រដ្ឋាភិបាល​បារាំង​បាន​បង្ហាញ​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ពុធ ​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​រៀបចំ​យោធា​បារាំង​ឱ្យ​ប្រសើរ​ជាង​មុន ​ក្នុង​ការ​ទប់ទល់​នឹង​ក្រុម​អ៊ិស្លាម​និយម​ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ​ប៉ុន្ដែ​ត្រូវ​បាន​គេ​រិះគន់​ថា​ បង្ក​ឱ្យ​មាន​ការ​រើសអើង​សាសនា ​និង​ការ​បែងចែក​ប្រទេស​ជា ​២ ផ្នែក។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​លើក​ឡើង​យក​មក​ពិភាក្សា​ក្រោយ​ពេល​ដែល​បារាំង​ទទួល​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ពី​ក្រុម​អ៊ិស្លាម​និយម​ជា​ច្រើន​ដង​ រួម​មាន​ការ​កាត់​ក្បាល​គ្រូ​បង្រៀន​ម្នាក់​ដែល​បាន​បង្ហាញ​រូប​តុក្កតា​ប្រមាថ​ដល់​ព្យាការីអ៊ិស្លាម​ក្នុង​ថ្នាក់​កាល​ពី​ខែ​តុលា​ និង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ព្រះវិហារ​ធំ​ជាង​គេ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស ៣ នាក់​ផង​ដែរ។

ច្បាប់​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​ថា «ការ​ពង្រឹង​គោលការណ៍​របស់​សាធារណរដ្ឋ» ​រួម​បញ្ចូល​ការ​ដាក់​គោលការណ៍​តម្រូវ​ឱ្យ​សិស្ស​សាលា​ជនជាតិ​មូស្លីម​រៀន​នៅ​សាលា​សាសនា ដែល​លោក Macron ​និយាយ​ថា​ នៅ​ទីនោះ ​«ការ​អប់រំ​រួម​បញ្ចូល​ទាំង​ការ​គោរព​បូជា​ព្រះ ​និង​មុខវិជ្ជា​ផ្សេងៗ​ទៀត» សម្រាប់​សិស្ស​មូស្លីម។

លោក ​Macron​ បាន​បន្ត​ថា៖ «សាលារៀន ​គឺ​ជា​កន្លែង​ដែល​ត្រូវ​តែ​ពង្រឹង​គោលការណ៍​របស់​ប្រទេស​សាធារណរដ្ឋ​ជា​អាទិភាព​បំផុត ​មិន​មែន​ជា​កន្លែង​សម្រាប់​គោរព​សាសនា​ទេ ​ជា​កន្លែង​អប់រំ​ពលរដ្ឋ​មិនមែន​ជា​កន្លែង​សម្រាប់​អ្នក​គោរព​បូជា​ព្រះ​ទេ​»​។

មាត្រា​មួយ​ទៀត​នៃ​ច្បាប់​ដដែល​នេះ បាន​លើក​ទឹក​ចិត្ត​ឱ្យ​វិហារ​អ៊ិស្លាម​ចុះ​ឈ្មោះ​ជា​កន្លែង​គោរពបូជា​ ដើម្បី​កំណត់​អត្តសញ្ញាណ​បាន​កាន់​តែ​ច្បាស់​ថា​ ជា​វិហារ​សាសនា​អ៊ិស្លាម។ វិហារ​អ៊ិស្លាម​ជាង ២ ៦០០ នៅ​ក្នុង​ប្រទេស​ដែល​ភាគ​ច្រើន​មាន​សាលា​គម្ពីរ​គរុ​ពេល​បច្ចុប្បន្ន​បាន​ដំណើរ​ការ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​ប៉ុណ្ណោះ។

នាយក​រដ្ឋមន្រ្តី ​Jean Castex ​បាន​សង្កត់​ធ្ងន់​កាល​ពី​ថ្ងៃ​ពុធ​ ថា៖ ​«ច្បាប់​នេះ​មិនមែន​ជា​ច្បាប់​ប្រឆាំង​នឹង​សេរីភាព​សាសនា​ ជា​ពិសេស​សាសនា​មូស្លីម​ទេ តែ​វា​ជា​ច្បាប់​នៃ «ការ​រំដោះ​ខ្លួន​នៅ​ចំពោះ​មុខ​លទ្ធិ​អ៊ិស្លាម​ជ្រុល​និយម»។ លោក ​Castex ​ពិពណ៌នា​ច្បាប់​នេះ ថា «ជា​ច្បាប់​សេរីភាព​ ការពារ​ និង​រំដោះ​ខ្លួន​នៅ​ចំពោះ​មុខ​លទ្ធិ​សាសនា​ជា​មូលដ្ឋាន​»។

បច្ចុប្បន្ន​ចំនួន​ប្រជាជន​មូស្លីម​នៅ​ប្រទេស​បារាំង ​មាន​ចំនួន​ប្រមាណ ​៥ ​លាន​នាក់ ​ដែល​អាច​នឹង​ត្រូវ​ប្រឈម​មុខ ​និង​ទទួល​រង​សម្ពាធ​ពី​ច្បាប់​នេះ។​ យ៉ាងណា​មិញ​ ច្បាប់​នេះ ​ក៏​ត្រូវ​បាន​អ្នក​មួយ​ចំនួន​រិះគន់​ថា ជា​ការ​ប្រកាន់​ពូជសាសន៍ ​និង​សាសនា។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ​Gerald Darmanin ​ដែល​ទទួល​ខុស​ត្រូវ​ខាង​ជំនឿ​ផង​ដែរ​ បាន​និយាយ​ថា ​លោក ​Macron ​បាន​ស្នើសុំ​ឱ្យ​គាត់​រៀបចំ​បេសកកម្ម​សភា​មួយ​ចំនួន ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​សាសនា​​ផ្សេងៗ ​រួម​មាន​គ្រិស្ត​សាសនា​សាសនា​ជ្វីហ្វ​ និង​ក្រុម​មូស្លីម​ផង​ដែរ​។

លោក​បាន​និយាយ​ថា៖ «ការ​រើសអើង​សាសនា​កំពុង​តែ​បន្ត​កើន​ឡើង។​ វា​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា។ ​វា​ធ្វើ​ឱ្យ​ពួក​គេ​ឈឺ​ចាប់​ណាស់​»។

លោក ​Irfan Thakar ​ជា​ជនជាតិ​បារាំង​កាន់​សាសនា​អ៊ិស្លាម ​ប៉ុន្តែ​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា ​ជា​ជនជាតិ​មូស្លីម​រស់នៅ​បារាំង​បាន​និយាយ​ថា៖ «ខ្ញុំ​ជា​ជនជាតិ​បារាំង ប៉ុន្តែ​ខ្ញុំ​ត្រូវ​ពន្យល់​ជន​មិនមែន​មូស្លីម​ម្តង​ហើយ​ម្តង​ទៀត។ ​មនុស្ស​ជា​ច្រើន​គិត​ថា​ សាសនា​អ៊ិស្លាម​មិន​ត្រូវ​គ្នាជាមួយ​បារាំង​ទេ ​ប៉ុន្តែ​វា​មិនមែន​ជា​ការ​ពិត​ទេ​»។

លោក​បាន​បន្ត​ថា៖​ «យើង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ជនជាតិ​ផ្សេង ​រស់នៅ​ប្រទេស​ផ្សេង​អ៊ីចឹង។​ នេះ​ក៏​ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែង​និយាយថា​ សាសនា​អ៊ិស្លាម បង្រៀន​ឱ្យ​មាន​ការ​ធ្វើ​ភេរវកម្ម​នៅ​ពេល​ណា​ដែល​មាន​ព័ត៌មាន​អំពី​អំពើ​ភេរវកម្ម​ផ្សេងៗ​»។

លោក Asif Arif​ ជា​មេធាវី ​និង​ជា​សមាជិក​ជនជាតិ​មូស្លីម​នៅ​បារាំង​បាន​និយាយ​ថា៖ «ច្បាប់​ថ្មី​នេះ ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​ដល់​ប្រជាជន​មូស្លីម​នៅ​ក្នុង​ប្រទេស​បារាំង ​ថែម​ទៀត។ រដ្ឋា​ភិបាលបង្កើត​ឱ្យ​មាន​ការ​បែងចែក​សាសនា។ ​រដ្ឋាភិបាល​ក៏​បាន​លុប​បំបាត់​ក្រុម​សមូហភាព​ប្រឆាំង​នឹង​ការ​រើសអើង​សាសនា​អ៊ិស្លាម ​ទៀត​ផង​»។

លោក ​Arif ​បាន​បន្ថែម​ថា៖ «យើង​មាន​ច្បាប់​គ្រប់គ្រាន់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ​និង​ជា​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម​ដ៏​តឹងរ៉ឹង​បំផុត​មួយ​របស់​ពិភព​លោក។ ជំនួស​ឱ្យ​ការ​បង្កើត​ច្បាប់​ថ្មី​រឹត​បន្តឹង​សេរីភាព​របស់​យើង ​រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ទៅ​បាន​ហើយ​»។

ជាមួយ​នឹង​ការ​លើក​ឡើង​ពី​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ​អ្នក​ខ្លះ​បាន​និយាយ​ថា ​អាច​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​នយោបាយ ​និង​ភាព​ដែល​​អាច​ឈ្នះ​ឆ្នោត​របស់ លោក ​Macron កាន់​តែ​ចុះ​ខ្សោយ​បន្ថែម​ ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២​៕​