ក្រុង​កាណូ៖ ​ប្រភព​សន្តិសុខ ​និង​ក្រុម​ពលរដ្ឋ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ចំនួន​អ្នក​ស្លាប់​ពី​ការ​វាយ​ប្រហារ​មួយ​របស់​ក្រុម​​​ជីហាដ​និយម​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម​ ទៅ​លើ​ភូមិ​មួយ​នៅ​​នីហ្សេរីយ៉ា​ភាគ​ឦសាន​ បាន​កើន​ឡើង​រហូត​ដល់ ​៦៩ ​នាក់​។​

ក្រុម​យុទ្ធជន​ដែល​​ត្រូវ​​បាន​គេ​​ជឿ​ថា​ មក​ពី​ក្រុម​ប្រឆាំង​រដ្ឋ​អ៊ិស្លាម​នៅ​ខេត្ត​ភាគ​ខាង​លិច​ប្រទេស​អាហ្វ្រិក ​(ISW-AP) បាន​បាញ់​រះ​ទៅ​លើ​ក្រុម​ពលរដ្ឋ​ជាមួយ​រថយន្ត​ជា​ច្រើន​គ្រឿង​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​ជនបទ​ហ្វីឡូ ​កាល​ពី​ថ្ងៃ​អង្គារ​។​

ប្រភព​ដដែល​នោះ ​បាន​ប្រាប់​កាសែត ​AFP ​ថា​ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ចាប់​ពី ​៥៩ នាក់​ ក្រោយ​មក​មាន​សាកសព​ ​១០ ​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ជនបទ​នៅ​ជុំវិញ​សហគមន៍​ចិញ្ចឹម​សត្វ​។

មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​ថា​៖ «​ជា​ការ​​ពិត​ណាស់ ​ពួក​គេ​បាន​សម្លាប់​មនុស្ស​ ​៦៩ ​នាក់​ ដោយ​សាកសព​ជា​ច្រើន​បន្ថែម​ទៀត​ ត្រូវ​បាន​គេ​រក​ឃើញ​ដេក​រាយ​ប៉ាយ​នៅ​ទី​វាល​ចិញ្ចឹម​សត្វ​នោះ​»​។​

លោក ​អ៊ីប្រាហ៊ីម​ លីម៉ែន​ ជា​សមាជិក​ម្នាក់​របស់​ក្រុម​ជីវពល​ប្រឆាំង​ជីហាដ​ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​បាន​ផ្តល់​តួលេខ​សរុប​ស្រដៀង​គ្នា​។​

លោក​បាន​ថ្លែង​ថា​៖ «​សាកសព​ទាំង​នោះ​ បាន​ដេក​រាយ​ប៉ាយ​នៅ​ពាស​ពេញ​តំបន់​ធំ​ល្វឹងល្វើយ​ ១ កន្លែង​ ខណៈ​ក្រុម​បះបោរ​បាន​ដេញ​ចាប់​ជន​រងគ្រោះ​ ដោយ​បាន​បាញ់​សម្លាប់​ពួក​គេ​ និង​កម្ទេច​ពួក​គេ​ជាមួយ​រថយន្ត​បំពាក់​ដោយ​កាំភ្លើង​យន្ត​ជា​ច្រើន​គ្រឿង​»​។​

មេ​ដឹកនាំ​សហគមន៍​ ដែល​បាន​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​ ក្រុម​វាយ​ប្រហារ​ទាំង​នោះ​ បាន​បាញ់​រះ​ទៅ​លើ ​«​បុរស​ និង​ក្មេង​» ​ចំនួន​ ៦៩ ​នាក់​ ខណៈ​ពួក​គេ​បាន​ឃ្វាល​គោ​ក្របី​ នៅ​ទឹក​ត្រពាំង​មួយ​ខាង​ក្រៅ​ភូមិ​នោះ​។​

មេ​ដឹកនាំ​នោះ​បាន​ថ្លែង​ថា​៖ «ពលរដ្ឋ​របស់​យើង​​បាន​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​៕ AFP/SK