន​សាច់​ប្រាក់​សុទ្ធ​ពី​មេ​ដឹកនាំ​លីប៊ី។

អង្គ​ជំនុំជម្រះ​នេះ​នឹង​បន្ត​នៅ ខែ​មីនា ឆ្នាំ ២០២១ រួម​ជាមួយ​មនុស្ស ១៣ នាក់​ផ្សេង​ទៀត ជុំវិញ​ការ​អះអាង​អំពី​ការ​រំលោភ​បំពាន​ហិរញ្ញវត្ថុ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ដែល​មិន​បាន​ជោគជ័យ​របស់​លោក​កាល​ពី​ឆ្នាំ ២០១២។ លោក Sarkozy បាន​អះអាង​ថា តុលាការ​បារាំង​ធ្វើ​បែប​នេះ​ក្នុង​គោល​បំណង​សងសឹក ចំពោះ​ការ​ប៉ុនប៉ង​របស់​លោក​ក្នុង​ការ​កម្រិត​អំណាច​របស់​ចៅក្រម៕