កាលពី​ថ្ងៃអាទិត្យ ទី ១៨ មេសា រូបិយប័ណ្ណ​ឌីជីថល Bitcoin បាន​ធ្លាក់​តម្លៃ ដល់​ទៅ ១៥ ភាគរយ ក្រោយពី​មាន​ការកើនឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

កាលពី​ថ្ងៃទី ១៨ មេសា នៅតាម​បណ្តាញ​អ៊ីនធឺណិត​មាន​ការរាយការណ៍​ថា ការធ្លាក់ចុះ​នេះ គឺ​ទាក់ទង​នឹង​ការព្រួយបារម្ភ ដែល​ថា​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​អាច​នឹង​បង្ក្រាប​ការលាង​លុយកខ្វក់ ដែល​ធ្វើឡើង​តាមរយៈ​ទ្រព្យសម្បត្តិ​ឌីជីថល។ ប៉ុន្តែ​ក្រសួង​រតនាគារ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

ក្រៅពី​របាយការណ៍​ដែលថា ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក មាន​ការបង្ក្រាប​ការលាង​លុយកខ្វក់ តាមរយៈ​ទ្រព្យសម្បត្តិ​ឌីជីថល Bitcoin សហស្ថាបនិក Nexo ដែល​ជា​ក្រុមហ៊ុន​ផ្តល់​កម្ចី​រូបិយប័ណ្ណ​ឌីជីថល Bitcoin លោក Antoni Trenchev បាន​និយាយថា​នៅ​មាន​កត្តា​ផ្សេងទៀត ដែល​បណ្តាល​ឱ្យ​មាន​ការធ្លាក់ចុះ​នេះ​ផងដែរ។ លោក Trenchev បាន​និយាយ​បន្តថា ការធ្លាក់ចុះ​នេះ អាច​រួមបញ្ចូល​ការប្រើ​រូបិយប័ណ្ណ​នេះ​លើស​ហួសប្រមាណ អ្នក​ដែល​នៅក្នុង Coinbase លក់​ភាគហ៊ុន បន្ទាប់ពី​ចុះបញ្ជី​ផ្ទាល់ និង​ការដាច់​ចរន្តអគ្គិសនី​នៅក្នុង​ខេត្ត Xinjiang របស់​ប្រទេស​ចិន​ដែល​ប៉ះពាល់​ដល់​អ្នកទិញ​រូបិយប័ណ្ណ​ឌីជីថល​នេះ៕