ក្រុង​បេរ៉ាៈ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ខ្សល់ព្យុះ​ស៊ីក្លូន​​ ​មាន​ឥទ្ធិពល​​ខ្លាំងក្លា​ ដែល​បាន​វាយ​ប្រហារ​ប្រទេស​ជា​ច្រើន​នៅ​​អាហ្រ្វិក​ខាង​ត្បូង​ ដោយ​ជន់​លិច​ផ្ទៃដី​រាប់​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​កាល​ពី​ថ្ងៃ​សៅរ៍​ ​បាន​កើន​ឡើង​ដល់​ជាង​ ​៦​០០ ​នាក់ ​ខណៈ​ជំងឺ​បាន​រាតត្បាត​ ទៅ​លើ​​ក្រុម​អ្នក​នៅ​រស់​ពី​ខ្សល់ព្យុះ​ស៊ីក្លូន​រាប់​ម៉ឺន​នាក់​។​

យោង​តាម​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាង​តិច ៤១៧ ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស ​ម៉ូសំប៊ិក ​ដោយ​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ​៦៧៦ ​នាក់​នៅ​ពេល​រួម​បញ្ចូល​ជាមួយ​អ្នក​ស្លាប់​មក​ពី​ប្រទេស ​ហ្ស៊ីមបាវ៉េ ​ដែល​នៅ​ជិត​ខាង​។​

ព្យុះ​ស៊ីក្លូន​អ៊ីដៃ​ បាន​បោកបក់​​ទៅ​កាន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស ​ម៉ូសំប៊ិក ​ភាគ​កណ្តាល​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ដោយ​មាន​ល្បឿន​យ៉ាង​លឿន​និង​នាំ​ឲ្យ​​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ដែល​បាន​បណ្តាល​ឲ្យ​ជន់​លិច​តំបន់​នៅ​ឆ្ងាយ​​ពី​ទីក្រុង និង​បាន​ជន់​លិច​ប្រទេស ​ហ្ស៊ីមបាវ៉េ ​ភាគ​ខាង​កើត​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នោះ​។​

កិច្ច​ខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ ​និង​ជួយ​សង្គ្រោះ​បាន​ឈាន​ដល់​សប្តាហ៍​ទី​២ ​ហើយ ​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​​។​

អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​ព្រមាន​អំពី​ការ​រង​ប៉ះពាល់​​កាន់​តែ​ខ្លាំង​ឡើង​ បាន​បង្កើន​ការ​អំពាវ​នាវ​ឲ្យ​ជួយ​សង្គ្រោះ​ប្រទេស​ម៉ូសំប៊ិក ​ខណៈ​ក្រុម​ទី​ភ្នាក់ងារ​ជំនួយ​មនុស្ស​ធម៌​ បាន​ខិតខំ​ជួយ​មនុស្ស​រាប់​ម៉ឺន​នាក់​ ដែល​រង​ការ​វាយ​ប្រហារ​ពី​​ព្យុះ​ស៊ីក្លូន​ដ៏​កំណាច​បំផុត​នៅ​អាហ្រ្វិក​ខាង​ត្បូង​។​

បុរសឈ្មោះ Manuel Machcawa (ស្ដាំ)អាយុ ៧៦​ឆ្នាំ ទួញយំ ខណៈគាត់ជួប​កូន​គាត់​ក្រ​ោយពី​ជម្លៀស​មកពីតំបន់Buzi។ AFP

១ សប្តាហ៍​ក្រោយ​ពី​ព្យុះ​នោះ​បាន​វាយ​ប្រហារ​ប្រទេស ​ម៉ូសំប៊ិក ​ដែល​មាន​ល្បឿន​ជិត ​២០០ គីឡូ​ម៉ែត្រ​ក្នុង ​១ ​ម៉ោង​ ​ក្រុម​អ្នក​នៅ​រស់​កំពុង​តស៊ូ​នៅ​ក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​ មនុស្ស​មួយ​ចំនួន​បាន​ជាប់​គាំង​នៅ​លើ​ដំបូល​ផ្ទះ​ ហើយ​ក្រុម​អ្នក​ទាំង​នោះ​កំពុង​ត្រូវ​ការ​ស្បៀង​អាហារ​ និង​កំពុង​ប្រឈម​មុខ​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អាសន្ន​រោគ។​

នាយិកា​ប្រតិបត្តិ​អង្គការ​ UNICEF​ លោកស្រី​ Henrietta Fore ​បាន​ថ្លែង​ថា​៖ «​ស្ថានការណ៍​នោះ​នឹង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​៖ «​ទី​ភ្នាក់ងារ​ជំនួយ​មនុស្ស​ធម៌​កំពុង​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​មើល​ទំហំ​នៃ​ការ​ខូចខាត​បង្ក ឡើង​ដោយ​ព្យុះ​នោះ​»។​ «​ភូមិ​ទាំង​មូល​ត្រូវ​បាន​ជន់​លិច​​ អគារ​​​ជា​ច្រើន​​បាន​ដួល​រលំ​គ្មាន​សល់​ សាលារៀន​ និង​មន្ទីរ​ពេទ្យ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​»​។​

ព្យុះ​ស៊ីក្លូន​នេះ ​បាន​បំផ្លិច​បំផ្លាញ​តំបន់​មួយ​ដែល​មាន ​ផ្ទៃដី​ប្រហែល​ ៣ ​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​។​

​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ កាល​ពី​យប់​ថ្ងៃ​សុក្រ ​បាន​ប្រកាស​វិបត្តិ​ទឹក​ជំនន់​ជា​កម្រិត​គ្រា​អាសន្ន​កម្រិត​ ៣ ដោយ​ដាក់​​វិបត្តិ​នេះ​ស្មើគ្នា​​ជាមួយ​វិបត្តិ​នៅ​យេម៉ែន ​ស៊ីរី​ និង​ស៊ូដង់​ខាង​ត្បូង​៕​ AFP/SK