កាលពីថ្ងៃចន្ទ ទី ១៩ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងនាយករដ្ឋមន្ដ្រីវៀតណាមលោក Nguyen Xuan Phuc បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យធំៗចំនួន ២ គឺសន្តិសុខ និងសេដ្ឋកិច្ច។
ការឯកភាពនេះ ធ្វើឡើងខណៈពេលដែលចិនកំពុងបង្កើនឥទ្ធិពលនៅក្នុងតំបន់ពិសេសសមុទ្រចិនខាងត្បូង។
ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីឡើងកាន់តំណែងកាលពីខែមុននេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានពិភាក្សាគ្នាជាមួយលោកនាយករដ្ឋមន្ដ្រីវៀតណាម Nguyen Xuan Phuc ដើម្បីកំណត់កិច្ចព្រមព្រៀងអនុញ្ញាតឱ្យទីក្រុងតូក្យូអាចនាំចេញឧបករណ៍បច្ចេកវិទ្យាយោធាទៅឱ្យទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បាននិយាយថា ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោកទៅកាន់ប្រទេសវៀតណាម និងប្រទេសឥណ្ឌនេស៊ី គឺជាគន្លឹះក្នុងការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខពហុភាគី ដើម្បីប្រឆាំងនឹងការកើនឡើងនៃ អំណាចរបស់ចិនហើយក៏ដើម្បីការពារផ្លូវពាណិជ្ជកម្មនៅតាមតំបន់មាន ជម្លោះនៃសមុទ្រចិនខាងត្បូងផងដែរ។
«វៀតណាម គឺសំខាន់ណាស់ក្នុងការសម្រេចនូវចក្ខុវិស័យ "ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» របស់យើង ហើយក៏ជាដៃគូដ៏មានតម្លៃផងដែរ»។ លោកSuga បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំ។ លោកបានបន្តទៀតថា៖ «ប្រទេសជប៉ុន ក្នុងនាមជាប្រជាជាតិឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងបន្តរួមចំណែកក្នុងកិច្ចការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះ»។
រីឯលោកនាយករដ្ឋមន្ដ្រីវៀតណាម Xuan Phuc វិញបាននិយាយថា៖ «វៀតណាមស្វាគមន៍ជប៉ុនជាមហាអំណាចពិភពលោកមួយឱ្យបន្តចូលរួមចំណែកយ៉ាងសកម្មរក្សាសន្តិភាពស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក»។
ក្រៅតែពីឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខលោក Suga និងលោក Xuan Phuc ក៏បានឯកភាពលើសហប្រតិបត្តិការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ផងដែរ ដោយហេតុថា នៅដើមឆ្នាំនេះប្រទេសជប៉ុន មានកង្វះខាតម៉ាស់ និងឧបករណ៍វេជ្ជសាស្ត្រ ដែលជប៉ុនចាំបាច់ត្រូវនាំចូលពីប្រទេសចិន។
គួរបញ្ជាក់ថា ប្រទេសជប៉ុន មានកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យារួចស្រេចជាមួយប្រទេសដទៃទៀតដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស និង ម៉ាឡេស៊ី។ រីឯប្រទេសវៀតណាម គឺជាដៃគូទី១២ ហើយជប៉ុនក៏កំពុងតែចរចាកិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ី និងថៃ។ ការនាំចេញដំបូងនៃឧបករណ៍របស់ជប៉ុន គឺបានធ្វើឡើងនៅខែសីហា នៅពេលហ្វីលីពីនបានទិញយកប្រព័ន្ធរ៉ាដាមួយ។
ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុន ក៏កំពុងព្យាយាមជំរុញការនាំចេញបច្ចេកវិទ្យាយោធាទំនើបៗដែលរួមមានរថយន្តម៉ារីនទំនើប ដ្រូនមុជទឹក និងបច្ចេកវិទ្យារាវរកមីនក្រោយបម្រាមនាំចេញអាវុធដាក់លើខ្លួនឯង (Self-Imposed) ត្រូវបានដកចេញ។
កាលពីខែសីហា ប្រទេសវៀតណាម បានយល់ព្រមទិញនាវាល្បាតចំនួន ៦ គ្រឿងពីប្រទេសជប៉ុន ក្នុងតម្លៃ ៣៤៥ លានដុល្លារ។
វៀតណាមចង់ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការពារដែនសមុទ្ររបស់ខ្លួន ខណៈពេលដែលប្រទេសចិន កំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធាលើកោះនជម្លោះនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង៕