ក្រុងយ៊ាំងហ្គោន៖ ​ក្រុម​អ្នក​ស៊ើប​អង្កេត​​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ជន​មូស្លីមរ៉ូ-ហ៊ីងយ៉ា​ ដែល​នៅ​សល់​នៅ​ប្រទេស ​មីយ៉ាន់ម៉ា ​នៅ​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ដោយ​បាន​ព្រមាន​ថា​ ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​ ដែល​ត្រូវ​បាន​ជំរុញ​ឲ្យ​ភៀស​ខ្លួន​ពី​ប្រទេស​នេះ ​ដោយ​កងទ័ព​នៅ​តែ​មិន​អាច​ធ្វើ​បាន​។

បេសកកម្ម​ស្វែងរក​ការ​ពិត​ទៅ​កាន់​ប្រទេស ​មីយ៉ាន់ម៉ា ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​ទៅ​នោះ​ បាន​ចាត់​ទុក​កិច្ច​ប្រតិបត្តិការ​របស់​កង​ទ័ព​នៅ​ក្នុង​ឆ្នាំ ​២០១៧​ ជា​អំពើ​ប្រល័យ​ពូជសាសន៍ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​ទោស​ក្រុម​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​នៅ​ក្នុង​នោះ​ មាន​ប្រមុខ​កង​ទ័ព ​លោក ​Min Aug Hlaing។

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រហែល​ ៧៤ ​ម៊ឺន​នាក់ ​បាន​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​ដែល​ត្រូវ​បាន​គេ​ដុត​​បំផ្លាញ​ដោយ​បាន​ពាំនាំ​យក​ដំណើរ​រឿង​នៃ​អំពើ​មនុស្ស​ឃាត ​ចាប់​រំលោភ និង​ការ​ធ្វើ​ទារុណកម្ម​នៅ​តាម​ព្រំដែន​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​នានា​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ ជា​ទី​ដែល​អ្នក​នៅ​រស់​ពី​​រលក​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មុនៗ​ បាន​ចុះ​ខ្សោយ​កម្លាំង​ទៅ​ហើយ​។

ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​អវិជ្ជមាន​មួយ​ក្រុម​អង្គការ​សហ​ប្រជាជាតិ ​បាន​និយាយ​ថា ​ជន​រ៉ូហ៊ីងយ៉ា​ ៦០ ​ម៊ឺន​នាក់ ​ដែល​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​នៃ​ប្រទេស ​មីយ៉ាន់ម៉ា ​នោះ​ នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៊ឺន​ខ្លាំង​ និង​ពោរពេញ​ដោយ​ទុក្ខ​វេទនា។

ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​ពួក​គេ​អំពី​មីយ៉ាន់ម៉ា​ដែល​គ្រោង​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ហ្ស៊ឺណែវ នៅ​ថ្ងៃ​អង្គារ​ថា​៖ ​«​មីយ៉ាន់ម៉ា ​បន្ត​មាន​ចេតនា​បង្ក​ប្រល័យ​ពូជ​សាសន៍​ហើយ​​ជន​រ៉ូហ៊ីងយ៉ា​នៅ​តែ​ប្រឈម​​គ្រោះ​ថ្នាក់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​»៕ AFP/PSA