កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ​២១ ​មករា ​នេះ ប្រជាពលរដ្ឋ ១ ​រូប​នៅ​រដ្ឋ​ California សហរដ្ឋ​អាមេរិក​បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ទទួល​វ៉ាក់សាំង​កូវីដ ១៩​ នេះ​បើ​តាម​ការិយាល័យ​ប៉ូលិស​តំបន់​ Placer County ដែល​បាន​​ប្រកាស​ពី​ការ​ស្លាប់​ និង​ការ​​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី ២៣ នៅ​ក្នុង​ទំព័រ​ Facebook មួយ​ដែល​​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​​ច្រើន​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន NY Post។

ប៉ូលិស​បាន​និយាយ​ថា​៖ ​«មាន​​​ភ្នាក់ងារ​មូលដ្ឋាន​រដ្ឋ និង​សហព័ន្ធ​ជា​ច្រើន​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​យ៉ាង​សកម្ម​។ របាយការណ៍​ណា​មួយ​ជុំវិញ​មូលហេតុ​នៃ​ការ​ស្លាប់ ​គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅ​​ឡើយ​ដោយ​រង់​ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​»។

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ​២០២០ បុគ្គល​​ម្នាក់​នេះ​បាន​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ ១៩​។

ការិយាល័យ​ប៉ូលិស​មិន​បាន​បញ្ជាក់​ថា ​តើ​បុគ្គល​ម្នាក់​នោះ​បាន​​ទទួល​វ៉ាក់សាំង Moderna ឬ Pfizer/​BioNTechទេ​។ វ៉ាក់សាំង​​ទាំង​ ២ ​នេះ​ធ្លាប់​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី​ក្នុង​មនុស្ស​មួយ​ចំនួន​ ប៉ុន្តែ​ករណី​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​ គឺ​កម្រ​ណាស់​៕