
ក្រុង តូក្យូៈ រដ្ឋាភិបាលក្រុងតូក្យូ បានកោះហៅប្រេសិតចិនកាលពីថ្ងៃអង្គារក្នុងការតវ៉ាចំពោះអ្វីដែលខ្លួន និយាយថា ជាការលុកលុយមួយទៀតទៅក្នុងដែនទឹករបស់ខ្លួន បន្ទាប់ពីនាវារបស់ក្រុងប៉េកាំង ជាច្រើនគ្រឿងបានបើកបរនៅក្បែរប្រជុំកោះដែលនៅចំបេះដូងនៃ ជម្លោះដ៏ជូរចត់។ ដោយនិយាយសំដៅដល់ប្រជុំកោះដែលក្រុងប៉េកាំងហៅថា កោះឌាវយូ មន្រ្តីម្នាក់បាននិយាយ ថា៖«ក្រសួងការបរទេសបានកោះហៅឯកអគ្គរដ្ឋទូតចិនដោយសារនាវាជាច្រើនគ្រឿងដែលកំពុងចូលក្នុងដែនទឹកក្បែរប្រជុំកោះ ដែលជប៉ុនហៅថាសេនកាគូ»។ វិធានការនេះ បានធ្វើឡើង បន្ទាប់ពីនាវារដ្ឋចិនជាច្រើនគ្រឿង បានចំណាយពេលយ៉ាងច្រើនកាលពីថ្ងៃចន្ទនៅក្នុងដែនទឹកជុំវិញប្រជុំកោះនោះ និងខណៈដែលភាគីទាំងពីរ ពុំបានបង្ហាញពីសញ្ញាដកថយក្នុងជម្លោះមួយដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរនៅអាស៊ី។ ឆ្មាំសមុទ្រជប៉ុន បាននិយាយថា នាវាយកការណ៍ពីរគ្រឿង បានមកដល់តំបន់នេះមុនម៉ោង៩និង៣០ នាទីព្រឹក។ ពួកគេបានអះអាងថា នាវាទាំងនោះបានស្ថិតនៅទីនោះប្រមាណជា១៤ម៉ោង។ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តីលោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានប្រាប់សន្និសីទសារព័ត៌មានថា សកម្មភាពទាំងនេះ«មិនអាចទទួលយកបានដាច់ខាត»។ លោកបានបន្ថែមថាឯកអគ្គរដ្ឋទូតចិន លោក ឆឹង យ៉ុងហួ ត្រូវបានគេកោះហៅមកកាន់ក្រសួងការបរទេសដើម្បីស្តាប់«ការតវ៉ាធ្ងន់ៗ»របស់ជប៉ុន។ នាវាចិនជាច្រើនគ្រឿង បានប្រថុយចូលម្តងហើយម្តងទៀតក្នុងដែនទឹកនេះ ក្នុងអ្វីដែលក្រុមអ្នកសង្កេតការណ៍ និយាយថាជាកិច្ចប្រឹងប្រែងរបស់ក្រុងប៉េកាំងដើម្បីបង្កើត«ភាពប្រក្រតីធម្មតាថ្មី»មួយដែលក្នុងនោះក្រុងតូក្យូ មិនមានការគ្រប់គ្រងដោយប្រសិទ្ធភាពលើប្រជុំកោះនេះ។ យន្តហោះរដ្ឋាភិបាលចិនមួយគ្រឿងបានចូលដែនអាកាសនៃប្រជុំកោះនេះកាលពីខែធ្នូ ដោយធ្វើឲ្យយន្តហោះចម្បាំងជប៉ុនបានចេញប្រតិបត្តិការ។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសទាំងពីរបានបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿង ថ្វីបើពុំមានការប៉ះទង្គិចគ្នាក៏ដោយ៕ NR