ក្រុង​បាងកក៖ ​យោង​តាម​សមាជិក​សំខាន់​ម្នាក់​របស់​គណបក្ស​ភឿ​ថៃ​បាន​ឲ្យ​ដឹង​ថា ​ការ​ដោះស្រាយ​វិបត្តិ​​បំពុល​ខ្យល់​អាកាស​របស់​រដ្ឋាភិបាល​ និង​ការ​គំរាម​កំហែង​ពី​មេរោគ​ផ្លូវ​ដង្ហើម​កូរ៉ូណា​ អាច​នឹង​ត្រូវ​បាន​លើក​ឡើង​ដោយ​​បក្ស​ប្រឆាំង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​​អំពី​ភាព​គ្មាន​ទំនុក​ចិត្ត​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នោះ​។

​​​

លោក ​ស៊ុទីន ​ក្លុងសាង ​ជា​សមាជិក​សំខាន់​របស់​បក្ស​ប្រឆាំង​នេះ ​បាន​ថ្លែង​ថា ​គណបក្ស​នេះ​កំពុង​​ប្រមូល​ព័ត៌មាន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​ទាំង ​២ ​នេះ ​និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​។​

យោង​តាម​លោក ​ស៊ុទីន​ បាន​ឲ្យ​ដឹង​ថា ​ចំនួន​រដ្ឋមន្ត្រី​នៃ​គណៈ​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​សាកសួរ​នោះ​ មិន​ទាន់​ត្រូវ​​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​។

លោក​បាន​និយាយ​ថា៖ ​«​៥ ​រូប ​គឺ​ជាក់លាក់​ និង​អាច​មាន​ប្រហែល ​៤ ​រូប​ថែម​ទៀត​»។

ដោយ​​ត្រូវ​បាន​គេ​សួរ​អំពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​សាធារណៈ​ដែល​បង្ហាញ​ថា ​ប្រជាជន​ចង់​ជជែក​ដេញ​ដោល​រិះគន់​គណៈ​រដ្ឋមន្ត្រី​ទាំង​មូល​នោះ ​លោក ​ស៊ុទីន​ បាន​ថ្លែង​ថា ​ការ​យក​នាយក​រដ្ឋមន្ត្រី​ជា​គោលដៅ​នឹង​ពាក់ព័ន្ធ​គណៈ​រដ្ឋមន្ត្រី​ដែរ​។ ដោយ​ថ្លែង​ក្រោយ​ពី​ជំនួប​រួម​របស់​ក្រុម​បក្ស​ប្រឆាំង​ បក្ស​ភឿ​ថៃ​ និង​មេ​ដឹកនាំ​ប្រឆាំង​លោក ​សោមពង់ ​អាមនវីវ៉ាត់ ​បាន​ថ្លែង​ថា​ញត្តិ​ទំនង​ជា​ត្រូវ​ដាក់​ជូន​ប្រធាន​សភា​នៅ​ថ្ងៃ​ពុធ​នេះ​។

លោក​​បាន​បញ្ជាក់​ថា ​ការ​ជជែក​ដេញ​ដោល​នៅ​​ពេល​ខាង​មុខ​នេះ ​​មិន​មែន​ជា​ដំណាក់​កាល​សម្រាប់​សមាជិក​សភា​ថ្មី​អនុវត្ត​ជំនាញ​ថ្លែង​សុន្ទរកថា​របស់​ពួក​គេ​ទេ​៕ BKP/PSA