ក្រុងញូវដែលីៈ ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ជាង​ ៧ ​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ត្រាំ បានជា​សះស្បើយ ហើយ​វិលត្រឡប់​ទៅ​បន្ត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ត្រឹមតែ​រយៈពេល​ ៩ ​ថ្ងៃ ក្រោយពី​ប្រកាសថា លោក​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​។

រដ្ឋាភិបាល​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ការកើនឡើង​ករណី​ឆ្លង​យ៉ាងខ្លាំង នេះ និង​គ្រប់គ្រង​ការមិន​បំពេញចិត្ត​របស់​សាធារណជន​ទៅលើ​ការ​រឹតបន្តឹង​ថ្មី ខណៈ​ជំងឺ​រាតត្បាត​នេះ​បាន​ឈានចូល​ដល់​រលក​ឆ្លង​ទី​ ២ ដែល​អាច​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​។

ចាប់តាំងពី​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​ ២០១៩ ​មក​វា​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ១ ​លាន​នាក់​ស្លាប់​នៅ​ទូទាំង​សកលលោក និង​បាន​ឆ្លងទៅ​មនុស្ស​ជិត​ ៣៧ ​លាន​នាក់ និង​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​ការងារ​ធ្វើ ខណៈ​ជំងឺឆ្លង​រាលដាល​នេះ​បាន​បង្ក​ឱ្យ​សេដ្ឋកិច្ច​សកល​ធ្លាក់ចុះ​យ៉ាងខ្លាំង​បំផុត​។

ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​បាន​បង្ហាញ​ពី​ករណី​ឆ្លង​ជិត ​៧៥០០០ ​នាក់​ដោយ​នាំឱ្យ​អ្នក​ឆ្លង​កើនឡើង​ ៧,០៥ ​លាន​នាក់​ជា​ប្រទេស​ឆ្លង​ច្រើន​បំផុត​ទី​ ២ ​បន្ទាប់ពី​អាមេរិក ដែល​បាន​កត់ត្រា​អ្នក​ឆ្លង​ចំនួន​ ៧,៦៧ ​លាន​នាក់​។

ប៉ុន្តែ​ក្រុម​អ្នកជំនាញ​និយាយថា ចំនួន​ពិតប្រាកដ​ប្រហែល​ជា​អាច​ខ្ពស់ជាង​នេះ ដោយ​អត្រា​ការធ្វើ​តេស្ត​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ ១,៣ ​ពាន់​លាន​នាក់ ដែល​ជា​ប្រទេស​ដែលមាន​ក្រុង​នានា​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​ច្រើនជាង​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។

តួលេខ​ថ្មី​នេះ​បាន​កើតឡើង​ ១ ​ថ្ងៃ​ក្រោយពី​លោក ដូណាល់ ត្រាំ ​បាន​ជួប​ជាមួយ​អ្នកគាំទ្រ​រាប់រយ​នាក់​នៅ​សេតវិមាន​ដោយ​បាន​វិលត្រឡប់​ទៅ​បន្ត​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​រយៈពេល​ ៩ ​ថ្ងៃ ក្រោយពី​ផ្អាក​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​គ្រូពេទ្យ​លោក​បាន​និយាយថា លោក​លែងមាន​គ្រោះថ្នាក់ ដោយសារ​ជំងឺ​រាតត្បាត​នេះ​តទៅទៀត​ហើយ​។

លោក ​ត្រាំ បានប្រកាស​ខណៈ​លោក​ដើរ​ចេញ​ទៅ​ឡៅតឿ​របស់​សេតវិមាន​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បាន​ដោះ​ម៉ាស់​របស់​លោក ដើម្បី​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​» ​ភាគច្រើន​នៃ​អ្នកគាំទ្រ​របស់ លោក​បាន​ពាក់​ម៉ាស់ និង​មួក​ក្រហម​សរសេរ​ថា​៖ «Make America Great Again» ប៉ុន្តែ​បាន​រក្សា​គម្លាត​ពីគ្នា​តែ​បន្តិចៗ​ប៉ុណ្ណោះ​៕ PSA