តុលាការ​កំពូល​ប្រេស៊ីល កាល​ពី​​ថ្ងៃ​អង្គារ បាន​សម្រេច​ថា​អតីត​ប្រធានាធិបតី​លោក Luiz Inacio Lula da Silva គឺ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ចៅក្រម​មិន​អព្យាក្រឹត​ក្នុង​សំណុំ​រឿង​ពុក​រលួយ ដែល​ការ​សម្រេច​នេះ​បាន​ពង្រឹង​ឱកាស​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Jair Bolsonaro នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ។

អង្គ​ចៅក្រម​តុលាការ​កំពូល​បាន​រក​ឃើញ​ថា ចៅក្រម Sergio Moro បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​លម្អៀង​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​ស៊ើបអង្កេត​អំពើ​ពុករលួយ។ តុលាការ​បាន​សម្រេច​ថា ​ភ័ស្តុតាង​បាន​មក​ពី​ការ​ស៊ើបអង្កេត ដែល​អាច​ត្រូវ​បាន​ប្រើ​ប្រឆាំងនឹង Lula da Silva គឺ​ត្រូវ​ចាត់​ទុកជា​មោឃៈ។

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ក៏​អាច​ជា​គំរូ​សម្រាប់​អ្នក​នយោបាយ និង​មេ​ដឹកនាំ​ជំនួញ​ផ្សេង​ទៀត ដែល​ជាប់​ពន្ធនាគារ ដើម្បី​លុប​ចោល​ភ័ស្តុតាង​ប្រឆាំង​នឹង​ពួក​គេ​ដែល​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ពុក​រលួយ​រយៈពេល ៧ ឆ្នាំ​នេះ។