រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ឱ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា ចំនួន​ប្រជាជន​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២០ ដោយ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​កើត​ ដោយ​បង្ហាញ​ថា ​ទីប្រជុំជន​ក្នុង​តំបន់​ក្រីក្រ​គឺ​ប្រឈម​នឹង «វិបត្តិ​នៃ​ការ​ផុត​ពូជ»​។

តួលេខ​ជំរឿន​ចុង​ក្រោយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ចុង​សប្ដាហ៍​មុន បាន​បង្ហាញ​ថា​ ចំនួន​ប្រជាជន​មាន ៥១ ៨២៩ ០២៣ នាក់ ​នៅ​ចុង​ខែ​ធ្នូ ២០២០ ដែល​ទាប​​ជាង​ឆ្នាំ​មុន​ចំនួន ២០ ៨៣៨ នាក់​។ ប្រជាជន​កូរ៉េ​ខាង​ត្បូង​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល ​១ ទសវត្សរ៍​ចុង​ក្រោយ​នេះ ​បើ​ទោះបី​ជា​អត្រា​កំណើន​បាន​ធ្លាក់​ចុះ​ពី ១,៤៩% ក្នុង​ឆ្នាំ ២០១០ ដល់ ០,០៥% នៅ​ឆ្នាំ ២០១៩។

ស្រដៀង​នឹង​ប្រទេស​ជប៉ុន ​ដែរ ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក៏​កំពុង​ជួប​ប្រទះ​នូវ​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​វ័យ​ចំណាស់​ ដែល​ ២៤% នៃ​ចំនួន​ប្រជាជន​សរុប​មាន​អាយុ ៦០ ឆ្នាំ​ឡើង​ទៅ​។

រដ្ឋបាល​ប្រធានាធិបតី លោក Moon Jae-in ថ្មីៗ​នេះ ​បាន​ប្រកាស​កម្មវិធី​លើក​ទឹក​ចិត្ត​គូ​ស្វាមី​ភរិយា​ឱ្យ​មាន​គ្រួសារ​​ធំ​ៗ ដែល​ធ្វើ​ការ​បង់​ប្រាក់ ១ លាន​វ៉ុន​ សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ខែ​។ ប៉ុន្តែ​អ្នក​រិះគន់​និយាយ​ថា ​វិធានការ​​នេះ​មិន​បាន​ធ្វើ​ការ​ដោះស្រាយ​ឧបសគ្គ​ហិរញ្ញវត្ថុ​ធំ​ក្នុង​ការ​ចិញ្ចឹម​កូន​ ដូចជា​ការ​អប់រំ​ និង​តម្លៃ​គេហដ្ឋាន​៕​