ក្រុងប៉ារីស៖ ចំនួនអ្នកស្លាប់ជាសកលបណ្តាលមកពីវីរុសរាតត្បាតកូរ៉ូណាបានកើនឡើងជាង ៤ សែននាក់កាលពីថ្ងៃអាទិត្យ ដោយចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័សនៅអាមេរិកឡាទីន ខណៈដែលអឺរ៉ុបបានបន្ធូរបន្ថយការបិទប្រទេសដោយសារការឆ្លងរាលដាលនៅទីនោះ ត្រូវគេគ្រប់គ្រងបាន។
សម្តេច ប៉ាប ហ្វ្រង់ស៊ីស ដែលថ្លែងទៅកាន់ក្រុមអ្នកកាន់សាសនាកាតូលិកនៅក្នុងទីលាន Saint Peter កាលពីថ្ងៃអាទិត្យជាលើកដំបូង ចាប់តាំងពីស្ថានភាពគ្រាអាសន្នសុខភាពបានចាប់ផ្តើមបានថ្លែងថា ស្ថានភាពអាក្រក់បំផុតនៅអ៊ីតាលីបានចប់ហើយ និងបានសម្ដែងក្តីអាណិតចំពោះអ្នកដែលនៅក្នុងប្រទេសនានានៅអាមេរិកឡាទីន ដែលប៉ះពាល់យ៉ាងខ្លាំងនោះ។
សម្តេច ប៉ាប បានថ្លែងខណៈបុរីវ៉ាកង់បានអះអាងថា ខ្លួនមិនមានករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងចំណោមបុគ្គលិករបស់ខ្លួនឬនៅក្នុងបុរីវ៉ាទីកង់នេះតែម្តង ថា៖ «វត្តមានរបស់អ្នកនៅក្នុងទីលាននេះ គឺជាសញ្ញាមួយថា នៅក្នុងប្រទេសអ៊ីតាលីដំណាក់កាលនៃជំងឺរាតត្បាតធ្ងន់ធ្ងរបានចប់ហើយ»។
«ជាអកុសល នៅក្នុងប្រទេសដទៃទៀត ខ្ញុំកំពុងគិតដល់ពួកគេ គឺវីរុសនេះ បន្តសម្លាប់ជនរងគ្រោះជាច្រើនទៀត»។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ខ្ពស់ជាងគេបំផុតទី ៣ នៅក្នុងពិភពលោក គឺស្លាប់ជាង ៣៦ ០០០ នាក់ ប៉ុន្តែលោកប្រធានាធិបតី ចៃរ បូលសូណារូ បានរិះគន់វិធានការឲ្យស្នាក់នៅក្នុងផ្ទះ ដែលដាក់ចេញដោយមន្ត្រីតំបន់ និងបានគំរាមចាកចេញពីអង្គការសុខភាពពិភពលោក។
ចំនួនអ្នកស្លាប់ក៏បានកើនឡើងយ៉ាងខ្លាំងនៅប្រទេសម៊ិកស៊ិក ប៉េរូ និងអេក្វាទ័រ ខណៈនៅក្នុងប្រទេសស៊ីលី ចំនួនអ្នកស្លាប់ពេលបច្ចុប្បន្ននេះ បានកើនឡើងរហូតដល់ ២ ២៩០ នាក់។
លោករដ្ឋមន្ត្រីស៊ីលី ចេម ម៉ាណាលីច បានថ្លែងកាលពីថ្ងៃអាទិត្យថា ការរាប់ខុសចំនួនខ្លះដែលត្រូវបានចង្អុលបង្ហាញដោយអង្គការសុខភាពពិភពលោកនៅក្នុងខែមីនា និងខែមេសា ត្រូវបានគេកែតម្រូវរួចហើយ ដោយចំនួនអ្នកស្លាប់កើនឡើងពី ១ ៥៤១ នាក់កាលពីថ្ងៃសៅរ៍។
នៅប្រទេសគុយបា លោកប្រធានាធិបតី មីហ្គែល ឌៀស កាណែល បានប្រកាសថា ជំងឺរាតត្បាតនេះត្រូវគ្រប់គ្រងបាន ក្រោយពីប្រទេសកោះនេះ បានបញ្ជាក់ថា រយៈពេល ៨ ថ្ងៃជាប់គ្នា គ្មានចំនួនអ្នកជំងឺកូវីដ ១៩ ទេ ដោយចំនួនអ្នកស្លាប់មានត្រឹមតែ ៨៣ នាក់ទេ។
ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងដល់ជិត ៧ លាននាក់នៅទូទាំងពិភពលោកចាប់តាំងពីជំងឺនេះ បានផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ដោយជំរុញឲ្យផ្នែកជាច្រើននៃពិភពលោកបិទប្រទេស និងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងអាក្រក់បំផុតចាប់តាំងពីមានមហន្តរាយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានការភ័យខ្លាចរលកទី ២ នៃការឆ្លងជំងឺនេះនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចដោយបានជំរុញឲ្យប្រទេសនានានៅអឺរ៉ុបបើកព្រំដែន និងអាជីវកម្មឡើងវិញ និងបណ្តាប្រទេសនៅទូទាំងអាស៊ី និងអាហ្វ្រិកវិលទៅរកធម្មតាបណ្តើរៗហើយ។
ខណៈជិតពាក់កណ្តាលនៃចំនួនអ្នកស្លាប់ទាំងអស់ត្រូវបានកត់ត្រានៅអឺរ៉ុប អាមេរិកនៅតែជាប្រទេសប៉ះពាល់ខ្លាំងបំផុត ដោយមានអ្នកស្លាប់ជាង ១១ ម៊ឺននាក់ បន្ទាប់មកគឺ ប្រទេសអង់គ្លេស ដែលមានចំនួនអ្នកស្លាប់ជាង ៤០ ៥០០ នាក់៕ AFP/PSA