តំបន់​ប៉ាកានធ៍៖ ​អ្នក​រុករក​រ៉ែ​ថ្លើម​ថ្ម​រាប់​សិប​នាក់ ​ត្រូវ​បាន​កប់​នៅ​ក្នុង​រណ្តៅ​មួយ​យ៉ាង​ធំ​កាល​ពី​ថ្ងៃ​សុក្រ​ ក្រោយ​ពី​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​ភាគ​ខាង​ជើង​ ​បណ្តាល​ឲ្យ​មនុស្ស​ជាង ​១៧០ នាក់​ស្លាប់ ​ ភាគ​ច្រើន​ពួក​គេ​ គឺ​ជា​ពលករ​ចំណាក​ស្រុក ​ដែល​ស្វែង​រក​សំណាង​នៅ​ក្នុង​តំបន់​អណ្តូង​រ៉ែ​នៅ​ក្បែរ​ព្រំដែន​ចិន។

ស្ត្រី​ជា​ច្រើន​បាន​យំ​នៅ​ក្បែរ​ក្តារ​មឈូស​ចំហ​​ មឈូស​ខ្លះ​​មាន​ត្រឹម​ឈ្មោះ​មនុស្ស​ម្នាក់ ខ្លះ​ទៀត​​​មាន​រូប​ថត​រួម​ ១ ​សន្លឹក​មុន​នឹង​សាកសព​ទាំង​នោះ ​ត្រូវ​​សែង​ចេញ​ពី​រណ្តៅ​ធំ ​១ ​ដែល​នៅ​ក្បែរ​កន្លែង​បាក់​ដី។ ​​

នេះ​ គឺ​ជា​​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​ដែល​បាន​កើត​ឡើង​នៅ​តំបន់​រ៉ែ​ថ្លើម​ថ្ម​ដ៏​គ្រោះ​ថ្នាក់​បំផុត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។

សោកនាដកម្ម​នេះ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ពេល​ដែល​ជើង​ភ្នំ​មួយ​បាន​ស្រុត​បាក់​បង្ក​ឡើង​ដោយ​​ភ្លៀង​រដូវ​វស្សា​ធ្លាក់​ខ្លាំង ​ដោយ​បាន​បណ្តាល​ឲ្យ​ផ្ទាំង​ភក់​កប់​ទៅ​លើ​កម្មករ​ដែល​ជីក​កាយ​ដី​ ​ដើម្បី​រក​រ៉ែ​​ថ្លើម​ថ្ម។

នាយកដ្ឋាន​សេវា​ពន្លត់​អគ្គិភ័យ​បាន​និយាយ​នៅ​ក្នុង​ការ​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​ថា៖ ​«​បេសកកម្ម​ស្វែង​រក​ និង​ជួយ​សង្គ្រោះ ​បាន​បន្ត​ហើយ​សាកសព ​១៧៤ នាក់​ ត្រូវ​បាន​រក​ឃើញ»។

ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្លាប់​ក្នុង​ ១ ឆ្នាំ​ៗ​ នៅ​ក្នុង​តំបន់​ប៉ាក់​កាន់​ធ៍ ​ជា​តំបន់​មួយ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ចិន នៅ​ក្នុង​រដ្ឋ​កាឈីន​ ជា​ទី​ដែល​ថ្ម​​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ ត្រូវ​បាន​គេ​ជឿ​ថា ​ត្រូវ​បាន​គេ​ជីក​កាយ​ចេញ​ក្នុង​ ១ ឆ្នាំ​​ៗ​ពី​ជើង​ភ្នំ ​ដោយ​ពលករ​ចំណាក​ស្រុក​ ដែល​ស្វះស្វែង​រក​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​។ ​

ខណៈ​រូបថត​របស់​អ្នក​ស្លាប់​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​បាន​ចាប់​ផ្តើម​កំណត់​អត្តសញ្ញាណ​កម្មករ ​ដែល​មាន​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ ដោយ​បាន​​បញ្ជូន​ភិនភាគ​សាកសព​ទៅ​កាន់​មិត្ត​ភក្តិ​ និង​សមាជិក​គ្រួសារ​របស់​ពួក​គេ។

អ្នកស្រី​ Hnin Wati ​បាន​និយាយ​ថា៖ ​«​សូម​មេត្តា​ជួយ​នាំ​ឪពុក​របស់​ខ្ញុំ​ត្រឡប់​មក​វិញ​ផង»​។​ «បេះដូង​របស់​កូន​កំពុង​ញាប់​ញ័រ ​ដោយ​ការ​ភ័យព្រួយ​បារម្ភ​»៕ AFP/PSA​