ក្រុងយ៊ាំងហ្គោន៖ ប៉ូលិសតំបន់បាននិយាយកាលពីថ្ងៃសុក្រថា ជនមូស្លីមរ៉ូហ៊ីងយ៉ា ២២ នាក់ ដែលបានព្យាយាមរត់គេចខ្លួនចេញពីជំរំមួយនៃជំរំជាច្រើននៅប្រទេស មីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន ក្រោយពីពួកគេត្រូវបានឲ្យឡើងច្រាំង ដោយសារទូករបស់ពួកគេធ្លាយទឹកជ្រាបចូល។
ស្ថានភាពរបស់ក្រុមជនរ៉ូហ៊ីងយ៉ាបានធ្វើឲ្យពិភពលោកភ័យខ្លាច ២ ឆ្នាំកន្លងទៅនេះ នៅពេលដែលការបង្ក្រាបដោយយោធាយ៉ាងសាហាវព្រៃផ្សៃ បានបង្ខំឲ្យជនភាគតិចគ្មានរដ្ឋប្រហែល ៧៤ ម៊ឺននាក់ រត់ភៀសខ្លួនចូលទៅប្រទេស បង់ក្លាដែស ជាទីដែលពួកគេរស់នៅក្នុងជំរំជនភៀសខ្លួនយ៉ាងលំបាកនោះ។
ប៉ុន្តែពួកគេរាប់សែននាក់ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ត្រូវបានគេរឹតត្បិតចាប់តាំងពីមានការផ្ទុះអំពើហិង្សានៅក្នុងជំរំ ឬភូមិនានា ដោយមានសេរីភាពដើរហើរតិចតួច។
ដោយមានរឹតត្បិតលទ្ធភាពទទួលការអប់រំ ការរស់នៅ ឬការថែទាំសុខភាពនោះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចាត់ទុកស្ថានភាពរបស់ពួកគេថាជាការបំបែកពូជសាសន៍។
ជនរ៉ូហ៊ីងយ៉ាភាគច្រើន បានព្យាយាមគេចខ្លួនជាច្រើនឆ្នាំ ទៅកាន់ប្រទេស ថៃ ឬម៉ាឡេស៊ី ជារឿយៗបង់ថ្លៃយ៉ាងច្រើនដល់ក្រុមអ្នកជួញដូរមនុស្ស ដើម្បីទៅដល់កន្លែងនានាដោយជិះទូកចាស់ធ្លុះធ្លាយមានមនុស្សយ៉ាងច្រើននោះ។
អ្នកនាំពាក្យកងកម្លាំងប៉ូលិសលោក Tun Shwe បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា៖ «មានមនុស្សទាំង ២២ នាក់ បុរស ៩ នាក់ និងស្ត្រី ១៣ នាក់ កាលពីព្រឹកថ្ងៃពុធ»។
លោកបានថ្លែងថា ពួកគេបានប្រាប់ប៉ូលិសថា ពួកគេបានធ្វើដំណើររយៈពេល ៤ ថ្ងៃ ចេញពីជំរំThetkaypyinនៅក្បែរក្រុង Sittweនៃរដ្ឋរ៉ាក់ឃីន។
លោកបាននិយាយថា៖ «ពួកគេបានឡើងច្រាំងដោយសារទូករបស់ពួកគេធ្លាយជ្រាបទឹក»៕ AFP/PSA