ក្រុងប៉ារីស៖ មនុស្ស​ជាង ​១ ​លាន​នាក់​ បាន​ស្លាប់​ដោយ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា ​ក្រោយ​ពី​វីរុស​នេះ​បាន​កើត​ឡើង​មិន​ដល់ ​១ ឆ្នាំ​ផង ​នៅ​ក្នុង​ប្រទេស​ចិន ​និង​នៅ​ជុំវិញ​ពិភព​លោក​ទាំង​មូល។

វីរុស​រាតត្បាត​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋកិច្ច​ពិភព​លោក​បង្ក​ឲ្យ​មាន​ភាព​តានតឹង​លើ​ភូមិសាស្ត្រ​នយោបាយ ​និង​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាង​ច្រើន​ចាប់​ពី​ជន​មូស្លីម​ឥណ្ឌា និង​មនុស្ស​កុលសម្ព័ន្ធ​នៅ​ប្រទេស​ប្រេស៊ីល ​រហូត​ដល់​ក្រុង​ធំ​បំផុត​របស់​អាមេរិក​ គឺ​ក្រុង​ញូវយ៉ក។

កីឡា​ការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​កម្សាន្ត​ និង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​អន្តរជាតិ​ត្រូវ​បាន​ផ្អាក ​ខណៈ​ក្រុម​អ្នក​គាំទ្រ ​ទស្សនិកជន​ និង​ទេសចរ​ ត្រូវ​បាន​បង្ខំ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ ដោយ​មាន​វិធាន​ការ​យ៉ាង​តឹងរ៊ឹង​ ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​នេះ​។

ការ​គ្រប់គ្រង​យ៉ាង​ហ្មត់​ចត់​ដែល​បាន​ដាក់​មនុស្ស​ពាក់​កណ្តាល​ គឺ​ជាង ​៤ ពាន់​លាន​នាក់​ឲ្យ​នៅ​ក្រោម​ទម្រង់​នៃ​ការ​បិទ​ប្រទេស​ត្រឹម​ខែ​មេសា ​​ដំបូង​បង្ហាញ​ពី​ល្បឿន​នៃ​ការ​ឆ្លង​ថយ​ចុះ ​ប៉ុន្តែ​ចាប់​តាំង​ពី​ការ​រឹត​ត្បិត​ត្រូវ​បាន​បន្ធូរបន្ថយ​មក​ ករណី​ឆ្លង​វីរុស​​ផ្លូវ​ដង្ហើម​នេះ​​ ​បាន​កើន​ឡើង​ជា​ថ្មី​។​

នៅ​ម៉ោង ​២២ និង ​៣០ ​នាទី ម៉ោង​សកល​កាល​ពី​ថ្ងៃ​អាទិត្យ​វីរុស​ផ្លូវ​ដង្ហើម​នេះ ​បាន​ផ្តាច់​ជីវិត​មនុស្ស ​១ ០០០ ០០៩ នាក់​ ពី​ចំនួន​អ្នក​ឆ្លង​ដែល​គេ​កត់ត្រា​ ៣៣​ ០១៨ ​៨៧៧ ​នាក់។ ​នេះ​បើ​យោង​តាម​ចំនួន​របស់ ​AFP​ ដែល​ទទួល​បាន​ពី​ប្រភព​ផ្លូវ​ការ​នានា។

អាមេរិក​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ ដោយ​មាន​ជាង ​២០ ​ម៊ឺន​នាក់ ​បន្ទាប់​មក​គឺ​ប្រទេស​ប្រេស៊ីល ​ឥណ្ឌា​ ម៊ិកស៊ិក​ និង​ចក្រភព​អង់គ្លេស​។ ​

អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​អ៊ីតាលី​ឈ្មោះ Carlo Chiodi ​បាន​និយាយ​ថា​ តួលេខ​ស្លាប់​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ឪពុក​ម្តាយ​របស់​គាត់ ​ដែល​គាត់​បាន​បញ្ជាក់​ថា​ គាត់​បាន​បាត់បង់​ឪពុក​ម្តាយ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ​។ ​

លោក ​Chiodi មាន​វ័យ ​៥០ ​ឆ្នាំ​បាន​ថ្លែង​ថា៖​ «អ្វី​ដែល​ខ្ញុំ​ទទួល​ស្គាល់​ថា​ ជា​​ពេល​វេលា​ដ៏​លំបាក​បំផុត​​នោះ​ គឺ​ថា​ ខ្ញុំ​បាន​ឃើញ​ឪពុក​របស់​ខ្ញុំ​​​ដើរ​ចេញ​ពី​ផ្ទះ​ចូល​ទៅ​ក្នុង​រថយន្ត​សាមុយ ​ហើយ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​អាច​​និយាយ​ទៅ​កាន់​គាត់​នោះ​គឺ ​«លា​ហើយ​»​៕ AFP/PSA