ក្រុង​ដាក្កា៖ ​មន្ត្រី​ម្នាក់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ បុរស​មាន​វ័យ ​៧១ ​ឆ្នាំ​ម្នាក់​បាន​ក្លាយ​ជា​ជន​រ៉ូហ៊ីងយ៉ា​ដំបូង ​ដែល​បាន​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​យ៉ាង​ធំ​ល្វឹងល្វើយ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​បាន​ស្លាប់​ដោយសារ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​នេះ​។​

ក្រុម​អ្នក​ជំនាញ​សុខាភិបាល​បាន​ព្រមាន​តាំង​ពី​យូរ​ហើយ​ថា​ ការ​ស្លាប់​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​មួយ​នេះ​ អាច​ឆ្លង​រាល​ដាល​នៅ​ពាស​ពេញ​ជំរំ​ធំ​ល្វឹងល្វើយ​បាន​សាងសង់​ខ្ទម​ដោយ​ឫស្សី​រខេក​រខាក​ មាន​ជន​ភៀស​ខ្លួន​រស់នៅ​ជិត ១ លាន​នាក់​ ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ក្បែរ​ខាង​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​ដោយ​យោធា​កាល​ពី​ឆ្នាំ ​២០១៧ ​កន្លង​ទៅ​។​

លោក ​តូហា​ ប៊ូ​យ៉ាន់​ ជា​មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​ស្រុក​បាហ្សារ ​បាន​ថ្លែង​ថា​ បុរស​ម្នាក់​នោះ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​ការ​អះអាង​បន្ថែម​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ​​ថា​ជា​មូលហេតុ​នោះ ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​។​

លោក ​ម៉ូហាមម៉េដ​ ស្សាហ្វី​ ជា​គ្រូ​បង្រៀន​នៅ​សាលា​រ៉ូហ៊ីងយ៉ា​ម្នាក់​ និង​ជា​អ្នក​ក្បែរ​ខាង​នៅ​ក្នុង​ជំរំ​ទាំង​នោះ​បាន​និយាយ​ថា​ បុរស​ម្នាក់​នោះ ​បាន​ឈឺ​យូរ​ហើយ​ ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ និង​មាន​ជំងឺ​ខ្សោយ​ក្រលៀន​ប្រចាំ​កាយ​​។​

លោក ​ស្សាហ្វី​ បាន​ប្រាប់ ​AFP ​ថា​៖ «​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ គាត់​ឈឺ​ដោយសារ​ជំងឺ​កូវីដ ១៩ ទេ​»​៕ AFP/SK