ក្រុង​វ៉ាស៊ីនតោន៖ ​យោង​តាម​ទិន្នន័យ​ដែល​​បាន​បោះពុម្ព​ផ្សាយ​ដោយ​សាកល​វិទ្យាល័យ Johns Hopkins ​បាន​​ឲ្យ​ដឹង​ថា អាមេរិក​បាន​កត់ត្រា​ថា ចំនួន​​​​ស្លាប់​ថ្មី​ដោយសារ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ គឺ ៥១៨ ​នាក់​ នៅ​ក្នុង​រយៈពេល ​២៤ ​ម៉ោង​។​

ចំនួន​អ្នក​ស្លាប់​នេះ ខ្ពស់​ជាង​ការ​កើន​ឡើង​កាល​ពី​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ​ដែល​មាន​​​​ ​៤៥៣ ​នាក់​ ដោយ​បាន​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​​នេះ​ ចាប់​តាំង​ពី​មេរោគ​ផ្លូវ​ដង្ហើម​កូរ៉ូណា​​បាន​ចាប់​ផ្តើម​ឆ្លង​រីក​រាលដាល​រហូត​ដល់ ២ ៤០៩ នាក់​។​

ទិន្នន័យ​នោះ​ បាន​បង្ហាញ​ថា​ ចំនួន​ករណី​ឆ្លង​បាន​កើន​ឡើង​រហូត​ដល់ ​២១ ៣៣៣ ​នាក់ ​ក្នុង​រយៈពេល ​១ ថ្ងៃ ​នៅ​អាមេរិក​។​

ចំនួន​​នោះ គឺ​ប្រហែល​គ្នា​ទៅ​នឹង​ការ​កើន​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​មាន​ចំនួន ២១ ៣០៩ ​នាក់​ ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​ត្រូវ​បាន​គេ​រាប់​បញ្ចូល​នៅ​ក្នុង​ពេល​វេលា​ពិត​ប្រាកដ​ របស់​សាកល​វិទ្យាល័យ ​Johns Hopkins ហើយ​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​។​

ដោយ​មាន​ករណី​ឆ្លង​សរុប​ចំនួន ​១៣៦ ៨៨០ ​នាក់​ អាមេរិក​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​ បាន​នាំ​មុខ​អ៊ីតាលី​ ចិន ​និង​ប្រទេស ​អេស្ប៉ាញ​។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​លោក​អភិបាល​រដ្ឋ អេនដ្រូ​​​ កូម៉ូ ​បាន​ឲ្យ​ដឹង​ថា ​​រដ្ឋ​​ញូវយ៉ក​ដែល​បាន​ក្លាយ​ជា​រដ្ឋ​មាន​ឆ្លង​​​ជំងឺ​កូវីដ ​១៩ ​នៅ​អាមេរិក​ គឺ​ជា​តំបន់​បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ដោយ​មាន​ករណី​ឆ្លង​ជិត ​៦ ម៊ឺន​នាក់​ និង​ ​៩៦៥ ​នាក់​ផ្សេង​ទៀត​បាន​​ស្លាប់​។

អ្នក​វិទ្យាសាស្ត្រ​អាមេរិក​លោក អានថូនី​ ហ្វូស៊ី​ ជា​អ្នក​ជំនាញ​ជំងឺ​ឆ្លង​ និង​ជា​ទី​ប្រឹក្សា​របស់​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ​ ក្នុង​អំឡុង​វិបត្តិ​នេះ​ បាន​ព្យាករ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា វីរុស​កូរ៉ូណា​នេះ​អាច​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ពី ​១០ ​ម៊ឺន ​ទៅ ​២០ ​ម៊ឺន​នាក់ ​នៅ​អាមេរិក​។

លោក ត្រាំ បាន​ថ្លែង​ក្រោយ​លោក ​អានថូនី​ ហ្វូស៊ី​ ដែល​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​ជំងឺ​ឆ្លង​នៅ​វិទ្យាស្ថាន​សុខភាព​ជាតិ​ថា ​លោក​ជឿ​ថា ​ប្រជាជន US ចន្លោះ​ពី ​១០ ​ម៊ឺន ​ទៅ ​២០ ម៊ឺន​នាក់ ​អាច​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា ​និង​រាប់​លាន​នាក់​អាច​ឆ្លង​មេរោគ​នេះ​៕ AFP/SK​