កាល​ពី​ថ្ងៃ​អង្គារ​ទី ៩​ កុម្ភៈ ​តុលាការ​កំពូល​របស់​ហុងកុង​បាន​បដិសេធ​ការ​ឃុំលោក​ Jimmy Lai​ ក្រៅឃុំ​ដែល​លោក​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​សន្តិសុខជាតិ​របស់ទី​ក្រុង​ហុងកុង។

លោក Lai ​ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំង​ពីថ្ងៃ​ទី ៣ ខែ​ធ្នូ កន្លង​ទៅ ហើយគាត់ត្រូវ​បាន​ដោះលែង​ឱ្យនៅ​ក្រៅឃុំ​ប្រហែល​មួយ​សប្តាហ៍​កាលពី​ចុងឆ្នាំ​ ២០២០។​ ថ្ងៃទី ២៣ ​ខែធ្នូ ​លោក Lai​ ត្រូវបាន​តុលាការ​អនុញ្ញាត​ឱ្យនៅ​ក្រៅឃុំ​ដោយការ​ធនា​ចេញពី​គុក​ប៉ុន្តែត្រូវ​បានឃាត់​ខ្លួនម្តង​ទៀត​នៅថ្ងៃ​ទី ៣១​ ខែធ្នូ​ សម្រាប់​សវនាការ​មួយ​ផ្សេងទៀត​ បន្ទាប់ពី​មាន​បណ្តឹងពី​រដ្ឋាភិបាល។

ដោយ​នៅ​មាត្រា ៤២​ នៃ​ច្បាប់​សន្តិសុខ​ជាតិ​បា​នចែងថា៖ «មិនមាអនុញ្ញាតិ​ឲ្យ​មាន​ការ​ធានា​ចេញ​ពី​គុក​ចំពោះ​មុខ​ជន​សង្ស័យ​ ឬ​ជនជាប់​ចោទ​ព្រហ្មទណ្ឌ​ទេ​លើកលែង​តែ​ចៅក្រម​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុងការ​ជឿថា​ ជន​សង្ស័យ​ឬ​ជន​ជាប់ចោទ​ព្រហ្មទណ្ឌ​នឹង​មិនបន្ត​ធ្វើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិ​សុខជាតិ​»។

គួរ​បញ្ជាក់​ផងដែរ​ថា ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ បាន​ដាក់ចេញ​នូវច្បាប់​សន្តិសុខ​ជាតិ​នៅ​ក្រុងហុងកុង​កាលពី​ខែ​មិថុនា ​ឆ្នាំ​ ២០២០ បន្ទាប់​ពី​មាន​ការតវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិប​តេយ្យ​កាល​ពី​ឆ្នាំ ​២០១៩៕