ក្រុងកាប៊ុល៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកបះបោរតាលីបង់ប្រដាប់ដោយអាវុធ ២៤ នាក់ ត្រូវបានគេសម្លាប់ និងជនសកម្មប្រយុទ្ធ ៣១ នាក់ មានទំនាក់ទំនងជាមួយក្រុម IS បានប្រគល់ខ្លួននៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដែលរងការញាំញីដោយភាពចលាចលក្នុងរយៈពេល ២៤ ម៉ោង កន្លងទៅនេះ។
សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពបានឲ្យដឹងថា កម្លាំងសន្តិសុខដែលចូលរួមនៅក្នុងការបង្ក្រាបទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមតាលីបង់ បានសម្លាប់អ្នកបះបោរប្រដាប់អាវុធចំនួន ៨ នាក់ នៅក្នុងខេត្តបារ៉ាគីបារ៉ាក់ ដែលមានភាពជ្រួលច្របល់នៅក្នុងខេត្តឡូហ្គារភាគខាងកើត។
យោងតាមសេចក្តីថ្លែង ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា កិច្ចប្រតិបត្តិការនោះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសុក្រ និងមានរយៈពេលតែ ២-៣ ម៉ោងប៉ុណ្ណោះ ដោយបានបង្កឲ្យអ្នកបះបោរ ៨ នាក់ ស្លាប់និង ២ នាក់ផ្សេងទៀត រងរបួស។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តលោក Esmatullah Muradi បានបញ្ជាក់ប្រហាក់ប្រហែលគ្នានេះដែរថា តាមការរាយការណ៍ ជនសកម្មប្រយុទ្ធ ៨ នាក់ ត្រូវបានគេសម្លាប់ និង ៧ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងតំបន់តាឡូកានៃខេត្តគុនឌូស ភាគខាងជើង ខណៈកងកម្លាំងរដ្ឋាភិបាលបានធ្វើប្រតិបត្តិការកាលពីព្រឹកថ្ងៃសៅរ៍។
លោក Abdullah ជាមន្ត្រីប៉ូលិសម្នាក់នៅក្នុងខេត្តដែលមានបញ្ហានេះបានអះអាងថា នៅពេលជាមួយគ្នានោះដែរ ជនសកម្មប្រយុទ្ធតាលីបង់បានសម្លាប់យុទ្ធជន ៣ នាក់របស់ក្រុមរដ្ឋអ៊ិស្លាម IS៕ AFP/PSA