ក្រុង​ម៉ាអារីត អាល់-នូម៉ែន៖ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​បាន​បង្ក​ឲ្យ​ជន​ស៊ីវិល ​១៩ ​នាក់​ស្លាប់ ​កាល​ពី​ថ្ងៃ​ចន្ទ ​នៅ​ក្នុង​ទីតាំង​ឈរ​ជើង​សំខាន់​ចុង​ក្រោយ​នៅ​ប្រទេស ​ស៊ីរី​ ជា​កន្លែង​ប៉ះ​ទង្គិច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ រវាង​កងកម្លាំង​របប​ស៊ីរី​ និង​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​មួយ​កាល​ពី​ខែ​សីហា​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​ថ្លែង​ថា​ ចម្ងាយ​ជាង ​១០០ ​គីឡូម៉ែត្រ ​ពី​ភាគ​ខាង​ជើង​​ការ​វាយ​ប្រហារ​កាំភ្លើង​ធំ​របស់​កងកម្លាំង​តួកគី​ទៅ​លើ​ទីក្រុង​កាន់​កាប់​ដោយ​ក្រុម​ឃើដ​ក្នុង​ខេត្ត​អាឡិបប៉ូ​ បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល ​១១ នាក់​ស្លាប់​ នៅ​ក្នុង​នោះ​មាន​ក្មេង ​៨ ​នាក់​។​

ជម្លោះ​បង្ហូរ​ឈាម​រយៈពេល ​៨ ​ឆ្នាំ ​នៅ​ប្រទេស ​ស៊ីរី​ បាន​បង្ក​ឲ្យ​មនុស្ស​ជាង ​៣៧ ​ម៉ឺន​នាក់​ស្លាប់​ និង​រាប់​លាន​នាក់​ផ្សេង​ទៀត​ បាន​រត់​ភៀស​ខ្លួន​ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ​២០១១​។​

សង្គ្រាម​បាន​បន្ត​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​នៅ​ប្រទេស ​ស៊ីរី​ ជា​ពិសេស​នៅ​ក្នុង​តំបន់​នៅ​ខាង​ក្រៅ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នេះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា របប​ស៊ីរី​បាន​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​ ដោយ​​បណ្តាល​ឲ្យ​ជន​ស៊ីវិល ​១៣ នាក់​ស្លាប់​ នៅ​ក្នុង​ផ្សារ​លក់​ដូរ ​១ កន្លែង​នៅ​ក្នុង​តំបន់​ទីក្រុង​ម៉ាអារីត​ អាល់-​នូម៉ែន ​នៃ​ខេត្ត​អ៊ីដលីប​។​

អ្នក​ឆ្លើយ​ឆ្លង AFP ​ម្នាក់​ បាន​ឃើញ​ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះ​សែង​បុរស​រង​របួស​ម្នាក់​លើ​ស្នែង​របួស​នៅ​តាម​ផ្លូវ​ ខណៈ​រាង​កាយ​​គាត់​ដេក​ស្តូក​ស្តឹង​ប្រឡាក់​​ដោយ​ឈាម៕ AFP/SK