មន្ត្រី​សហភាព​អឺរ៉ុប (EU) ១ រូប ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី ២១ មីនា​ថា ចក្រភព​អង់គ្លេស​នឹង​មិន​ទទួល​បាន​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​កូវីដ ១៩ AstraZeneca ដែល​ផលិត​នៅ​ប្រទេស​ហូឡង់ ខណៈ​ប្លុក​នេះ​ព្យាយាម​បម្រុង​ទុក​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។

មន្ត្រី​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ចក្រភព​អង់គ្លេស កំពុង​តែ​ទទូច​ថា រោងចក្រ Halix នៅ​ប្រទេស​ហូឡង់ ​បញ្ជូន​សារធាតុ​ឱសថ​ទាំង​អស់​ផលិត​នៅ​ទីនោះ​ទៅ​ឱ្យ​ពួក​គេ។ នេះ​មិន​អាច​ធ្វើ​បាន​ទេ»។

រោងចក្រ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Leiden ប្រទេស​ហូឡង់ ​នេះ​គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ម៉ៅការ​បន្ត Halix ដែល​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន AstraZeneca ដើម្បី​ផលិត​វ៉ាក់សាំង​សម្រាប់​ផ្គត់ផ្គង់​នៅ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា៖ «អ្វី​ដែល​ត្រូវ​បាន​ផលិត​នៅ Halix គឺ​ត្រូវ​តែ​ចែកចាយ​ទៅ​ក្នុង​សហភាព​អឺរ៉ុប»។

កាល​ពី​ថ្ងៃ​អាទិត្យ​ដដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​លោក Ben Wallace បាន​ឆ្លើយតប​ទៅ​នឹង​ការ​រាយការណ៍​ថា លោក Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​គំរាម​បញ្ឈប់​ការ​នាំចេញ​វ៉ាក់សាំង​ទៅកាន់​អង់គ្លេស​ដោយ​និយាយ​ថា៖ «គណៈកម្មការ​អឺរ៉ុប នឹង​ដឹង​ថា ពិភព​លោក​ទាំង​មូល​កំពុង​ពិនិត្យ​មើល​គណៈកម្មការ​អំពី​របៀប​ដែល​ពួក​គេ​គ្រប់គ្រង​បញ្ហា​នេះ ហើយ​ប្រសិន​បើ​កិច្ចសន្យា​ត្រូវ​បាន​រំលោភ នោះ​គឺ​ជា​រឿង​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ខ្លាំង​សម្រាប់​ប្លុក​ពាណិជ្ជកម្ម​នេះ ដែល​តែងតែ​មាន​មោទនភាព​ចំពោះ​នីតិរដ្ឋ​របស់​ខ្លួន»។

កាល​ពី​ថ្ងៃ​ពុធ​សហភាព​អឺរ៉ុប​បាន​គំរាម​បញ្ឈប់​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ ១៩ ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ខ្វះខាត ​ខណៈ​ពេល​ដែល​លោកស្រី Von der Leyenនិយាយ​ថា ​ស្ថានភាព​រីក​រាលដាល​ជំងឺ​នៅ​អឺរ៉ុប​គឺ កាន់​តែ​ពិបាក​ទៅ។

មន្ត្រី EU ជាន់​ខ្ពស់ ១ រូប​ទៀត​បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​ពិនិត្យ​ឡើង​វិញ​លើ​ការ​អនុញ្ញាត​ឱ្យ AstraZeneca នាំ​ចេញ​ទៅ​ចក្រភព​អង់គ្លេស ហើយ​ពួក​គេ​ទំនង​នឹង​ដក​ការ​អនុញ្ញាត​នេះ​រហូត​ដល់ពេល​ក្រុមហ៊ុន​ឱសថ​នេះ បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្គត់ផ្គង់​ប្រទេស​ជា​សមាជិក​ទាំង ២៧។

មក​ដល់​ពេល​នេះ AstraZeneca មិន​ទាន់​បាន​ដាក់​ពាក្យ​ស្នើសុំ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ដោយ Halixពី EU នៅ​ឡើយ។ បើ​គ្មាន​ការ​អនុញ្ញាត​វ៉ាក់សាំង​ផលិត​ដោយ Halix គឺ​មិន​អាច​ប្រើប្រាស់​នៅ​សហភាព​អឺរ៉ុប​ទេ។ ប៉ុន្តែ​មន្ត្រី​ខាង​លើ និង​ប្រភព​សហភាព​អឺរ៉ុប ១ រូប​ទៀត ​បាន​ប្រាប់​សារពត៌មាន ​Reuters ថា ការ​ស្នើសុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់​នេះ ហើយ​រោងចក្រ ​Halix បាន​ចាប់​ផ្ដើម​ផលិត​វ៉ាក់សាំង​នេះ​ទៅ​ហើយ។ AstraZeneca បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ស្តុក​ទុក​នៅ Halix។

ជម្លោះ​វ៉ាក់សាំង​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្ដើម​កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​ពេល​ដែល​ក្រុមហ៊ុន AstraZeneca បាន​ជូន​ដំណឹង​ដល់ EU ថា ខ្លួន​មិន​អាច​ផ្គត់ផ្គង់​ដល់​កម្រិត​ដែល​បាន​យល់ព្រម​ក្នុង​កិច្ចសន្យា​សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០២១។ ការ​ជូនដំណឹង​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ចោទ​ប្រកាន់ AstraZencaថា បាន​រំលោភ​កិច្ចសន្យា និង​ធ្វើ​ការ​ផ្គត់ផ្គង់​ទៅ​ចក្រភព​អង់គ្លេស​ច្រើន​ជាង​ប្រទេស​អឺរ៉ុប ហើយ​រួមទាំង​បាន​ដឹក​ជញ្ជូន​វ៉ាក់សាំង​ផលិត​នៅ​ទ្វីបអឺរ៉ុប​ទៅ​កាន់​ទី​នោះ​ផង​ដែរ។ សហភាព​អឺរ៉ុប បាន​ទាមទារ​ឱ្យ AstraZeneca ទាញ​យក​វ៉ាក់សាំង​ផលិត​សម្រាប់​អង់គ្លេស​មក​ផ្គត់ផ្គង់​ពួក​គេ​វិញ។

ក្រុមហ៊ុន AstraZeneca បាន​ច្រានចោល​ការ​ទាមទារ​នេះ​ហើយ​បាន​និយាយ​ថា ខ្លួន​មិន​បាន​រំលោភ​កិច្ចសន្យា​ទេ។ ចក្រភព​អង់គ្លេស​បាន​ចុះ​កិច្ចសន្យា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​នេះ រយៈពេល ៣ ខែ​មុន​សហភាព​អឺរ៉ុប ហើយ​ក្រោម​កិច្ចសន្យា​នោះ វ៉ាក់សាំង​ដែល​ផលិត​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​ផ្គត់ផ្គង់​ទៅ​ទីនោះ ជា​មុន​សិន។

ភាគី​ទាំង​សង​ខាង​បាន​ស្ដីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ទប់​ស្កាត់​ការ​នាំចេញ​ និង​ជាតិ​និយម​លើ​វ៉ាក់សាំង ដែល​បង្ក​ហានិភ័យ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ផុយ​ស្រួយ​ក្រោយ Brexit ដែល​ទើបតែ​បាន​ព្រមព្រៀង​នៅ​ក្នុង​ខែធ្នូ។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson និង​លោកស្រី von der Leyen បាន​និយាយ​គ្នា​កាល​ពី​សប្ដាហ៍​មុន ហើយ​ការ​សន្ទនា​បែប​ការ​ទូត​ជាន់​ខ្ពស់​ថ្មី​មួយ​រវាង​មេ​ដឹកនាំ​ទាំង ២ ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​កើត​ឡើង​មុន​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប្រ៊ុចសែល។

មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ជួបប្រជុំ​នៅ​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ផែនការ​ការ​ដាក់​កម្រិត​លើ​ការ​នាំចេញ​វ៉ាក់សាំង ហើយ នឹង​សម្រេច​ថា អនុវត្ត​ផែនការ​នេះ​ដែរ ឬ​ទេ។ ប្រទេស​ជា​ច្រើន​រួម​មាន​ប្រទេស​អ៊ីតាលី និង​បារាំង​បាន​និយាយ​ថា ពួក​គេ​គាំទ្រ​ចំពោះ​វិធាន​ការ​ហាមឃាត់​ការ​នាំចេញ ខណៈ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា អៀរឡង់ បែលហ្ស៊ិក និង​ហូឡង់​បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​និង​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អឺរ៉ុប៕