ណាក់​ខនស៊ីថាមម៉ារ៉ាត់៖​ ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​កំពុង​ត្រូវ​គេ​តាម​ចាប់​ខ្លួន​នៅ​ក្រោម​ដីកា​តុលាការ​មួយ​បាន​ស្លាប់ ​និង​ប៉ូលិស ​៣ ​នាក់​ បាន​រង​របួស​ក្នុង​ការ​បាញ់​តគ្នា​នៅ​ក្នុង​ស្រុក​ឡានសាកា​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​។

ឧប្បត្តិហេតុ​នោះ​ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ​៨ ​ព្រឹក​នៅ​ពេល​ប៉ូលិស ​១ ​ក្រុម ​ដែល​ដឹកនាំ​ដោយ​លោក​វីរសេនីយ៍​ត្រី Phramoon Kongchu មក​ពី​ប៉ុស្តិ៍​ប៉ូលិស​កាម៉ាឡា​ នៅ​ខេត្ត​ភូកេត ​ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ Udom Rattanamanee ​មាន​អាយុ ​៤៦ ​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ Areeya Panthip​ ជុំវិញ​ការ​ចោទ​ប្រកាន់​​ជា​ច្រើន​ទាក់ទង​ការ​ជួញដូរ​គ្រឿង​ញៀន​។

នៅ​ផ្ទះ​នោះ ​ប៉ូលិស​បាន​ជួប​លោក ​Preecha Rattanamanee ​ជា​ឪពុក​របស់​លោក ​Udo Rattanamanee ​និង​បង្ហាញ​ដីកា​ដល់​គាត់​។

ខណៈ​លោក​ Preecha Rattanamanee បាន​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី ​២ ដោយ​សង្ស័យ​ថា ​ចាប់​ខ្លួន​កូន​ប្រុស​គាត់ ​ជនសង្ស័យ Udom Rattanamanee​ ​​ភ្លាមៗ​នោះ ​បាន​បើក​ការ​បាញ់​ប្រហារ​ចេញ​ពី​ក្នុង​ផ្ទះ​នោះ ​ដោយ​កាំភ្លើង​វែង​ M16 និង​កាំភ្លើង​ខ្លី ​11mm។ ការ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង។​

លោក ​Preecha បាន​ត្រឡប់​មក​វិញ​ជា​មួយ​កាំបិត​មួយ ​និង​បាន​ចាក់​លោក​ពលបាលត្រី​ WattanaKanchana ​ចំ​ត្រង់​ក​ ដោយ​បង្ក​ឲ្យ​មុត​យ៉ាង​ជ្រៅ។

លោក​វរសេនីយ៍ត្រី​បាន​ត្រូវ​គេ​បាញ់​របួស ​និង​ប៉ូលិស​ម្នាក់​ទៀត​ឈ្មោះ​ ThanomsakWisuthisak​ ត្រូវ​បាញ់​ចំជើង​ឆ្វេង។​ ប៉ូលិស​ទាំង ​៣ ​នាក់​​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។

Udom Rattanamanee ​ត្រូវ​បាន​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ ​ដោយ​មាន​កាំភ្លើង​វែង​ប្រភេទ M16​ និង​កាំភ្លើង​ខ្លី​ 11mm​ នៅ​ក្បែរ​សាកសព៕ BKP/PSA