ក្រុងអាដែនៈ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ មាន​ជន​ស៊ីវិល​ចំនួន​៣នាក់​ បាន​ស្លាប់​ និង​៩នាក់​ផ្សេង​ទៀត​ បាន​រងរបួស​ នៅពេល​គ្រាប់​កាំភ្លើង​ត្បាល់​ ត្រូវបាន​គេ​បាញ់​ផ្លោង​ទៅលើ​ផ្សារ​មួយកន្លែង​ ដែល​មាន​មនុស្ស​ក​កុញ​នៅ​ភាគ​និរតី​ប្រ​ទេស​យេ​ម៉ែន។

អង្គ​ការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​នេះ បាន​បញ្ជាក់​តាមរយៈ​គេហទំព័រ​ធ្វី​ត​ធើរ​ថា គ្រាប់​ផ្លោង​នោះ​ត្រូវបានគេ​ផ្លោង​ចូល​ផ្សារ​មួយ​កន្លែង​នៅ​ក្នុងក្រុងTaiz ជាក្រុង​មួយ​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី កំពង​ផែMokhaនៃ​សមុទ្រ​ក្រហម ហើយត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​ពួក​ឧទ្ទាមហ៊ូធីយេ​ម៉ែន។

អង្គការMSF មិនបាន​បញ្ជាក់​ថា ​តើ​ការ​វាយឆ្មក់​នោះ​ កើត​ឡើង​នៅពេល​ណា​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​អ្នកណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដែរ។

សម្ព័ន្ធ​មិត្ត​របស់អ៊ី​រ៉ង់ ក្រុម​​ឧ​ទ្ធា​មហ៊ូធី នៅ​ភាគ​ខាង​ជើង ​បានធ្វើ​សង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ប្រធា​នាធិបតី Abedrabbo Mansour Hadi ដែល​ត្រូវបាន​គាំទ្រ​ដោយ​សម្ព័ន្ធ​មិត្ត​យោធា​ដ៏​មាន​ឥទ្ធិពល​ ដែល​ដឹក​នាំ​ដោយ​អារ៉ាប់​ប៊ី ​សា​អ៊ូ​ឌី​ និង​អារ៉ាប់​រួម។

មនុស្ស​ជិត ១០០០០ នាក់​ ​បានស្លាប់នៅក្នុង​ជម្លោះ​យេ​ម៉ែន ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ នៅពេលដែល​ប្រទេស​ អា​រ៉ា​ប៊ី ​សា​អូឌីត ​និង​សម្ព័ន្ធ​មិត្ត ​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​របស់រ​ដ្ឋា​ភិ​បាល ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាមហ៊ូធី ដែល​នៅក្នុងចំនួនអ្នកស្លាប់​នោះ មាន​កុមារ​ជាង​ ២២០០​នាក់៕ NS