ក្រុង​បេរូត៖ ​គណៈ​រដ្ឋមន្ត្រី​លីបង់​ កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ នៅ​ក្នុង​ទីក្រុង​បេរូត​រយៈពេល ​២ ​សប្តាហ៍​ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារ​ធាតុ​គីមី​ នៅ​ឯ​កំពង់ផែ​នៃ​ទីក្រុង​បេរូត​បាន​ផ្តាច់​ជីវិត​មនុស្ស​រហូត​ដល់ ​១៣៥ ​នាក់​ នៅ​ក្នុង​ប្រទេស​លីបង់ ​មួយ​នេះ​។​

ការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ ​២​ បាន​ធ្វើ​ឲ្យ​កក្រើក​កំពង់ផែ ​នៃ​ទី​ក្រុង​បេរូត​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ម៉ោង​ប្រហែល ​៦​ និង ​១០ ​នាទី​យប់​ ដោយ​បាន​ធ្វើ​ឲ្យ​រញ្ជួយ​អគារ​ទាំង​អស់​ នៅ​ទូទាំង​រដ្ឋធានី​លីបង់​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ទីក្រុង​បេរូត​នេះ។​

រដ្ឋមន្ត្រី​សុខាភិបាល​ គឺ​លោក ​ហាម៉េដ ​សាស់​សាន់​ បាន​ប្រកាស​ថា ​រហូត​មក​ទល់​ពេល​នេះ​ ការ​ផ្ទុះ​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស ​១៣៥ ​នាក់​ ស្លាប់ ​និង​មនុស្ស ​៥ ០០០ ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។​

ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ នោះ​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​លីបង់​ ដែល​នឹង​រក្សា​សន្តិសុខ​ក្នុង​ទីក្រុង​​។​

ព័ត៌មាន​បឋម​បាន​បង្ហាញ​ថា ​សារធាតុ​គីមី​អាម៉ូញ៉ូម​ បាន​ស្តុក​ទុក​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤​ នៅ​ក្នុង​ឃ្លាំង​លេខ ​១២​ នៅ​កំពង់ផែ​នៃ​ទីក្រុង​បេរូត​ អាច​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​យ៉ាង​ខ្លាំងក្លា​​នៅ​ទីនោះ​។​

គណៈ​រដ្ឋមន្ត្រី​បាន​សម្រេច​ចិត្ត​ឲ្យ​ចាប់​ខ្លួន​រដ្ឋមន្ត្រី​កំពង់ផែ​មួយ​ចំនួន​ ដែល​ដឹង​និង​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ឃ្លាំង​ដែល​មាន​សារធាតុ​គីមី​អាម៉ូញ៉ូម​ចំនួន​ជាង​ ​២ ៧០០ ​តោន​ នៅ​កំពង់ផែ​នៃ​ទីក្រុង​បេរូត​​។​

គណៈ​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​សាធារណៈ ​ដើម្បី​ធានា​ឲ្យ​មាន​សកម្មភាព​នាំ​ចូល​ និង​នាំ​ចេញ​​ទំនិញ​​ឆ្លង​កាត់​តាម​កំពង់ផែ​​នៃ​ក្រុង​ទ្រីប៉ូលី ​នៃ​ប្រទេស​លីប៊ី ​សិន៕ Xinhua/SK