ប្រទេសជប៉ុន ត្រៀមប្រកាសភាពអាសន្នមួយខែនៅរដ្ឋធានីតូក្យូនិងខេត្តជិតខាងចំនួនបីបន្ទាប់ ពីការណែនាំដោយក្រុមប្រឹក្សាកាលពីថ្ងៃព្រហស្បតិ៍ទី ៧ ខណៈពេលដែលរដ្ឋធានីបានប្រកាសករណីឆ្លងថ្មីចំនួន ២,៤៤៧ ករណី។
លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនបាននិយាយថាការស្នើសុំប្រកាសភាពអាសន្ន ដែលចាប់ផ្ដើមពីថ្ងៃទី ៨ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកាលពីពេលព្រឹក។ វិធានការដើម្បីប្រយុទ្ធប្រឆាំងការឆ្លងនឹងធ្វើជុំវិញការរឹតបន្តឹងចំនួនមនុស្សក្នុងបារ និងភោជនីយដ្ឋាន ដែលរដ្ឋាភិបាលលើកឡើងថាស្ថាប័នទាំងនេះជាកន្លែង មានហានិភ័យឆ្លងខ្ពស់។
លោកនាយករដ្ឋមន្ត្រី Yoshihide Suga នឹងធ្វើការប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ៧ មករា។
ក្រៅពីការរឹតបន្តឹងលើបារនិងភោជនីយដ្ឋាន រដ្ឋាភិបាលក៏ស្នើសុំឱ្យប្រជាជនចៀសវាងការចេញក្រៅដែលមិនចាំបាច់ជំរុញឱ្យប្រើប្រាស់វិស័យទូរគមនាគមន៍ និងកំណត់ការចូលរួមនៅក្នុងកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំៗ ត្រឹមមនុស្ស ៥ ០០០ នាក់។
ការប្រកាសភាពអាសន្នរបស់ប្រទេសជប៉ុនគឺមិនដូចការដាក់ការបង្ខាំងមិនឱ្យចេញចូលនៅអឺរ៉ុបទេ ដោយរដ្ឋាភិបាលកំពុងស្វែងរកវិធានមានការតឹងរ៉ឹងតិចជាងនៅការប្រកាសភាពអាសន្នរបស់ខ្លួនកាលពីឆ្នាំមុនដែលបានបង្កឱ្យមានការចុះខ្សោយផ្នែកសេដ្ឋកិច្ចបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែអ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថាផែនការរបស់រដ្ឋាភិបាលប្រហែលជាមិនគ្រប់គ្រាន់ដោយសារមានករណីថ្មីៗកើនឡើងខ្ពស់នៅទូទាំងប្រទេស៕