កាលពីថ្ងៃអាទិត្យ គណបក្ស UMNO ដែលជាគណបក្សធំជាងគេក្នុងម៉ាឡេស៊ី និងដៃគូដ៏សំខាន់របស់សម្ព័ន្ធភាពកាន់អំណាចបាននិយាយថា ពួកគេនឹងមិនសហការជាមួយនឹងនាយករដ្ឋមន្ត្រី Muhyiddin Yassin នៅក្នុងការបោះឆ្នោតជាតិខាងមុខ។
ប្រធាន UMNO លោក Ahmad Zahid Hamidi បាននិយាយថា គណបក្សនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជាផ្នែកមួយនៃសម្ព័ន្ធភាព Barisan Nasional ដែលខ្លួនដឹកនាំ ហើយមិនសហការជាមួយគណបក្សដទៃទៀត។
រយៈពេល ១៣ ខែ នៃការកាន់តំណែងរបស់លោក Muhyiddin គឺពោរពេញទៅដោយជម្លោះផ្ទៃក្នុងសម្ព័ន្ធភាពកាន់អំណាច និងការប្រកួតប្រជែងអំណាចជាមួយមេដឹកនាំបក្សប្រឆាំងលោក Anwar Ibrahim ខណៈពេលដែលប្រទេសប្រឈមនឹងការរីករាលដាលជំងឺកូវីដ ១៩។
លោក Muhyiddin ដែលបានឡើងកាន់អំណាចដោយមានសំឡេងភាគច្រើនស្ដើងនៅក្នុងសភាបានប្រកាសភាពអាសន្នទូទាំងប្រទេស កាលពីខែមករា ដើម្បីផ្តោតទៅលើការខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត តែអ្នករិះគន់របស់លោកនិយាយថា លោកធ្វើដូច្នេះដើម្បីកាន់អំណាចបន្ត។
ការបោះឆ្នោតនឹងធ្វើឡើងនៅឆ្នាំ ២០២៣ ប៉ុន្តែស្ថិតក្រោមសម្ពាធពី UMNO លោក Muhyiddin បាននិយាយកាលពីដើមឆ្នាំនេះថា លោកនឹងរៀបចំការបោះឆ្នោតនៅពេលដែលមានសុវត្ថិភាពពីការឆ្លងជំងឺ៕