ក្រុងរីយោដឺហ្សេនេរ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងពិភពលោកបានកើនឡើងជាង ៣៧៥ ០០០ នាក់កាលពីថ្ងៃអង្គារ ខណៈវីរុសនេះបន្តរាលដាលនៅទូទាំងអាមេរិកឡាទីន ប៉ុន្តែនៅអឺរ៉ុបត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ ដោយប្រទេសបារាំង វិលត្រឡប់ទៅរកហាងកាហ្វេ និងភោជនីយដ្ឋាន ដែលគួរជាទីពេញចិត្តរបស់ពួកគេឡើងវិញ។
អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ប្រព័ន្ធថែទាំសុខភាពនៅទូទាំងអាមេរិកឡាទីនបានទទួលអ្នកជំងឺច្រើនហួសពេក ខណៈចំនួនអ្នកស្លាប់ដោយសារវីរុសនេះ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងជិត ៣ ម៊ឺននាក់ហើយ។
ការព្រមានពីអង្គការសុខភាពពិភពលោកបានកើនឡើង ខណៈទីភ្នាក់ងារ UN នេះបានចេញគោលការណ៍ណែនាំថ្មីសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលរងការប៉ះពាល់ពីជំងឺរាតត្បាត ដែលលាតត្រដាងពីការហោះហើរដែលទំនងជានឹងកើតឡើង នៅពេលយន្តហោះដឹកអ្នកដំណើរចាប់ផ្តើមដំណើរការល្អឡើងវិញនោះ។ ការកើនឡើងអ្នកជំងឺនៅទូទាំងអាមេរិកឡាទីនបានកើតឡើង ខណៈផ្នែកជាច្រើននៃពិភពលោក វិលត្រឡប់ទៅរកភាពធម្មតាវិញ ក្រោយពីមានការរឹតត្បិតទៅលើជីវិតប្រចំាថ្ងៃអស់ជាច្រើនសប្តាហ៍ ដែលបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង និងមនុស្សរាប់លាននាក់គ្មានការងារធ្វើ។
សាលារៀន អាងហែលទឹក រង្គសាល និងទីកន្លែងទេសចរណ៍ជាច្រើនទៀត បានចាប់បើកឡើងវិញនៅអឺរ៉ុប ខណៈទ្វីបនេះបន្តបន្ធូរបន្ថយការបិទប្រទេស ថ្វីបើមានការគំរាមអំពីរលកនៃការឆ្លងទី ២ ក្តី។
បច្ចុប្បន្នជំងឺរាតត្បាតនេះបានឆ្លងទៅមនុស្សយ៉ាងតិច ៦,២ លាននាក់ ចាប់តាំងពីបានកើតឡើងនៅក្នុងប្រទេសចិន តាំងពីចុងឆ្នាំ ២០១៩។
លោកប្រធានគ្រប់គ្រងស្ថានភាពគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) មីឆែល រីអាន បានថ្លែងថា ប្រទេស ៤ ក្នុងចំណោម ១០ នៅទូទាំងពិភពលោក ដោយមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីច្រើនជាងគេបំផុតកាលពីថ្ងៃចន្ទ គឺនៅអាមេរិកឡាទីន។
ប្រទេសប្រេស៊ីល ប៉េរូ ស៊ីលី និងម៊ិកស៊ិក កំពុងជួបប្រទះការកើនឡើងប្រចាំថ្ងៃច្រើនបំផុត ខណៈចំនួនឆ្លងនោះ កំពុងកើនឡើងនៅក្នុងប្រទេសអាហ្សង់ទីន បូលីវី កូឡុំប៊ី និងប្រទេសហៃទី។
អាមេរិកឡាទីន បានធ្វើតេស្តរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាជាង ១ លាននាក់ និងបានកត់អ្នកស្លាប់ជាង ៥ ម៊ឺននាក់។
ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកឆ្លងជាងពាក់កណ្តាលនៃករណីឆ្លងនោះ និង ៦០ ភាគរយនៃចំនួនអ្នកស្លាប់នោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អភិបាលក្រុងរីយោដឺហ្សេនេរ៉ូ បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុងទេសចរណ៍ដ៏ពេញនិយមនេះ នឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទជាបណ្តើរៗដោយចាប់ផ្តើមកាលពីថ្ងៃអង្គារ គឺចាប់ផ្តើមបើកកន្លែងគោរពបូជា និងកន្លែងកីឡាហែលទឹកឡើងវិញ។
ប្រទេសម៊ិកស៊ិក ក៏បានចាប់ផ្តើមបើកឡើងវិញកាលពីថ្ងៃចន្ទ ដោយធ្វើឲ្យឧស្សាហកម្មរថយន្ត វ៉ែន និងសំណងដំណើរការឡើងវិញ ថ្វីបើប្រទេសនេះ បានកត់ត្រាថា មានអ្នកស្លាប់ជាង ១ ម៊ឺននាក់ក្តី។
លោក រីអាន បានព្រមានថា តំបន់នេះ ប្រឈមនឹងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះយ៉ាងខ្លាំងក្លានៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកបានថ្លែងថា៖ «ខ្ញុំមិនជឿថា យើងឈានដល់ចំណុចកំពូលនៃការឆ្លងវីរុសនេះ ហើយនៅត្រឹមចំណុចនេះ ខ្ញុំមិនអាចប៉ាន់ស្មាន់ថា យើងនឹងឈានដល់នោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយនៅអឺរ៉ុប ប្រទេសជាច្រើនបានចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ដោយក្រើនរំឭកឲ្យមានការប្រុងប្រយ័ត្ន ក្រោយជំងឺរាតត្បាតនេះ ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង៕AFP/PSA