ក្រុង​ម៉ុងតេវីដេអូ៖ ​យោង​តាម​ចំនួន​សរុប​របស់ AFP ​ផ្អែក​លើ​តួលេខ​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា ​អាមេរិក​ឡាទីន​ និង​តំបន់​កា​រីប៊ីន​កាល​ពី​ថ្ងៃ​សៅរ៍​​ មាន​​ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ជាង ​២ ​លាន​នាក់​ ដោយ​ប្រទេស​ប្រេស៊ីល ​មាន​ករណី​ឆ្លង​វីរុស​នេះ ​ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ទាំង​អស់​នេះ​។

វីរុស​ផ្លូវ​ដង្ហើម​នេះ ​កំពុង​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​តំបន់​នេះ ​ជា​តំបន់​ដែល​​ផ្ទុះ​ឆ្លង​​វីវុស​នេះ​ ​មាន​អ្នក​ឆ្លង​ជាង ​២ ០០៧ ​៦២១ ​នាក់​។

ប្រេស៊ីល​ជា​ប្រទេស​ធំ​ជាង​គេ​បំផុត​នៅ​អាមេរិក​ឡាទីន​មាន​ចំនួន​ករណី​ឆ្លង​ និង​អ្នក​ស្លាប់​ច្រើន ​បន្ទាប់​ពី​អាមេរិក។ ​ប្រទេស​នេះ ​បាន​កត់ត្រា​ករណី​ឆ្លង ​១ ០​៦៧ ៥៧៩ ​នាក់​ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩ ​ចំនួន ៤៩ ​៩៧៦ នាក់​។

ម៊ិកស៊ិក ​គឺ​ជា​ប្រទេស​ដែល​រង​ប៉ះពាល់​ខ្លាំង​បំផុត​ទី២ ​នៅ​ក្នុង​តំបន់​នេះ ​ដោយ​មាន​អ្នក​ឆ្លង ​១៧០ ​០០០ ​នាក់​ និង​ស្លាប់ ​២០ ​៣៤៩ ​នាក់។​

ក្រុង​ម៊ិកស៊ីកូ​ បាន​គ្រោង​បើក​ផ្សារ ​ភោជនីយដ្ឋាន​ និង​អាជីវកម្ម​ដទៃ​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ​ប៉ុន្តែ​អាជ្ញាធរ​បាន​ពន្យារ​ពេល ​១ សប្តាហ៍​ទៀត ​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​​នេះ​ បន្ត​ឆ្លង​រាល​ដាល។​

ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​​នៅ​ប្រទេស​ស៊ីលី​ បាន​កើន​ឡើង​ជិត ​២ ​ដង​ ដោយ​កាល​ពី​ថ្ងៃ​សៅរ៍​មាន​​អ្នក​ស្លាប់ ​៧ ១៤៤ ​នាក់​ នៅ​ក្រោម​វិធី​សាស្រ្ត​រាប់​ចំនួន​ថ្មី​ ​ដែល​រាប់​បញ្ចូល​អ្នក​ស្លាប់​ជា​ច្រើន​ ដែល​បាន​បណ្តាល​​​មក​ពី​ជំងឺ​កូវីដ ​១៩។​

លោក ​Rafael Araos ​នៃ​ក្រសួង​សុខាភិបាល​បាន​ថ្លែង ​ខណៈ​ដែល​​លោក​ពន្យល់​អំពី​វិធី​សាស្ត្រ​រាប់​ចំនួន​ថ្មី​របស់​រដ្ឋាភិបាល​ថា​ ចំនួន​សរុប​បាន​កើន​ឡើង​ដល់ ​៣ ០៦៩ ​នាក់​។​

នៅ​ប្រទេស​ប៉េរូ ​វិញ​ ករណី​ឆ្លង​វីរុស​កូរ៉ូណា​បាន​កើន​ឡើង​ដល់ ​២៥០ ​០០០ ​នាក់ ​ដោយ​មាន​អ្នក​ស្លាប់ ​៧ ៨៦១ ​នាក់​។ ប្រទេស​នេះ​បាន​កត់​ចំនួន​អ្នក​ស្លាប់ ​២០១ ​នាក់​ ក្នុង​រយៈពេល ​២៤ ​ម៉ោង​ចុង​ក្រោយ​នេះ ​ជា​ចំនួន​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ទី២ តាំង​ពី​ស្ថានភាព​គ្រា​អាសន្ន​សុខភាព​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ខែ​មីនា។

​អ្នក​ជំងឺកូ​វីដ ១៩ (កណ្តាល) កំពុង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រូបថត AFP

ចំណែក​នៅ​ប្រទេស​ចិន ​វិញ ក្រុង​ប៉េកាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី ​២២ ​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​កិច្ច​ប្រឹងប្រែង​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​បាន​ប្រមូល​យក​សំណាក​ជាង ​២​ លាន​នាក់​ ជា​កិច្ច​ខិតខំ​​ប្រឹងប្រែង ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ថ្មី​។ ​

ក្រុម​ឆ្លង​ថ្មី​នៅ​ក្នុង​ក្រុង​ប៉េកាំង​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​កើត​ឡើង​នៃ​វីរុស​នេះ​នៅ​ប្រទេស​ចិន​ ដែល​បាន​នាំ​យក​វីរុស​នេះ​ដាក់​នៅ​ក្រោម​​ការ​គ្រប់គ្រង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

សហគមន៍​ជា​ច្រើន​នៅ​ក្នុង​ក្រុង​នេះ​ ត្រូវ​បាន​បិទ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​​នៃ​វីរុស​នេះ​ដោយ​ក្រុម​អ្នក​ស្រុក ​ត្រូវ​បាន​​ប្រាប់​មិន​ឲ្យ​ធ្វើ​ដំណើរ​ ដែល​មិន​ចាំបាច់​ និង​បិទ​​សាលា​រៀន។

ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​រាប់​បញ្ចូល​គិលានុបដ្ឋាក​ម្នាក់​ជា​អ្នក​ធ្វើ​ការ​ផ្នែក​សុខភាព​ទី១ ​ដែល​ត្រូវ​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​ចាប់​តាំង​ពី​ជំងឺ​នេះ​ កើត​ឡើង​ជា​ថ្មី ​១ ​សប្តាហ៍​កន្លង​ទៅ។

មនុស្ស​ជាង ​២២០ ​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ ​១៩ ​នៅ​ក្នុង​ក្រុម​ថ្មី​នេះ​។

ទីភ្នាក់ងារ​សារព័ត៌​មាន​ស៊ីនហួ​ បាន​រាយការណ៍​ថា ​អាជ្ញាធរ​តំបន់​ បាន​រៀបចំ​កន្លែង​ធ្វើ​តេស្ត​ជាង ​២ ០០០ ​កន្លែង​នៅ​ទៅ​ទូទាំង​ក្រុង​នេះ ​ដែល​បាន​​យក​សំណាក​ពី​មនុស្ស​ជាង ​២,៣ ​លាន​នាក់។

ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​​​វីរុស​ផ្លូវ​ដង្ហើម​​កូរ៉ូណា​ថ្មី​បំផុត​នេះ​បាន​កើត​ឡើង​នៅ​​ផ្សារ​លក់​ម្ហូប​អាហារ​បោះ​ដុំ​មួយ​ ដោយ​បាន​ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ​ជុំវិញ​សុវត្ថិភាព​នៃ​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​នៅ​ក្នុង​ក្រុង​ប៉េកាំង៕ AFP/PSA