ដីកា​ចាប់​ខ្លួន​របស់​ប្រទេស​អាល្លឺម៉ង់ ​លើ​មេធាវី ​២ ​រូប​ ដែល​ជា​សហស្ថាបនិក​ក្រុមហ៊ុន​ច្បាប់​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ាណាម៉ា​ពី​បទ​ក្លែង​បន្លំ​ពន្ធ​អន្តរជាតិ​ កំពុង​តែ​មាន​ការ​រាំងស្ទះ ​ដោយ​សារ​តែ​រដ្ឋាភិបាល​ប៉ាណាម៉ា​ បាន​ហាម​ឃាត់​ការ​ធ្វើ​បត្យាប័ន​លើ​ពលរដ្ឋ​ខ្លួន​។​

មេធាវី​ទាំង ​២ ​រូប​នេះ ​មាន​ឈ្មោះ​ថា ​Juergen ​Mossack ​និង ​Ramon ​Fonseca​។ ​ពួក​គេ​ត្រូវ​បាន​ព្រះរាជអាជ្ញា​នៃ​ទីក្រុង ​Cologne ​ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ​ និង​ការ​បង្កើត​អង្គការ​ឧក្រិដ្ឋកម្ម​ ដែល​ជា​សហគ្រាស​មួយ​រក​ប្រាក់​ចំណេញ​ចេញ​ពី​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ​។ ​ការ​ចោទ​ប្រកាន់​នេះ ​បាន​ចាប់​ផ្តើម​តាំង​ពី​ពួក​គេ ​ជួយ​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​គេច​ពន្ធ​ឱ្យ​ក្រុមហ៊ុន​សំណង់​ប្រេស៊ីល ​Odebrecht ​ក៏​ដូច​ជា​មាន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ឯកសារ​ប៉ាណាម៉ា​ «​Panama ​Papers​»។​

កើត​នៅ​ប្រទេស​អាល្លឺម៉ង់​ ប៉ុន្តែ​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​ប៉ាណាម៉ា ​តាំង​ពី​វ័យ​ក្មេង​ រហូត​ទទួល​បាន​សញ្ជាតិ​ប៉ាណាម៉ា​ លោក​ Mossack ​និង​លោក ​Fonseca ​បាន​ទទួល​ការ​កាត់​ទោស​ឱ្យ​ជាប់​ឃុំ ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នៃ​ប្រទេស​ប៉ាណាម៉ា ​អស់​រយៈពេល ២ ​ខែ​រួច​មក​ហើយ​។​ ពួក​គេ​ទាំង ​២ នាក់ ​ក៏​មិន​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ចេញ​ក្រៅ​ប្រទេស​ផង​ដែរ​។ ​លោក​ Alvin​ Weeden ​មេធាវី​របស់​ប្រទេស​ប៉ាណាម៉ា ​បាន​ឱ្យ​ដឹង​ថា ​ជន​ជាប់​ចោទ​ទាំង ​២ មាន​ការ​ការពារ​ពី​រដ្ឋធម្មនុញ្ញ ​ដូច្នេះ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ពី​ប្រទេស​អាល្លឺម៉ង់​ មក​លើ​ពួក​គេ ​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​។​

ឯកសារ​ប៉ាណាម៉ា​ជា​សំណុំ​ឯកសារ​ជាង​ ១១ ​លាន​ឯក​សារ ​របស់​ការិយាល័យ​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​ប៉ាណាម៉ា​។ ​

ឯកសារ​នេះ​ បាន​បែក​ធ្លាយ​កាល​ពី​ឆ្នាំ ​២០១៦ ​ជា​ហេតុ​ធ្វើ​ឱ្យ​ព័ត៌មាន​ពី​ការ​គេច​ពន្ធ​ របស់​កំពូល​អ្នក​មានៗ​ក្នុង​លោក ​រាប់​តាំង​ពី​មេ​ដឹកនាំ​កំពូលៗ​ កីឡាករ​ និង​សិល្បករ​ល្បីៗ ​ត្រូវ​បាន​លាត​ត្រដាង​។​

លោក ​Mossack ​និង ​Fonseca ​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​ក្រុមហ៊ុន​របស់​ពួក​គេ​ពិត​ជា​បាន​លក់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​គេច​ពន្ធ​របស់​ខ្លួន​ទៅ​ឱ្យ​ធនាគារ​អាល្លឺម៉ង់ ​ហើយ​បន្ត​លក់​ទៅ​ឱ្យ​អតិថិជន​មួយ​ផ្សេង​ទៀត​។​ ​ប៉ុន្តែ​ចំពោះ​ប្រតិបត្តិការ​ផ្សេងៗ​ពួក​គេ​មិន​បាន​ពាក់ព័ន្ធ​ឡើយ​។​ ពួក​គេ​ក៏​នៅ​តែ​បន្ត​សហការ​ជាមួយ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ប្រទេស​ណា​មួយ​ នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គេច​ពន្ធ​។

មេធាវី​របស់​អ្នក​ទាំង ​២​ គឺ​លោក ​Guillermina ​McDonald ​បាន​ឱ្យ​ដឹង​ថា៖ ​«បើ​សិន​ជា​មាន​ករណី​គេច​ពន្ធ​ និង​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ពួក​គេ​ ដោយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​គេច​ពន្ធ​របស់​យើង ​(ប៉ាណា​ម៉ា​)​ នោះ​វា​មិន​មែន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​យើង​ឡើយ​»​។​

គួរ​បញ្ជាក់​ថា ​លោក ​Mossack ​និង ​លោក ​Fonseca ​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ពួក​គេ ​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា​ និង​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក ​តាំង​ពី​ខែ​មីនា​ ឆ្នាំ ​២០១៨​ មក​ម្ល៉េះ​។​ ​ដោយសារ​ពួក​គេ​ទំាង ​២ នាក់ ​សុទ្ធ​តែ​សញ្ជាតិ​ប៉ាណាម៉ា​ ដូច្នេះ​ប៉ាណាម៉ា​នឹង​មិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​របស់​ខ្លួន​ឡើយ​។ ​យ៉ាង​ណា​មិញ​ករណី​នេះ ​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​អ្នក​ទាំង ​២ ​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ​ដើម្បី​ទទួល​ការ​កាត់​ទោស ​ឬ​ក៏​យ៉ាង​ណា​?​ ដោយ​ឡែក​ការិយាល័យ​ប៉ូលិស​អន្តរ​ជាតិ​ប៉ាណាម៉ា​វិញ ​ក៏​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ​ ​ថា​តើ​ខ្លួន​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​អាល្លឺម៉ង់​ហើយ​ឬ​នៅ ​អំពី​ករណី​ចាប់​ខ្លួន​ Mossack ​និង​ Fonseca?​

ពាក់ពន្ធ័​នឹង​បញ្ហា​នេះ​មេធាវី​ Guillermo ​Cochez ​ដែល​ជា​អតីត​ឯកអគ្គ​រដ្ឋទូត​របស់​ប៉ាណាម៉ា​ប្រចាំ​អង្គការ​អាមេរិក​ និង​ជា​អ្នក​រិះគន់​ការ​បង្កើត​សាជីវកម្ម ​យក​ទៅ​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​មេធាវី​ជា​ច្រើន​នៅ​ប៉ាណាម៉ា​ក៏​ដូច​ជា​លោក ​Mossack ​និង ​លោក ​Fonseca ​បាន​ដើរ​លើ​ផ្លូវ​មួយ​ដ៏​គ្រោះ​ថ្នាក់​ ហើយ​ខ្ញុំ​ក៏​មិន​ជឿ​ដែរ​ថា ​ពួក​គេ​លក់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ ​តែ​មិន​មាន​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​»​៕​

អ៊ឹង ម៉េងគង់