កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ៣០​ ឧសភា​​ នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី និង​នូវែលសេឡង់ ​មាន​ជំនួប​ដោយ​ផ្ទាល់​ ​ក្រោយ​ពី​មាន​សញ្ញា​គំនិត​ផ្ទុយ​គ្នា​ស្តីពី​វិធី​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​ចិន។

លោក​ Scott Morrison នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​ និង​នាយក​រដ្ឋមន្រ្តី​នូវែលសេឡង់​លោកស្រី ​Jacinda Ardern ​ជួប​គ្នា​នៅ​ឯ​​ Queenstown​​ ប្រទេស​នូវែលសេឡង់ ​​សម្រាប់​កិច្ច​ពិភាក្សា​ដែល​​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ផ្តោត​លើ​វិធីសាស្រ្ត​ផ្សេងៗ​គ្នា​របស់​ប្រទេស​ទាំង ២ ចំពោះ​ប្រទេស​ចិន។ បណ្តា​​ប្រទេស​លោក​ខាង​លិច​រួម​ទាំង​សហរដ្ឋ​អាមេរិក ​បាន​​​បង្កើន​ការ​សម្របសម្រួល​ ដើម្បី​​ដាក់​សម្ពាធ​លើទី​ក្រុង​ប៉េកាំង​ ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សន្តិសុខ។

លោកស្រី​ Ardern បាន​និយាយ​កាល​ពី​ដើម​ឧសភា​នេះ​ថា​ កិច្ច​ប្រជុំ​នេះ​ ​គឺ​ជា​ឱកាស​មួយ​​​សម្រាប់​សម្ព័ន្ធមិត្ត ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​រួម​មាន​ទាំង​ការ​ងើប​ឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូវីដ ១៩​ និង​បញ្ហា​សន្តិសុខ​​ក្នុង​តំបន់​។

ប្រទេស​អូស្ត្រាលី​ និង​នូវែលសេឡង់​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​​ភ្នែក ៥ ​(The Five Eyes) ដែល​ជា​សម្ព័ន្ធភាព​ដែល​គេ​ស្គាល់​ថា ជា​សម្ព័ន្ធ​មិត្ត​ស៊ើបការណ៍​​ជោគជ័យ​បំផុត​របស់​ពិភព​លោក​ ប៉ុន្តែ​ថ្មីៗ​នេះ​ មាន​ការ​ជំទាស់​ផ្នែក​គំនិត​ទាក់ទង​នឹង​ទំនាក់ទំនង​ជាមួយ​ចិន​។

សម្ព័ន្ធ​នេះ ​ជា​ការ​រៀបចំ​ចែករំលែក​ការ​ស៊ើបការណ៍​សម្ងាត់​រវាង​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​និយាយ​ភាសា​អង់គ្លេស​ចំនួន ​៥​ គឺ​សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស ​កាណាដា ​អូស្ត្រាលី​ និង​នូវែលសេឡង់​។

សមាជិក ៤​ នាក់ ក្នុង​ចំណោម​សមាជិក​ទាំង​អស់ ​បាន​ថ្កោល​ទោស​រួម​គ្នា​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ចិន​ចំពោះ​ប្រជាជន​អ៊ុយហ្គ័រ​ នៅ​ក្នុង​ខេត្ត​ស៊ីនជាំង។​ ពួក​គេ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ ​ចំពោះ​ការ​កាន់​កាប់​យោធា​តាម​សមុទ្រ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ការ​បង្ក្រាប​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ និង​ការ​គំរាម​កំហែង​ចំពោះ​កោះ​តៃវ៉ាន់ ​ដែល​ចិន​បាន​ប្តេជ្ញា​ថា ​នឹង​ដក​ហូត​មក​វិញ​នៅ​ឆ្នាំ ​២០៤៩។​ ប៉ុន្តែ​មាន​ប្រទេស​នូវែលសេឡង់ ​មួយ​បាន​ជ្រើសរើស​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​ប្រទេស​ចិន​។

រដ្ឋមន្ត្រី​ការ​បរទេស​នូវែលសេឡង់ ​NanaiaMahuta​ បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ការ​ថ្កោល​ទោស​របស់​លោក​ខាង​លិច​​ចំពោះ​ទីក្រុង​ប៉េកាំង​ ដោយ​និយាយ​ថា៖ «វា​មិន​ស្រួល​ទេ​ក្នុង​ការ​ពង្រីក​តួនាទី​របស់​សម្ព័ន្ធ​មិត្ត​ ដោយ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ ក្នុង​រឿង​នេះ»។

ទោះបី​ជា​នាយក​រដ្ឋមន្រ្តី​នូវែលសេឡង់ ​លោក ​Jacinda Ardern​ធ្លាប់​បាន​ទទួល​ស្គាល់​ថា​ ​ភាព​ខុស​គ្នា​នៃ​គំនិត​របស់​ខ្លួន​ទាក់ទង​នឹង​ប្រទេស​ចិន​ កំពុង​ពិបាក​ផ្សះផ្សា​ក៏​ដោយ ក៏​ប្រទេស​នេះ​នៅ​តែ​ចង់​បន្ត​ទំនាក់ទំនង​ទ្វេភាគី​ផ្ទាល់​ខ្លួន​ជាមួយ​ទីក្រុង​ប៉េកាំង។

នៅ​ខែ​ឧសភា ​ឆ្នាំ ២០២០​ សម្ព័ន្ធ​ភាព​នេះ​ បាន​យល់​ព្រម​ពង្រីក​តួនាទី​របស់​ខ្លួន​ទៅ​ជា​ជំហរ​សាធារណៈ​ថែម​ទៀត ​លើ​ការ​គោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។ ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ​សម្ព័ន្ធភាព​នេះ ​ក៏​បាន​​រិះគន់​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​រឹតត្បិត​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង ​នៅ​ពេល​ដែល​ទីក្រុង​ប៉េកាំង ​បាន​ណែនាំ​ច្បាប់​ថ្មី​ដែល​ធ្វើ​ឱ្យ​បាត់បង់​សមាជិក​សភា​ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​អតីត​អាណានិគម​អង់គ្លេស​។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ចិន បាន​ប្រតិកម្ម​ដោយ​កំហឹង​ដោយ​ចំអក​ដល់​សម្ព័ន្ធមិត្ត​ភ្នែក ៥ ដោយ​និយាយ​ថា៖ «អ្នក​ដែល​ហ៊ាន​ធ្វើ​បាប​ដល់​អធិបតេយ្យភាព​​របស់​ចិន​នឹង​ត្រូវ​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​»។

៦ ខែ​ក្រោយ​មក ​ការ​ចាកចេញ​របស់​ប្រទេស​នូវែលសេឡង់​ ក្នុង​ការ​មិនគាំទ្រ​ការគា​បសង្កត់​ទៅ​លើ​​ប្រទេសចិន ​បាន​ធ្វើ​ឱ្យ​ការ​ពង្រីក​គោលជំហរ​ថ្មី​របស់​សម្ព័ន្ធ​នេះ ​ហាក់​ដូច​ជា​កំពុងស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​កំពុង​មាន​បញ្ហា​។

រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​នៅ​ទីក្រុង​កង់បេរ៉ា​បាន​ធ្វើវិ​សោធកម្ម​វិនិយោគ​ចិន​ដ៏​ធំមួយ​នៅ​រដ្ឋ​វិចតូរៀ ​(Victoria​) ​ដែល​ជា​​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​គោល​នយោបាយ​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ទីក្រុង​ប៉េកាំង។​ទន្ទឹម​នឹង​នេះ​ដែរ​ ប្រទេស​ចិន ​បាន​​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ពាណិជ្ជកម្ម ​ដែល​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ប្រទេស​អូស្ត្រាលី​ ក្នុង​រយៈពេល​ ​១ ឆ្នាំ​កន្លង​មក។

ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ កាន់​តែ​មិន​មាន​ភាព​ប្រសើរ​ឡើង​ការ​នាំចេញ​ស្រា​របស់​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ចិន ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ធ្លាក់ចុះ​ ៩៦ ភាគរយ ​នៅ​ត្រីមាសទី​១ នៃ​ឆ្នាំ​ ២០២០ ​​បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី១ នៃ​ឆ្នាំ​នេះ។ ផ្ទុយ​ទៅ​វិញ ប្រទេស​នូវែលសេឡង់ ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន ​កាន់​តែ​ជិតស្និទ្ធ​៕