ក្រុង​ហ្សាការតាៈ ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​បាន​តវ៉ា​នៅ​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​បាន​ជាប់​គាំង​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ដោយសារ​គោលនយោបាយ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ឡើង​ នៅ​តាម​ព្រំដែន​របស់​ប្រទេស ​អូស្ត្រាលី​។​

ការ​តវ៉ា​នោះ​​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ នៅ​ក្នុង​នោះ​មាន​ទីក្រុង​ហ្សាការតា​ និង​ម៉ាកាសសារ ​នៅ​លើ​កោះ​ស៊ូឡាវីស៊ី​ ជា​ទី​ដែល​ក្រុម​អ្នក​តវ៉ា​ប្រហែល ​៦០០ ​នាក់​ បាន​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ស្ថាន​កុងស៊ុល​អូស្ត្រាលី​។​

ពួក​គេ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រុម​អ្នក​ការទូត​ ដោយ​អំពាវនាវ​ឲ្យ​ក្រុង​កង់បេរ៉ា ​ដក​ច្បាប់​អនុញ្ញាត​ឲ្យ​ចូល​​ដែល ​«មាន​លក្ខណៈ​អមនុស្សធម៌» ​ចូល​ប្រទេស អូស្ត្រាលី ​​ចំពោះ​​ក្រុម​ជនភៀស​ខ្លួន​​ដែល​រស់នៅ​ក្នុង ប្រទេស ​ឥណ្ឌូនេស៊ី​។​

ជន​ភៀស​ខ្លួន​ជា​ច្រើន​បាន​សង្ឃឹម​ថា ​​​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​រស់នៅ​ប្រទេស ​អូស្ត្រាលី ​ដែល​នៅ​ក្បែរ​ខាង​នោះ​ឡើង​វិញ​។​

លិខិត​នោះ​បាន​និយាយ​ថា​៖ «​យើង​បាន​រស់នៅ​ទី​នេះ​ ដូច​នៅ​កន្លែង​ឋាន​នរក ដោយ​បាន​​បាត់បង់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​យើង» ​ដោយ​បាន​បន្ថែម​ថា​ ជន​ភៀស​ខ្លួន​ខ្លះ ​កំពុង​ឈឺ​ចាប់​ «​ខាង​បញ្ហា​ផ្លូវ​ចិត្ត​ និង​អារម្មណ៍​ច្របូក​ច្របល់»​។​

ជន​ភៀស​ខ្លួន​មួយ​ក្រុម​មាន​គ្នា​ទាំង​អស់ ១៥ ​នាក់ ​នៅ​ក្នុង​ក្រុង​ហ្សាការតា ​បាន​គំរាម​ធ្វើ​កូដកម្ម​អត់​អាហារ។

ភាគ​ច្រើន​នៃ​ជន​ភៀស​ខ្លួន ​១៤ ​ពាន់​នាក់ នៅ​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី មក​ពី​ប្រទេស ​អាហ្វហ្គានីស្ថាន​ សូម៉ាលី និង​មីយ៉ាន់ម៉ា​ ជា​រឿយៗ​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ ឬ​នៅ​លើ​ដង​ផ្លូវ​។

ឥណ្ឌូនេស៊ី​មាន​ធនធាន​តិចតួច​​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​អស់​នោះ ​និង​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​​ជន​ភៀស​ខ្លួន​ឆ្នាំ​ ១៩៥១ ​ដែល​បញ្ជាក់​ពី​សិទ្ធិ​ជន​ភៀស​ខ្លួន​នោះ​ទេ​៕ AFP/SK