ក្រុង​អ៊ីស្តង់ប៊ុល៖ ​ឆ្មាំ​សមុទ្រ​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​វេបសាយ​ថា ​ឆ្មាំ​សមុទ្រ​ និង​ប៉ូលិស​តួកគី ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចាប់​ខ្លួន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ សរុប​ទាំង​អស់​ចំនួន ​២៧៦ ​នាក់​ និង​អ្នក​​ជួញ​ដូរ​មនុស្ស ​៨ ​នាក់​ នៅ​ក្នុង​នាវា ​១ ​គ្រឿង​ នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​អាអ៊ីជៀន​នៃ​​ប្រទេស​តួកគី​។​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ឆ្មាំ​សមុទ្រ​ កងកម្លាំង​ប៉ូលិស​ ក្រុម​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​អង្គភាព​​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ បាន​ធ្វើ​ប្រតិបត្តិការ​រួម​មួយ​ ចាប់​ពី​ផ្លូវ​សមុទ្រ​ និង​​ផ្លូវ​គោក​​ ដើម្បី​ចាប់​ខ្លួន​ក្រុម​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​​ នៅ​ជុំវិញ​ខេត្ត​អ៊ីស្មឺរ​ភាគ​ខាង​លិច​។​

ឆ្មាំ​សមុទ្រ​​បាន​បន្ថែម​ថា ​ក្រុម​ជន​ចំណាក​ស្រុក​ទាំង​នោះ​ មាន​បំណង​ចង់​លួច​ចូល​អឺរ៉ុប​ ដោយ​ជិះ​នាវា​ឈ្មួញ ​១ ​គ្រឿង​ ដោយ​បាន​បន្ថែម​ថា​ ក្រុម​ជួញ​ដូរ​មនុស្ស​នោះ​ ត្រូវ​បាន​ឃុំ​ខ្លួន​ ក្រោយ​ពី​បើក​ប្រតិបត្តិការ​​។​

ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ NTV ​បាន​ដាក់​ចំនួន​ជន​ចំណាក​ស្រុក​ នៅ​លើ​នាវា​នោះ​ចំនួន ​២៦៨ ​នាក់​ ដោយ​បាន​បន្ថែម​ថា​ ពួក​គេ​ទាំង​អស់​នោះ​ បាន​កំពុង​ជួប​ការ​លំបាក​យ៉ាង​ច្រើន​​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​​។​

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា ​ក្រុម​ជន​ភៀស​ខ្លួន​​មាន​សញ្ជាតិ​ខុសៗ​គ្នា​ ខ្លះ​មក​ពី​បង់ក្លាដែស​ អ៊ីរ៉ង់​ ស៊ីរី​ អាហ្វហ្គានីស្ថាន​ សូម៉ាលី​ និង​សាធារណរដ្ឋ​អាហ្វ្រិកណ្តាល​។​

បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​​ដែល​​ចេញ​ផ្សាយ​ដោយ​ឆ្មាំ​សមុទ្រ​តួកគី​បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​ ​​ជន​ចំណាក​ស្រុក​សរុប​ទាំង​អស់ ១១ ៨៥៦ ​នាក់​ បាន​ព្យាយាម​ចូល​ទៅ​ប្រទេស​ក្រិក​ តាម​សមុទ្រ​តួកគី​៕​ Xinhua/SK