ក្រុងកាត់ថ្មាន់ឌូ៖ ប៉ូលិសនេប៉ាល់បានចាប់ខ្លួនអ្នកតវ៉ា ១០ នាក់ នៅក្នុងនោះមានជនបរទេសមកពីប្រទេសអូស្ត្រាលី អាមេរិក កាណាដា កាលពីថ្ងៃសៅរ៍ ខណៈមនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅក្នុងក្រុងកាត់ថ្មាន់ឌូប្រឆាំងរដ្ឋាភិបាល ជុំវិញការគ្រប់គ្រង និងដោះស្រាយវិបត្តិវីរុស។
ក្រុមអ្នកតវ៉ាបានផ្គើននឹងការបិទនៅទូទាំងប្រទេសប៉ុន្មានថ្ងៃកាលពីសប្តាហ៍មុន ដើម្បីទាមទារឲ្យមានការធ្វើតេស្តឲ្យបានល្អប្រសើរ និងមានអគារដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ពលករចំណាកស្រុក ដែលវិលត្រឡប់មកវិញ។
មន្ត្រីប៉ូលិសលោក Sushil Kumar Yadav បានថ្លែងប្រាប់ AFP ថា ៧ នាក់ក្នុងចំណោមអ្នកត្រូវចាប់ខ្លួននោះ គឺជាជនបរទេស។ លោកបានថ្លែងថា ៣ នាក់ ក្នុងចំណោមនោះ គឺជាជនជាតិចិន ដោយម្នាក់មកពីអាមេរិក ម្នាក់មកពីអូស្ត្រាលី ម្នាក់មកពីកាណាដា និងម្នាក់ទៀត មកពីន័រវែស។
លោកបានថ្លែងបន្ថែមថា៖ «មិនទាន់សម្រេចថា តើពួកគេនឹងត្រូវចោទប្រកាន់ ឬយ៉ាងណានោះទេ?»។
នៅក្នុងកន្លែងតវ៉ាកាលពីថ្ងៃសៅរ៍ អ្នកចូលរួមទាំងអស់បានពាក់ម៉ាស់ដោយកាន់បដាសរសេរថា «ល្មមៗបានហើយ»។
និស្សិតឈ្មោះ Alisha Shrestha មានវ័យ ២៣ ឆ្នាំ ដែលមិនត្រូវបានចាប់ខ្លួននោះ បានថ្លែងថា៖ «នេះគឺជាពេលមានវិបត្តិ ហើយយើងត្រូវការរដ្ឋាភិបាលរបស់យើងទទួលខុសត្រូវ»។
ខណៈការតវ៉ាបានចប់ដោយសន្តិវិធីនោះ ប៉ូលិសបានប្រើកាណុងបាញ់ទឹក ដំបង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងតវ៉ានៅក្បែរលំនៅឋានរបស់នាយករដ្ឋមន្ត្រីកាលពីដើមសប្តាហ៍មុននេះ។
នេប៉ាល់បិទប្រទេសកាលពីខែមីនា ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ហើយបច្ចុប្បន្នមានអ្នកឆ្លងជំងឺកូវីដ ១៩ ៥ ០៦២ នាក់ និង ១៦ នាក់ស្លាប់៕ AFP/PSA