កាលពី​ថ្ងៃ​សៅរ៍ ទី ១៨ មេសា ចំនួន​ការស្លាប់​ដោយសារ​កូវីដ១៩​ជុំវិញ​ពិភពលោក បាន​កើនឡើង​ដល់ ៣ លាន​នាក់ ក្នុង​រយៈពេល ១៦ ខែ បន្ទាប់ពី​ការរកឃើញ​ដំបូង​នៅ​ប្រទេស​ចិន នេះ​បើ​យោង​តាម​ការ​បូកសរុប​របស់​សាកលវិទ្យាល័យ John Hopkins សហរដ្ឋអាមេរិក។

មនុស្ស​ជាង ១ លាន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល ៣ ខែ​ចាប់តាំងពី​ពាក់កណ្ដាល​ខែ​មករា ២០២១ ដែល​កាលនោះ​ការស្លាប់​បាន​ឈានដល់ ២ លាន​នាក់។ ការស្លាប់ ១ លាន​នាក់​ដំបូង​គឺ​បាន​ចំណាយ​រយៈពេល ៨ ខែ ហើយ​តិច​ជាង ៤ ខែ​បន្ទាប់មក​ដើម្បី​ឈាន​ដល់​ការស្លាប់ ២ លាន​នាក់។

ករណី​ឆ្លង និង​ស្លាប់ គឺ​កំពុង​កើនឡើង​យ៉ាងខ្លាំង​នៅ​ជុំវិញ​ពិភពលោក ហើយ​ការលេចចេញ​នូវ​វីរុស​កូរ៉ូណា​បម្លែង​ថ្មី ដែល​ងាយ​ឆ្លង​ជាង​មុន បាន​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ពិបាក។

ប្រទេស​ឥណ្ឌា ដែល​មាន​ប្រជាជន​ជាង ១,៣ ពាន់​លាន​នាក់​បាន​រាយការណ៍​ការឆ្លង​ថ្មី​ចំនួន​ជាង ២០០ ០០០ ករណី​ក្នុង​មួយថ្ងៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បើទោះបី​ជា បាន​គ្រប់គ្រង​រលក​ឆ្លងមុនៗ យ៉ាង​ជោគជ័យ​ក៏ដោយ។

ប្រទេស​ប្រេស៊ីល​ក៏​ត្រូវបាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​នេះ​ផងដែរ។ ប្រទេស​នេះ​បាន​កត់ត្រា​ករណី​ស្លាប់​ដោយសារ​កូវីដ១៩​សរុប​ចំនួន ៣៦១ ៨៨៤ នាក់ ដោយ​ករណី​ស្លាប់​ក្នុង​មួយថ្ងៃ​បាន​កើនឡើង​ដល់​ជាង ៤០០០ នាក់​ក្នុង​មួយថ្ងៃ។ ស្ថានភាព​ដ៏ពិបាក​នេះ ទំនង​ជា​បង្ក​ដោយ​ការរីករាលដាល​វីរុស​កូរ៉ូណា​បម្លែង P.1 ដែល​មាន​ឥទ្ធិពល​កាន់តែ​ធំ​ទៅលើ​មនុស្ស​វ័យក្មេង និង​ការបដិសេធ​របស់​រដ្ឋបាល​ប្រធានាធិបតី Jair Bolsonaro មិន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​តឹងរ៉ឹង៕