ក្រុង​ហ្សឺណែវ៖ ​ខណៈ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​នោះ ​បន្ត​កើន​ឡើង​​នៅ​ទូទាំង​ពិភព​លោក​ ​ជំនួប​​ជា​សកល​មួយ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​នៅ​សប្តាហ៍​នេះ​ ​នឹង​មាន​បំណង​បង្កើន​ការ​គាំទ្រ​ថ្មី ​និង​ពិសេស​ដល់​ក្រុម​ជន​ភៀស​ខ្លួន​។

វេទិកា​ជន​ភៀស​ខ្លួន​ជា​សកល​ នឹង​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​យ៉ាង​ជាក់​លាក់​រយៈពេល ​១ ​ឆ្នាំ​ក្រោយ​ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​បាន​អនុម័ត​ក្របខ័ណ្ឌ​​ការងារ​មួយ​ ដែល​មាន​បំណង​បង្កើត​វិធីសាស្ត្រ​​​​ច្បាស់​លាស់​ និង​ស្មើភាព​ដើម្បី​ផ្តល់​ជំនួយ​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ និង​សហគមន៍​ ដែល​ទទួល​យក​ជន​ភៀស​ខ្លួន​។

ជំនួប​នេះ​នឹង​ក្លាយ​ជា​លើក​ដំបូង​ដោយ​ប្រមូល​ប្រមុខ​រដ្ឋ​ក្រុម​រដ្ឋមន្ត្រី​ ប៉ុន្តែ​មេ​ដឹកនាំ​ជំនួញ​​​ក្រុម​អ្នក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ និង​ជន​ភៀស​ខ្លួន​ផ្ទាល់​ ក៏​ត្រូវ​ផ្តល់​យោបល់ ​និង​ការ​សន្យា​ដើម្បី​ធ្វើ​ឲ្យ​ជំនួយ​កាន់​តែ​មាន​ប្រសិទ្ធភាព។​

នៅ​ក្នុង​បទសម្ភាស​មួយ ​ឧត្តម​ស្នងការ​រង​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​លោកស្រី​ Kelly Clements​ បាន​ថ្លែង​ថា ​យើង​នៅ​ចុង​ទសវត្សរ៍​មួយ​ដែល​ជាប់​ទាក់​ទិន​នៅ​ក្នុង​បញ្ហា​ជន​ភៀស​ខ្លួន​ជា​ច្រើន​កម្រិត»។ ​​ ​

លោកស្រី​បាន​ថ្លែង​ថា៖ ​«​យើង​ឃើញ​តម្រូវ​ការ​សម្រាប់​ប្រទេស​ជា​ច្រើន ​អង្គការ​ជា​ច្រើន និង​​ផ្នែក​ឯកជន​ (​ដើម្បី​ជួយ​ស្វែងរក​) របៀប​ដែល​សហគមន៍​អន្តរជាតិ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ដើម្បី​ឆ្លើយ​តប»​។

កាល​ពី​ចុង​ឆ្នាំ ​២០១៨ ​មនុស្ស​ជិត ​៧១ ​លាន​នាក់ ​បាន​រស់នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ដោយ​បង្ខំ​ដោយសារ​សង្គ្រាម ​អំពើ​ហិង្សា​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​នោះ​ជិត ២៦ ​លាន​នាក់​ ដែល​បាន​រត់​ភៀស​ខ្លួន​ឆ្លង​ព្រំ​ដែន​​​​​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​។

ចំណែក​ UNHCR​ បាន​រំពឹង​ទុក​ថា ​ចំនួន​នោះ​អាច​កើន​ឡើង​ថែម​ទៀត ​នៅ​ពេល​ដែល​ស្ថិតិ​ឆ្នាំ ​២០១៩ ​ត្រូវ​បាន​គេ​ធ្វើ​ការ​គណនា​នោះ​។

លោកស្រី​ Clements ​បាន​ថ្លែង​ថា៖ «ជា​អកុសល​ ខ្សែ​បន្ទាត់​ទិសដៅ​នោះ​ មិន​មាន​ភាព​វិជ្ជមាន​ទេ​ ដោយ​បាន​​និយាយ​សំដៅ​ទៅ​រក​ភាព​ខ្វះ​ដំណោះ​ស្រាយ​នយោបាយ​ដែល​យើង​ឃើញ​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ​ផល​វិបាក​ និង​ភាព​ស្មុគស្មាញ​នៃ​ជម្លោះ​នា​ពេល​បច្ចុប្បន្ន ​និង​ឧបសគ្គ​នៅ​ក្នុង​ការ​ពិភាក្សា​ពី​បញ្ហា​នយោបាយ។

លោកស្រី​បាន​ទទួល​ស្គាល់​ថា​៖ ​«ទស្សន​វិស័យ​នេះ ​មិន​ច្បាស់​លាស់​ទេ​ដោយ​បាន​ថ្លែង​ថា​នេះ​មាន​ន័យ​ថា​ការ​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ​ និង​ច្បាស់​លាស់​ពី​សហគមន៍​អន្តរ​ជាតិ​ចំពោះ​​ជន​ភៀស​ខ្លួន​ និង​សហគមន៍​នានា​ដែល​ទទួល​យក​ពួក​គេ​ពិត​ជា​សំខាន់​ណាស់​»៕ AFP/PSA​