ក្រុងដាក្កាៈ យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមប្រឆាំងនឹងគ្រឿងញៀននៅប្រទេសបង់ក្លាដែសដែលបន្តជាប់ជានិច្ចយកគំរូតាមប្រទេសហ្វីលីពីន ចាប់តាំងពីខែឧសភា បានកើនឡើងដល់ ២០០ នាក់ហើយ និងមនុស្សប្រមាណ ២៥០០០ នាក់ផ្សេងទៀត ត្រូវបានជាប់ពន្ធនាគារ។
ប្រទេសបង់ក្លាដែស បានចាប់ផ្តើមយុទ្ធនាការបង្ក្រាបទៅលើការជួញដូរគ្រឿងញៀនខ្លាំងឡើង ចំពោះថ្នាំប្រភេទ «យ៉ាបា (yaba)» ដែលជាប្រភេទថ្នាំមេតំហ្វេតាមីនតម្លៃថោក និងថ្នាំគ្រាប់កាហ្វេអ៊ីន ដែលអាជ្ញាធរនិយាយថា បានរីករាលដាលស្ទើរគ្រប់ភូមិ និងក្រុងនៃបង់ក្លាដែស។
រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ លោក Asaduzzaman Khan បានថ្លែងថា «សង្គ្រាម» នឹងបន្តធ្វើឡើង រហូតដល់ការជួញដូរគ្រឿងញៀនណាកូទិកអាចស្ថិតនៅក្រោមការគ្រប់គ្រងបាន។ លោកបានថ្លែងថា អ្នកដែលត្រូវបានសម្លាប់ គឺជាអ្នកដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនយ៉ាងតិចណាស់ ១០ ករណីដែរ។
ប៉ុន្តែក្រុមសិទ្ធិមនុស្សបានថ្លែងថា ជនរងគ្រោះជាច្រើនត្រូវបានប៉ូលិសបាញ់ នៅក្នុងលក្ខណៈព្រៃផ្សៃ និងចេតនា ហើយថា ការសម្លាប់នេះ គឺជាផ្នែកមួយដែលត្រូវបានប្រើប្រាស់ជាការសងសឹក។
កាលពីខែមិថុនា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Raad Al Hussein បានថ្លែងថា លោក «មានក្តីបារម្ភយ៉ាងខ្លាំង» ថា «មនុស្សក្នុងចំនួនច្រើនបែបនេះ» ត្រូវបានសម្លាប់។
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា សេចក្តីប្រកាសជាផ្លូវការជាច្រើនដែលថា គ្មានជនរងគ្រោះណាម្នាក់ គឺជាជនគ្មានទោសនោះទេ គឺគ្រោះថ្នាក់បំផុត និងជាការបង្ហាញឲ្យឃើញថា មិនគោរពគោលការណ៍ច្បាប់ទាំងស្រុង។
គណៈកម្មាធិការសិទ្ធិមនុស្សជាតិគ្រប់គ្រងដោយរដ្ឋរបស់បង់ក្លាដែសក៏បានសម្តែងការព្រួយបារម្ភដែរ៕