ក្រុងលីហ្គាហ្សពីៈ ក្រុម​មន្ត្រី បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ចំនួន​ប្រជាជន​ហ្វីលីពីន​ដែល​ភៀស​ខ្លួន​ចេញ​ពី​ភ្នំភ្លើង​ដែល​កំពុង​ផ្ទុះ ដើម្បី​ទៅ​រក​កន្លែង​សុវត្ថិភាព​បាន​កើន​ឡើង​ដល់​ជិត ៩ ម៉ឺន​នាក់​ហើយ​ដោយ​បាន​ធ្វើ​ឲ្យ​វិបត្តិ​អនាម័យ​កាន់​តែ​អាក្រក់​ទៅ​នៅ​ក្នុង​ជំរំ​ជំនួយ​សង្គ្រោះ​ដែល​មាន​ស្រាប់​នោះ។

ប្រធានាធិបតី​លោក Rodrigo Duterte បាន​ឡើង​យន្តហោះ​ទៅ​ក្រុង​លីហ្គាហ្ស​ពី​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​វាយតម្លៃ​តំបន់​មហន្តរាយ​នោះ ប្រហែល ២ សប្តាហ៍​ក្រោយ​ពី​ភ្នំភ្លើង​សកម្ម​បំផុត​នៅ​ក្នុង​ប្រទេស​នេះ បាន​ចាប់​ផ្តើម​ភាយ​ផ្សែង​ដុំធំៗ និង​បញ្ចេញ​កម្អែល​ភ្លើង និង​ថ្ម។

ក្រុម​អាជ្ញាធរ​ឲ្យ​ចាក​ចេញ​ពី​តំបន់​នៅ​ជុំវិញ​ភ្នំ​នោះ​ចម្ងាយ ៩ គីឡូម៉ែត្រ​ដោយមាន​ប្រជាជន​ជាច្រើន​រស់នៅ​ក្រោម​ស្រមោល​ភ្នំ​ភ្លើង​នោះ។ ប៉ុន្តែ​ស្ថានភាព​អនាម័យ​នៅ​ក្នុង​តំបន់​សុវត្ថិភាព​នោះ និយាយ​លែង​កើត​ទៅ​ហើយ។

អភិបាលខេត្ត Albay លោក Al Francis Bichara បាន​ថ្លែងថា ក្រុម​អាជ្ញាធរ​រំពឹង​ថា ក្រុម​អ្នក​ត្រូវគេ​ជម្លៀស​ខ្លួន​នោះ​នឹង​ចាំបាច់​ត្រូវ​ស្នាក់​នៅ​ក្នុង​ជំរំ​រយៈពេល​យ៉ាងតិច​ណាស់​ក៏ ១ ខែ​ដែរ។

ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ប្រភ​ពធនធាន​របស់​រដ្ឋាភិបាល​តំបន់ ដែល​មាន​កម្រិត​នោះ កំពុង​ត្រូវបាន​ចែក​ជូន ដោយ​បាន​លើក​ឡើង​ថា ខ្វះ​បង្គន់​អនាម័យ​នៅ​តាម​ជម្រក​ទាំង​អស់​នោះ ជាទី​ដែល​លោក​បាន​និយាយថា ជា​មធ្យម​មនុស្ស ២០០ នាក់ ប្តូរ​វេន​គ្នា ប្រើ​បង្គន់។

លោក​បាន​បន្តថា៖ «យើង​ខ្វះ​បង្គន់​អនាម័យ​ចំនួន ១២២២ ដោយបាន​បន្ថែម​ថា បើ​សិន​ជា​មាន​លទ្ធភាព​នោះ គឺ​បង្គន់​អនាម័យ ១ សម្រាប់​មនុស្ស ៥០ នាក់ ទើប​អាច​ប្រើប្រាស់​បាន​សម​ស្រប​តាម​តម្រូវការ៕