ក្រុង​ណៃរ៉ូប៊ីៈ ​អ្នក​នាំ​ពាក្យ​អង្គការ​ជន​ចំណាក​ស្រុក​អន្តរ​ជាតិ​បាន​ថ្លែង​ប្រាប់​កាសែត ​AFP​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ជន​ចំណាក​ស្រុក ​៨ ​នាក់បាន​ស្លាប់​ និង ​១២ ​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​ ក្រោយ​ពី​ក្រុម​ជួញ​ដូរ​មនុស្សបាន​បង្ខំ​ពួក​គេ​ឲ្យ​ចាក​ចេញ​ពី​ទូក​មួយ​គ្រឿង​នៅ​ជិត​ប្រទេស​ជី​ប៊ូ​ទី​។​

​ក្រុម​ជន​ចំណាក​ស្រុក​ទាំង​នោះ​ ពួក​គេ​ទាំង​អស់​ត្រូវ​បាន​គេ​ជឿ​ថា​ គឺ​ជា​ជន​ជាតិ​អេត្យូ​ពី​បាន​វិល​ត្រឡប់​ទៅ​​អាហ្វ្រិក​ ក្រោយ​ពី​ខក​ខាន​មិន​បាន​ទៅ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ តាម​ប្រទេស​យេ​ម៉ែន​ បាន​បិទ​ព្រំ​ដែន​ដោយ​សារ​ជំងឺ​កូ​វីដ​ ១៩​។​

អ្នក​នាំ​ពាក្យ​អង្គការ​ IOM ​គឺ​លោក​ស្រី​ វុន​នី​ ឌី​ជី​ បាន​ថ្លែង​ថា​៖ «​ជន​ចំណាក​ស្រុក​យ៉ាង​តិច ​៨​ នាក់​បាន​ស្លាប់​ និង ​១២​ នាក់​ផ្សេង​ទៀត​ កំពុង​បាត់​ខ្លួន​នៅ​សមុទ្រ​ ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​គេ​បង្ខំ ​ឲ្យ​ចាក​ចេញ​ពី​ទូក​មួយ​ ដោយ​ក្រុម​អ្នក​ជួញ​ដូរ​មនុស្ស​ នៅ​ម្តុំ​ឆ្នេរ​សមុទ្រ​ប្រទេស​ជី​ប៊ូ​ទី​»​។​

យោង​តាម​សាក្សី​នៅ​រស់​មួយ​ចំនួន​ ដែល​បាន​ជួយ​សង្គ្រោះ​ដោយ​អង្គការ​ IOM ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ជួញ​ដូរ​មនុស្ស​ ៣​ នាក់​ បាន​បង្ខំ​ដោយ​ហិង្សា​ទៅ​លើ​ ក្រុម​បុរស​និង​ស្ត្រី​វ័យ​ក្មេង​ ឲ្យ​ចាក​ចេញ​ពី​នា​វា​នោះ​ ខណៈ​នៅ​ក្នុង​សមុទ្រ​នៅ​ឡើយ​៕ SK