អ្នករៀបចំកម្មវិធីព្រឹត្តិការណ៍អូឡាំពិករដូវក្តៅបានបង្ហញសញ្ញាថា កម្មវិធីព្រឹត្តការណ៍អូឡាំពិកនឹងនៅតែប្រព្រឹត្តឡើងនៅថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងតូក្យូ ទោះបីជាស្ថានភាពកូវីដ ១៩ នៅតែបន្តមានក្តី។
ប្រជាជនជប៉ុនភាគច្រើនមានការប្រយ័ត្នប្រយែងចង់ឱ្យកីឡាអូឡាំពិកត្រូវពន្យារពេលម្តងទៀត ឬលុបចោលទាំងស្រុង។ ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅសប្តាហ៍នេះបានចេញសេចក្តីណែនាំស្តីពីការរិតបន្តឹងការធ្វើដំណើរកម្រិត ៤ សម្រាប់ប្រទេសជប៉ុន ដែលជាការចង្អុលបង្ហាញអំពីស្ថានភាពនៃការទប់ស្កាត់ការរីករាលដាលករណីកូវីដ ១៩។
កាលពីថ្ងៃទី ២៥ ឧសភា មានការរិះគន់នៅលើប្រព័ន្វផ្សព្វផ្សាយទាក់ទងនឹងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្រោយពីចេញផ្សាយនូវសៀវភៅណែនាំ។ នៅក្នុងអត្ថបទអ្នកឯកទេសបានស្នើឱ្យសៀវភៅណែនាំដែលបង្កើតដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិពិគ្រោះយោបល់ជាមួយអង្គការសុខភាពពិភពលោក ដោយសារនៅមិនទាន់មានតម្លាភាពមិនមានលក្ខណៈលម្អិតគ្រប់គ្រាន់ និងផ្តោតលើវិទ្យាសាស្ត្រដែលហួសសម័យក្នុងការធានាថា ព្រឹត្តិការណ៍នេះអាចមានសុវត្ថិភាព។
លោក Toshiro Muto នាយកប្រតិបត្តិកីឡាអូឡាំពិកនេះបាននិយាយថា៖ «ដោយសារស្ថានភាពកូវីដ ១៩ បច្ចុប្បន្ននៅមានសភាពមិនទាន់ច្បាស់លាស់នៅឡើយទេ យើងកំពុងសិក្សាពីវាហើយ យើងនឹងធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំនោះដែលផ្អែកលើវិទ្យាសាស្ត្រ»។
លោកបាននិយាយបន្ថែមថា មានព្រឹត្តិការណ៍កីឡាផ្សេងៗគ្នាជាច្រើនទៀត ហើយយើងកំពុងរៀនពីវាហើយវាយតម្លៃលើសៀវភៅណែនាំទម្រង់ទី២ ដោយផ្អែកលើព្រឹត្តិការណ៍ទាំងនោះ។
លោកស្រី Annie Sparrow អ្នកឯកទេសខាងសុខភាពពិភពលោកដែលជាអតីតទីប្រឹក្សារបស់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានជំរុញឱ្យសមាជិកភាពរបស់អង្គការសុខភាពពិភពលោកកោះប្រជុំគណៈកម្មាធិការជាបន្ទាន់មុនព្រឹត្តិការណ៍កីឡាអូឡាំពិកនេះចាប់ផ្តើម។
បន្ថែមពីការជំរុញឱ្យមានការពិភាក្សានេះ លោក Michael Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងបាននិយាយថា៖ «មានបញ្ហាជាច្រើនទាក់ទងនឹងសុវត្ថិភាពរបស់អ្នកចូលរួមមិនទាន់ដោះស្រាយពេញលេញ»។
នៅប្រទេសជប៉ុន ដែលមានចំនួនប្រជាជនតិចតួចប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ក្រុមអ្នកតវ៉ាបានធ្វើការតវ៉ានៅខាងក្រៅពហុកីឡដ្ឋានជាតិក្នុងទីក្រុងតូក្យូ ទាមទារឱ្យមានការពន្យារពេល ឬលុបចោលព្រឹត្តការណ៍នេះ។
ញត្តិតាមអ៊ីនធឺណិតទាមទារលុបចោលការប្រកួតកីឡាឆ្នាំនេះ ប្រមូលបានការគាំទ្រចំនួន ៤០០,០០០ ហើយ កាលពីថ្ងៃទី ២៦ ឧសភា កាសែត Asahi Shimbun ដែលជាដៃគូផ្លូវការរបស់អូឡាំពិកបានប្រកាន់យកជំហរនេះ ក្នុងបទវិចារណកថាមួយ ដោយអំពាវនាវឱ្យនាយករដ្ឋមន្រ្តីជប៉ុនវាយតម្លៃស្ថានភាព និងសម្រេចលើការលុបចោលព្រឹត្តិការណ៍នេះ។
ក្នុងបទវិចារណកថាបានសរសេរថា៖ «យើងស្នើសុំនាយករដ្ឋមន្រ្តីលោក Yoshihide Suga វាយតម្លៃស្ថានភាពបច្ចុប្បន្ន និងសម្រេចលើការលុបចោលព្រឹត្តិការណ៍នៅរដូវក្តៅនេះ។ យើងស្ថិតនៅឆ្ងាយពីស្ថានភាពមួយដែលមនុស្សគ្រប់គ្នាអាចជឿជាក់ថា ពួកគេនឹងមានសុវត្ថិភាព និងសន្តិសុខ»៕