ក្រុង​តូក្យូ៖​ អ្នក​ធ្វើ​ការងារ​ សង្គ្រោះ​រាប់​ម៊ឺន​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ស្វែងរក​អ្នក​រួច​​ជីវិត​ពី​ព្យុះ​ទីហ្វុង​ហាជីប៊ីស​​​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា​រយៈពេល ​២ ​ថ្ងៃ ​ក្រោយ​ពី​ព្យុះ​នោះ​បាន​វាយ​ប្រហារ​ប្រទេស ​ជប៉ុន ​ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ​៤៣ នាក់​ស្លាប់​។​

ព្យុះ​ហាជីប៊ីស​បាន​បោក​បក់​ចូល​ប្រទេស​នេះ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ​ប៉ុន្តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជា​ច្រើន​ម៉ោង​មុន​នឹង​ព្យុះ​នេះ​បាន​មក​ដល់ ​ដោយ​បាន​បង្ក​ឲ្យ​បាក់​ដី ​និង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ជោរ​ជន់​រហូត​ដល់​បង្ក​ឲ្យ​ទន្លេ​បាក់​ច្រាំង។

អ្នក​ជួយ​សង្គ្រោះ​ជាង​ ១១ ម៊ឺន​នាក់ ​នៅ​ក្នុង​នោះ​មាន​ទាហាន ​៣១ ​ពាន់​នាក់ ​បាន​ធ្វើ​ការ​ពេញ ​១ ​យប់​ និង​ឆ្លង​ចូល​ដល់​ថៃ្ង​ចន្ទ ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដោយ​ស្វែងរក​មនុស្ស​ដែល​ជាប់​​ដោយ​គ្រោះ​មហន្តរាយ​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច ​៣៥ ​នាក់​បាន​ស្លាប់ ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Kyodo ​រាយការណ៍​ថា ​មនុស្ស ​១៦ ​នាក់​បាន​បាត់​ខ្លួន និង​ជាង ២០០ នាក់​រង​របួស។​ តួលេខ​របស់​រដ្ឋាភិបាល​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទាប​ជាង​នេះ​ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ត្រូវ​រំពឹង​ទុក​កាល​ពី​ថ្ងៃ​ចន្ទ​។

ព្យុះ​ហាជីប៊ីស​ ជា​ព្យុះ​មួយ​ក្នុង​ចំណោម​ព្យុះ​មាន​កម្លាំង​ខ្លាំង​បំផុត​ ដែល​វាយ​ប្រហារ​តំបន់​តូក្យូ​ជា​ច្រើន​ទសវត្សរ៍​ បាន​បោកបក់​ក្នុង​ល្បឿន​រហូត​ដល់ ​២១៦ ​គីឡូ​ម៉ែត្រ ​ក្នុង ​១ ​ម៉ោង៕ AFP/PSA