ក្រុង​វូហាន៖ ​អាមេរិក ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ប្រញាប់​ប្រញាល់​ទៅ​ទទួល​យក​ក្រុម​ពលរដ្ឋ​របស់​ពួក​គេ​ចេញ​ពី​ទីក្រុង​វូហាន ​ដែល​បាន​បិទ​មិន​ឲ្យ​មនុស្ស​ចេញ​ចូល​ ដោយសារ​ការ​ឆ្លង​រាលដាល​មេរោគ​ផ្លូវ​ដង្ហើម​ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១០៦ ​នាក់​ ហើយ​ចំនួន​អ្នក​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​​គេ​បញ្ជាក់​​ថា​ កើន​ឡើង​ដល់​​​ជាង ​៤ ៥០០ ​នាក់​។

ជំងឺ​ផ្លូវ​ដង្ហើម​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នេះ​ ដែល​ក្រុម​អ្នក​ជំនាញ​បាន​ជឿ​ថា​ វា​បាន​ឆ្លង​ចេញ​ពី​ទីផ្សា​រលក់​សាច់​សត្វ​ព្រៃ​មួយ​កន្លែង ​នៅ​ក្នុង​ទីក្រុង​វូហាន​កាល​ពី​ខែ​មុន​ បាន​ធ្វើ​ឲ្យ​ប្រទេស ​ចិន ​ខំ​ប្រឹងប្រែង​ទប់ស្កាត់​យ៉ាង​ខ្លាំង​ ក្រោយ​ពី​មេរោគ​នេះ​បាន​ឆ្លង​រាលដាល​នៅ​ទូទាំង​ប្រទេស​ និង​ទៅ​កាន់​ប្រទេស​ជាង ​១០ ​ផ្សេង​ទៀត​។​

រដ្ឋាភិបាល​ចិន​បាន​បិទ​ទីក្រុង​វូហាន​ និង​ទីក្រុង​មួយ​ចំនួន​ទៀត នៅ​កណ្តាល​ខេត្ត​ហឺប៉ី​ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ​៥០ លាន​នាក់ ​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​ទាំង​នោះ​ នៅ​ក្នុង​នោះ​មាន​ជន​បរទេស​រាប់​ពាន់​នាក់​ផង​ដែរ ​នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​មិន​ឲ្យ​មេរោគ​នោះ​ឆ្លង​រាល​ដាល​ នៅ​ថ្ងៃ​​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​មាន​មនុស្ស​ធ្វើ​ដំណើរ​យ៉ាង​ច្រើន​ទៅ​ទីនោះ​​។​

ខណៈ​អ្នក​ដែល​​បាន​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​វូហាន ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ក្រុម​រដ្ឋាភិបាល​ប្រទេស​ខ្លះ​​ បាន​ប្រញាប់​ប្រញាល់​រក​មធ្យោបាយ​ទៅ​ទទួល​យក​ពលរដ្ឋ​របស់​ពួក​គេ​ប្រកប​ដោយ​សុវត្ថិភាព​ចេញ​ពី​ទីក្រុង​វូហាន ​ដែល​មាន​មនុស្ស​រស់នៅ​ចំនួន ១១ ​លាន​នាក់​។​

អាមេរិក​ បារាំង ​និង​ជប៉ុន​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ ដែល​បាន​ប្រកាស​ផែនការ​ដើម្បី​ដឹក​ជញ្ជូន​តាម​យន្តហោះ​ ប៉ុន្តែ​ជិត​មួយ​សប្តាហ៍​ក្រោយ​ពី​មាន​ការ​បិទ​មិន​ឲ្យ​ធ្វើ​ការ​ជម្លៀស​នោះ ​នៅ​មិន​ទាន់​ធ្វើ​ឡើង​នៅ​ឡើយ​ទេ​។​

ក្រុមហ៊ុន​ជើង​ហោះហើរ​របស់​អាមេរិក​ គ្រោង​នឹង​ចាក​ចេញ​ពី​ទីក្រុង​វូហាន​កាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​បុគ្គលិក​ស្ថាន​កុងស៊ុល ​និង​ពលរដ្ឋ​អាមេរិក​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

ប៉ុន្តែ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ថ្លែង​ថា ​បញ្ហា​នោះ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ពុធ​ ដោយ​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ពន្យារពេល​នោះ​ទេ​។​

បារាំង​បាន​ថ្លែង​ថា​ ប្រទេស​របស់​ខ្លួន​មាន​គោល​បំណង​ទៅ​ទទួល​យក​ក្រុម​ពលរដ្ឋ​របស់​ខ្លួន​ ចេញ​ពី​ទីក្រុង​វូហាន​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ​ ហើយ​ប្រទេស ​ជប៉ុន ​វិញ​មាន​គម្រោង​ទៅ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ស្រដៀង​គ្នា​នេះ​ដែរ​។​

ប្រទេស​ខ្លះ​ផ្សេង​ទៀត​ បាន​កំពុង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​របស់​ពួក​គេ​ ខណៈ​ប្រទេស ​អាល្លឺម៉ង់ ​វិញ ​បាន​ថ្លែង​ថា​ ខ្លួន​កំពុង​ពិចារណា​អំពី​ការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ដែរ​នោះ។

មេរោគ​នេះ​អាច​ត្រូវ​បាន​ចម្លង​រវាង​មនុស្ស​​ ថ្វី​បើ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​កំណត់​ពី​របៀប​ដែល​មេរោគ​នេះ​ឆ្លង​ច្បាស់​ទេ​ ហើយ​របៀប​ណា​ដែល​វា​​រាលដាល​​ក្តី​។ ​​​

នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​មនុស្ស​ជា​ច្រើន​មិន​ឲ្យ​ទំនាក់ទំនង​គ្នា​ជិត​ស្និទ្ធ​នោះ ​ចិន​បាន​ដាក់​កម្រិត​ការ​ដឹក​ជញ្ជូន​យ៉ាង​តឹងរ៊ឹង​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​នេះ​។ ​

ក្រសួង​អប់រំ​កាល​ពី​ថ្ងៃ​អង្គារ​ក៏​បាន​និយាយ​ថា​ ឆមាស​នៅ​រដូវ​ផ្កា​រីក​សម្រាប់​សាលា​រៀន​ និង​សាកល​វិទ្យាល័​នៅ​ទូទាំង​ប្រទេស​នឹង​ត្រូវ​ពន្យារពេល​ ដោយ​មិន​ផ្តល់​កាល​បរិចេ្ឆទ​បន្ត​ឡើង​វិញ​ទេ។

គណៈកម្មការ​សុខភាព​ជាតិ​បាន​ថ្លែង​​កាល​ពី​ថ្ងៃ​អង្គារ​ថា ចំនួន​​ស្លាប់​ថ្មី ​២៦ ​នាក់ ​កើត​ឡើង​ក្នុង​​រយៈពេល ​២៤ ​ម៉ោង​ ដោយ​នាំ​ឲ្យ​ចំនួន​​ស្លាប់​ទូទាំង​ប្រទេស​សរុប ​១០៦ ​នាក់​។

ចំនួន​អ្នក​​ឆ្លង​កើន​ឡើង​​​ដល់ ​៤ ៥១៥ នាក់​ពី​ចំនួន ​២ ៧៤៤ នាក់ កាល​ពី​ថ្ងៃ​ចន្ទ៕ AFP/ SK