ក្រុងដាណៃៈ អ្នកស្រី Seng Moon បានលើកបីកូនអាយុមួយថ្ងៃរបស់អ្នកស្រី និងបានភៀសខ្លួនចូលព្រៃក្រាស់ដោយចូលរួមជាមួយអ្នកភូមិរាប់ពាន់នាក់ ដែលបានរត់គេចពីការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមជនភាគតិចកាជីន និងកងទ័ពមីយ៉ាន់ម៉ា ឥឡូវនេះ ត្រូវបានពង្រឹងកម្លាំង ដោយកិច្ចប្រតិបត្តិការបោសសម្អាតយ៉ាងសាហាវព្រៃផ្សៃ។
ការបះបោរនៅភាគឦសានដ៏ដាច់ស្រយាលនៃមីយ៉ាន់ម៉ា បានកើតឡើង ៦ ទសវត្សរ៍ហើយនោះ ប៉ុន្តែមិនដូចវិបត្តិរ៉ូហ៊ីងយ៉ា នៅចុងខាងលិចនៃប្រទេសនេះទេ ការបះបោរនោះ ត្រូវបានដឹង ឮ នៅទូទាំងពិភពលោក។
ការប្រយុទ្ធគ្នាបានពុះកញ្ជ្រោលយ៉ាងខ្លាំង នៅឆ្នាំនេះ ដោយបានបណ្តាលឲ្យមនុស្ស ២ ម៉ឺននាក់ខ្ចាត់ព្រាត់ ចាប់តាំងពីខែមករា ដោយបានបន្ថែមលើក្រុមជាច្រើនទៀត ដែលបានរត់ភៀសខ្លួនរួចទៅហើយនោះ ដោយសារសង្គ្រាមស៊ីវិលមួយនៃសង្គ្រាមស៊ីវិលអូសបន្លាយពេលវែងនៅក្នុងពិភពលោក។
ជារឿយៗ ត្រូវបានគេហៅថាសង្គ្រាមមិនអាចបំភ្លេចបាននោះ វិបត្តិពលរដ្ឋកាជីន គឺជាការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីស្វ័យភាព អត្តសញ្ញាណជនភាគតិច និងប្រភពធនធានដទៃទៀត រវាងកងទ័ពឯករាជ្យកាជីន និងរដ្ឋមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី ១១ ខែមេសា ដោយមានសំឡេងកាំភ្លើង និងយន្តហោះប្រតិកម្មជាច្រើនគ្រឿង ចូលមកកាន់តែកៀកនោះ ក្រុមអ្នកភូមិនៃទីប្រជុំជនដាណៃ បានស្វះស្វែងរកជម្រកនៅវាលស្រែរបស់ពួកគេ។
៣ ថ្ងៃក្រោយមក សម្បកគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ដែលបានធ្លាក់ទៅលើភូមិ និងមេដឹកនាំរបស់ពួកគេបានសម្រេចចិត្តឲ្យជនជាតិដើម ២ ពាន់នាក់ភៀសខ្លួន។
នាង Seng Moon មានវ័យ ២២ ឆ្នាំបានសម្រាលកូនស្រីរបស់នាងត្រឹមតែមួយថ្ងៃមុនថ្ងៃនោះប៉ុណ្ណោះ។ នាងបានប្រាប់ AFP នៅជំរំមួយនៅក្នុងទីប្រជុំជនដាណៃថា៖ «ខ្ញុំធ្លាក់ឈាមនៅឡើយ បន្ទាប់ពីសម្រាលកូននោះរួច ហើយខ្ញុំ មានអារម្មណ៍ដូចជាចង់ស្លាប់។ វាពិបាកខ្លាំងណាស់ ហើយយើងត្រូវធ្វើដំណើរឆ្លងទន្លេ»។
សម្រាប់ក្រុមនោះ ដែលរួមមានក្មេងៗ និងអ្នកជំងឺ និងមនុស្សចាស់ការធ្វើដំណើរទៅមុខឆ្លងកាត់ព្រៃភ្លៀងច្រើន មានការយឺតយ៉ាវ។
ប៉ុន្តែពួកគេសំណាងណាស់ដោយបានជួបហ្មដំរីនៅក្នុងតំបន់ ដែលបានជួយដឹកពួកគេឆ្លងទន្លេមានទឹកត្រឹមទ្រូងទៅកាន់ជំរំមួយសម្រាប់ក្រុមអ្នកភៀសខ្លួននៅក្នុងបរិវេណព្រះវិហារគ្រិស្តមួយ៕