ក្រុងឡូសអេនជឺឡេសៈ ចៅក្រមអាមេរិកម្នាក់កាលពីថ្ងៃចន្ទ បានប្រឆាំងជំទាស់នឹងគោលនយោបាយរបស់ ត្រាំ ក្នុងការបញ្ជូនក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនត្រឡប់ទៅម៊ិកស៊ិកវិញ ដើម្បីរង់ចាំដំណើរការនៃសំណុំរឿងរបស់ពួកគេ ត្រូវបានដោះស្រាយបញ្ចប់ ដោយបាននិយាយថា ក្រសួងសន្តិសុខជាតិបានប្រើប្រាស់អំណាចរបស់ពួកគេហួសប្រមាណ។
សេចក្តីសម្រេចរបស់លោកចៅក្រមអាមេរិក Richard Seeborg នៅក្រុងសានហ្វ្រានស៊ីស្កូ បានរិះគន់កិច្ចប្រឹងប្រែងរបស់រដ្ឋការរបស់លោក ត្រាំ នៅក្នុងការបញ្ឈប់ការលំហូរនៃក្រុមជនចំណាកស្រុក ដែលស្វះស្វែងរកការជ្រកកោននៅតាមព្រំដែនអាមេរិកជាមួយម៊ិកស៊ិក។
សេចក្តីសម្រេចដែលបានចូលជា ធរមានកាលពីថ្ងៃសុក្រ បានកើតឡើងប៉ុន្មានថ្ងៃក្រោយពីរដ្ឋមន្ត្រីសន្តិសុខជាតិផុតអាណត្តិលោក Kirstjen Nielsen បានប្តេជ្ញាបន្តកម្មវិធីដ៏ចម្រូងចម្រាសនេះ។
មនុស្សរាប់រយនាក់ដែលស្វះស្វែងរកសិទ្ធិជ្រកកោន ត្រូវបានបញ្ជូនត្រឡប់ទៅម៊ិកស៊ិកវិញ ដើម្បីរង់ចាំលទ្ធផលនៃសំណើរបស់ពួកគេនៅក្រោយគោលនយោបាយនេះ ដែលត្រូវបានអនុវត្តលើកដំបូងនៅក្នុងខែមករា នៅច្រកចូលកំពង់ផែ San Ysidro ផែនៅក្នុងរដ្ឋកាលីហ័្វរនីញ៉ា និងក្រោយមកត្រូវបានបន្តទៅកាន់ក្រុងកាលិកស៊ីកូ ជាចំណុចព្រំដែនលីហ្វ័រនីញ៉ាទី២ និង ព្រំដែនEl Paso រដ្ឋតិចសាស។
ក្រុមសិទ្ធិមនុស្ស បានស្វាគមន៍សេចក្តីសម្រេចកាលពីថ្ងៃចន្ទ ដោយបាននិយាយថា គោលនយោបាយបញ្ជូនជនចំណាកស្រុកត្រឡប់ទៅវិញនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ ខណៈវិធីការពារជនចំណាកស្រុក (MPP) បានខកខានមិនបានផ្តល់ការការពារគ្រប់គ្រាន់ដល់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនពីការធ្វើទុក្ខបុកម្នេញទេ។
លោកស្រី Judy Rabinovitz អនុប្រធានគម្រោងសិទ្ធិរបស់ក្រុមជនអន្តោប្រវេសន៍ បានថ្លែងថា៖ «ចៅក្រមនោះ បានទាត់ចោលគោលនយោបាយនៃរដ្ឋការរបស់ ត្រាំ ដែលបង្ខំឲ្យក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនវិលត្រឡប់ទៅម៊ិកស៊ិកវិញ ដោយមិនបានឮការបញ្ជាក់អះអាងរបស់ពួកគេ»។
«គេព្យាយាមតាមដែលអាចធ្វើបាន រដ្ឋការនេះ មិនអាចធ្វើមិនដឹងមិនឮច្បាប់របស់យើង ដើម្បីសម្រេចបំណងរបស់ខ្លួនបានទេ ដោយរារាំងមនុស្សមិនឲ្យស្វែងរកសិទ្ធិជ្រកកោននៅអាមេរិកបាននោះ»៕ AFP/PSA